ឃើញ​ចំនួនលក់ iPad ធ្លាក់ចុះ Apple មិន​ព្រងើយកន្តើយទេ គឺ​នឹងត្រៀម​បញ្ចេញ iPad កែរូបរាងថ្មី​តែម្តង

  • 2023-12-07 02:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្វីត្បិតតែ Apple កំពុងតែ​រីករាយ​ជាមួយ​នឹងការលក់​ iPhone 15 ដែលបាន​ចូលរួមចំណែក​ពាក់កណ្តាល​នៃចំណូលរបស់ខ្លួនក្តី ប៉ុន្តែ​សម្រាប់​ផលិតផលធំៗផ្សេងទៀត​របស់ក្រុមហ៊ុននេះ ដូចជា iPad, កុំព្យូទ័រ និង នាឡិកា iWatch សុទ្ធតែ​ធ្លាក់ចុះចំនួន​លក់។

ដើម្បីដោះស្រាយ​បញ្ហា​នៃការធ្លាក់ចុះនេះ ក្រុមហ៊ុន​ Apple នឹង​បញ្ចេញ​ iPad និង MacBook Air ស៊េរីថ្មី នៅដើមឆ្នាំ​២០២៤ខាងមុខនេះ។

តាម​ការចុះផ្សាយ​របស់ Bloomberg បាន​ឱ្យដឹងថា Apple ​នឹងមានការផ្លាស់ប្តូរ​ជាទ្រង់ទ្រាយធំបំផុត​នូវឧបករណ៍​ iPad របស់ខ្លួន២ម៉ូឌែល ដែលមាន​អេក្រង់​ ១២,៩អ៊ីញ និង ១០,៩អ៊ីញ ប្រភេទ OLED។ ជាមួយ​គ្នានេះ ក្រុមហ៊ុនក៏នឹង​បញ្ចេញ​ Apple Pencil ជំនាន់ទី៣ និង Magic Keyboards សម្រាប់​ iPad ថ្មីនោះផងដែរ។

សារព័ត៌មាន​ដដែលនេះ បាន​អះអាងថា iPad ដែលនឹង​មកដល់ឆ្នាំ​២០២៤​ខាងមុខនេះ នឹងកែរូបរាងថ្មីជាលើកដំបូង គិតចាប់ពីឆ្នាំ​២០១៨មក។

ដោយឡែកកុំព្យូទ័រ MacBook Air ថ្មីនោះវិញ នឹង​បំពាក់ឈីបជំនាន់ក្រោយរបស់ខ្លួន M3 បន្ទាប់ពី​បាន​ប្រកាស​ចេញ MacBook Pro (១៤អ៊ីញ និង ១៦អ៊ីញ) និង iMac (២៤អ៊ីញ) កាលពីចុងខែតុលាកន្លងទៅ។ គួរដឹងថា ពេលនោះ Apple បាន​បង្ហាញ​ចេញ​ឈីបថ្មី​ដ៏ខ្លាំងបំផុតចំនួន៣ គឺ M3, M3 Pro និង M3 Max។ ឈីបថ្មីនេះ គឺ​ជាបច្ចេកវិទ្យា 3-nanometer ដែល​វា​មានទំហំ​តូចជាង​មុន ប៉ុន្តែមាន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ខ្ពស់។ លើសពីនេះ វា​ក៏ជួយ​ដល់ការសន្សំសំចៃ​ថ្មដល់ ៣៥% ឯណោះ ពោលគឺ​ជារួម​ អ្នកប្រើប្រាស់​អាចធ្វើការងារ​ច្រើន​ក្នុងពេលតែមួយ និង​លឿន តែប្រើ​ថាមពល​អស់តិច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី