Conte ត្រលប់ដឹកនាំក្លឹបធំនៅអ៊ីតាលី
- 2024-06-06 01:10:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte ត្រលប់ដឹកនាំក្លឹបធំនៅអ៊ីតាលី
ចន្លោះមិនឃើញ
លោក Antonio Conte បានក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹបយក្សអ៊ីតាលី Napoli។
លោកបានចុះកុងត្រារយៈពេល ៣ ឆ្នាំជាមួយក្លឹប និងមានសុពលភាពរហូតដល់ឆ្នាំ ២០២៧។ ថ្លែងក្រោយពេលចុះកុងត្រានោះ លោក Conte សប្បាយចិត្តដែលទទួលបានឱកាសមកដឹកនាំក្លឹប Napoli ហើយនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការជួយក្លឹបឲ្យកាន់តែរីកចម្រើនទៅមុខ។
Napoli គឺជាក្លឹបដ៏ធំមួយមានសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងលីគកំពូលអ៊ីតាលី។ កាលពីរដូវកាល ២០២២/២០២៣ ក្លឹបបានឈ្នះពាន Serie A ជាលើកដំបូងក្នុងរយៈពេល ៣៣ ឆ្នាំ។ ទោះជាយ៉ាងណា ដោយការផ្លាស់ប្តូរអ្នកចាត់ការជាច្រើនលើកច្រើនសា ក៏ដូចជាការធ្លាក់ទម្រង់របស់ក្រុម ក្លឹបបានទទួលចំណាត់ថ្នាក់ត្រឹមលេខ ១០ ក្នុងរដូវកាល ២០២៣/២០២៤ កន្លងទៅ។ Conte មានការងារដ៏លំបាកមួយក្នុងការស្ដារទម្រង់លេងរបស់ក្លឹបធំមួយនេះ។
លោក Conte បានទំនេរពីការងារប្រមាណ ១ ឆ្នាំហើយ ក្រោយត្រូវបានបញ្ចប់ការងារពីក្លឹបអង់គ្លេស Tottenham Hotspur នៅខែមីនា ឆ្នាំ ២០២៣។ លោកដឹកនាំ Spurs ពីឆ្នាំ ២០២១ ដល់ ២០២៣។ នៅអង់គ្លេស មុនមកដឹក Spurs លោកធ្លាប់ជាអ្នកចាត់ការក្លឹបតោខៀវ Chelsea ពីឆ្នាំ ២០១៦ ដល់ ២០១៨ ហើយជួយក្លឹបឲ្យឈ្នះពាន Premier League និង FA Cup។
ថ្វីបើលោកមិនសូវមានភាពជោគជ័យនៅ Spurs តែបើនិយាយពីបទពិសោធន៍ និងការជោគជ័យជាទូទៅរបស់លោកនៅលីគអ៊ីតាលី គឺពិតជាមិនអាចមើលរំលងបាន។ លោកធ្លាប់ដឹកនាំ Juventus ពីឆ្នាំ ២០១១ ដល់ ២០១៤ ហើយក្លឹប Inter Milan ពីឆ្នាំ ២០១៩ ដល់ ២០២១។ ក្នុងអំឡុងនោះ ក្លឹបទាំងពីរសុទ្ធតែមានភាពប្រកួតប្រជែងខ្ពស់ ហើយបានឈ្នះពានក្នុងស្រុកជាច្រើន ព្រមបង្កព្យុះភ្លៀងក្នុងកម្មវិធី Champions League និង Europa League។
ក្រៅពីបទពិសោធន៍ដឹកនាំក្លឹប លោក Conte ក៏ធ្លាប់ដឹកនាំក្រុមបាល់ទាត់ជំរើសជាតិដែរ។ អំឡុងឆ្នាំ ២០១៤ ដល់ ២០១៦ លោកគឺជាគ្រូបង្គោលក្រុមជម្រើសជាតិអ៊ីតាលី។ ក្រោមការដឹកនាំរបស់លោក អ៊ីតាលីបានឡើងទម្រង់លេង ជាពិសេសក្នុងពេលលេងកម្មវិធី Euro ២០១៦។ យ៉ាងនេះក្ដី អ៊ីតាលីបានចាញ់អាល្លឺម៉ង់ក្នុងវគ្គ ៨ ក្រុមចុងក្រោយ។ ក្រោយពីប្រកួតនេះ Conte បានលាឈប់ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី ដើម្បីមកដឹកនាំបាល់ទាត់ក្លឹបវិញ៕