បច្ចុប្បន្នភាព៖ វង្ស ថាណាន់ វះកាត់ដាក់ដែកអបឆ្អឹងភ្លៅរួចហើយ ប៉ុន្ដែនៅឈឺចាប់មុខរបួសខ្លាំងណាស់!

  • 2023-05-23 04:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ របួសបាក់ឆ្អឹងភ្លៅរបស់តារាចម្រៀងប្រុសប្រចាំនៅផលិតកម្មហ្គាឡាក់ស៊ី វង្ស ថាណាន់ បានវះកាត់ដាក់អបដែករួចហើយ ប៉ុន្ដែនៅឈឺចាប់មុខរបួសខ្លាំង។ នេះបើតាមសាមីខ្លួនបញ្ជាក់តាមរយៈ Sabay នៅមុននេះបន្ដិច។

លោក វង្ស ថាណាន់ កំពុងសម្រាក ព្យាបាលរបួសឆ្អឹងភ្លៅខាងឆ្វេង និងមុខរបួសលើដងខ្លួនមួយចំនួនទៀតនៅមន្ទីរពេទ្យកាលម៉ែត ក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២១ ខែឧសភា ពេលលោកបើកឡានចេញពីច្រៀងក្នុងកម្មវិធីប្រគំន្ដ្រីមួយនៅម្ដុំព្រែកព្នៅ រាជធានីភ្នំពេញ។

វង្ស ថាណាន់៖ “ឥឡូវបានវះដាក់ដែករួចហើយបង តែយើងនៅមានរបួសកន្លែងផ្សេងទៀត ហើយមុតជ្រៅៗ! ឈឺពេក…ពេលមេៗ និងបងប្អូនមកសួរសុខទុក្ខច្រើន តែអត់អាចងើបអង្គុយនិយាយបានច្រើន ព្រោះវាដឈឺចាប់ដល់ចង្កេះ”។

ក្រោយពីជួបគ្រោះថ្នាក់ភ្លាម វង្ស ថាណាន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រោយចូលដល់មន្ទីរពេទ្យ មានសាច់ញាតិ ថ្នាក់ដឹកនាំផលិតកម្មហ្គាឡាក់ស៊ី និងមិត្ដសិល្បៈជាបន្ដបន្ទាប់ បានចូលទៅសួរសុខទុក និងផ្ដល់ជំនួយខ្លះទៀតផង។

បើតាមតារាចម្រៀងរូបនេះ លោកសម្រេចបញ្ចប់រឿងជាមួយភាគីម្ខាងទៀត ដោយសុខចិត្ដមិនប្ដឹងផ្ដល់គ្នា ហើយឡានខូច និងមនុស្សរបួស ត្រូវទទួលខុសត្រូវជួសជុល និងព្យាបាលរៀងៗខ្លួន។ ការបញ្ចប់រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដ៏លឿនបែបនេះ ក៏ព្រោះតែលោកខ្ជិលមានបញ្ហាវែងឆ្ងាយ ហើយលោកសុខចិត្ដព្យាបាលជំងឺដោយខ្លួនឯង ខណៈដែលរបួសជើងលោកក៏ធ្ងន់ ហើយឡានToyota Pruise របស់លោកក៏ខ្ទេចផ្នែកខាងមុខយ៉ាងខ្លាំង៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី