Zlatan សម្រេច​បញ្ចប់​អាជីព​បាល់ទាត់ ក្រោយ​ប្រឡូក​ក្នុង​ពិភព​គុន​អស់​ក្បែរ ២៥ឆ្នាំ

  • 2023-06-05 11:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ Zlatan Ibrahimovic កាល​ពី​ថ្ងៃ​អាទិត្យ​ សម្រេច​បញ្ចប់​អាជីព​បាល់ទាត់​ក្នុង​អាយុ ៤១ឆ្នាំ ក្រោយ​ពី​ប្រឡូក​ក្នុង​ពិភព​នេះ​តាំង​ពី​ឆ្នាំ១៩៩៩។

កីឡាករ​រូប​នេះ​ចំណាយ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ក្នុង​ការ​ព្យាបាល​របួស ដោយ​មិន​សូវ​បាន​ចូល​លេង​ឱ្យ​ក្លឹប​ AC Milan ញឹកញាប់​នោះ​ទេ។

បុរស​ឧស្សាហ៍​លេង​សម្ដី​ដាក់​អ្នក​កាសែត​រូប​នេះ បាន​ធ្វើ​ការ​អ្នក​គាំទ្រ​ AC Milan ក៏​ដូច​ជា​ក្រុម​ការងារ និង​កីឡាករ​ទាំង​អស់ ដែល​បាន​គាំទ្រ​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ។

សូម​ជម្រាប​ផង​ដែរ​ថា Zlatan ចាប់​ផ្ដើម​អាជីព​ឈុត​ធំ​នៅ​ឆ្នាំ​១៩៩៩ ជាមួយ​នឹង​ក្លឹប Malmo នៅ​ស៊ុយអែត ក្រោយ​មក​កីឡាករ​រូប​នេះ​មក​លេង​នៅ​ហុល្លង់​ជាមួយ Ajax បន្ត​មក​ទៀត​មក​អ៊ីតាលី​ជាមួយ Juventus។ ក្រោយ​មក​ក៏​ផ្លាស់​មក​ Inter Milan រួច​ហើយ​ Barcelona បន្ត​មក​ក៏​មក​ AC Milan វិញ។

លុះ​នៅ​ឆ្នាំ២០១២ ខ្សែ​ប្រយុទ្ធ​កម្ពស់ ១ម៉ែត្រ ៩៥ មួយ​នេះ​បាន​មក​លេង​នៅ​ប៉ារីស​ជាមួយ Paris Saint-Germain ដែល​ជា​ក្លឹប​ Zlatan រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ក្នុង​អាជីព​របស់​ខ្លួន (រក​បាន ១៥៦គ្រាប់​ក្នុង​ ១៨០ប្រកួត)។

ចប់​ពី PSG កីឡាករ​រូប​នេះ​ក៏​ផ្លាស់​មក Manchester United ក្រោយ​មក​ក៏​ទៅ​នៅ​អាមេរិក​ ហើយ​ចុង​ក្រោយ​ក៏​ត្រលប់​មក AC Milan នៅ​អ៊ីតាលី​វិញ៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម