ចៃដន្យពេកទេដឹង! មុនថ្ងៃប្រគំតន្ត្រីមកដល់ តារាល្បីៗសុទ្ធតែជួបបញ្ហាមួយនេះដូចគ្នា
- 2024-09-19 04:53:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៃដន្យពេកទេដឹង! មុនថ្ងៃប្រគំតន្ត្រីមកដល់ តារាល្បីៗសុទ្ធតែជួបបញ្ហាមួយនេះដូចគ្នា
ចន្លោះមិនឃើញ
ការប្រគំតន្ត្រីទោលរបស់ តារាចម្រៀងដ៏មានប្រជាប្រិយភាព ឱក សុគន្ធកញ្ញា បានអង្រួនបេះដូងអ្នកគាំទ្រ ពិសេសអ្នកដែលបានចូលរួមទាំងអស់យ៉ាងខ្លាំង ក្រោយបង្ហាញនូវទស្សនីយភាព និងការស្រែកច្រៀងដ៏មានថាមពលលើឆាកជិត ៤០បទ។
ការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនូវការបង្ហើរសំនៀងជាបទល្បីៗរបស់ អ្នកនាង ឱក សុគន្ធកញ្ញា និងបន្លឺជាមួយបទភ្លេងប្រគំផ្ទាល់ ជាពេលដែលអ្នកនាងបានភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអ្នកគាំទ្រទាំងអស់ដែលចូលរួមផ្ទាល់ រហូតបង្កើតជាពេលវេលាដែលគ្រប់គ្នារំភើបគ្មានថ្ងៃភ្លេចបានឡើយ។
ជាក់ស្ដែងការបញ្ចប់ការប្រគំតន្ត្រីទោល ឬ Solo Concert ដោយរលូនពេញដោយក្ដីស្រឡាញ់ ក៏ចាត់ទុកថាជាជំហានជោគជ័យមួយទៀតសម្រាប់អាជីពសិល្បៈរបស់តារាម្នាក់ៗដែរ។ ប៉ុន្តែទម្រាំឈានដល់ពេលវេលាមួយនេះ ច្បាស់ណាស់ប្រាកដជាមានបញ្ហាចេញពីការរអាក់រអួលផ្នែកណាមួយចេញពីដំណើរការរៀបចំដែរ ឧទាហរណ៍ជាក់ស្ដែងដូចជា ការលក់សំបុត្រជាដើម។
បញ្ហានេះ ពុំមែនកើតមានតែចំពោះការប្រគំតន្ត្រីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ប៉ុណ្ណោះទេ ពោលសូម្បីការប្រគំតន្ត្រីរបស់តារាចម្រៀងលំដាប់ពិភពលោក ដូចជា Taylor Swift, Beyoncé ឬសូម្បី BTS ក៏ជួបករណីនេះដូចគ្នាដែរ។
១. ការប្រគំតន្ត្រី “The Eras Tour” របស់ Taylor Swift កាលពីឆ្នាំ ២០២២
ចំនួនអ្នកប្រើប្រាស់ ១៤លាននាក់ សម្រុកទិញសំបុត្រលើ Ticketmaster ដែលជាចំនួនច្រើនមិនគួរឲ្យជឿ។ ជាក់ស្ដែងសំបុត្រចំនួន ២លាន ត្រូវបានលក់ដាច់អស់អំឡុងពេល Pre-Sale ដែលបានក្លាយជាកំណត់ត្រាអស្ចារ្យប្រចាំប្រវត្តិសាស្ត្រតារាដែលលក់សំបុត្រដាច់អស់ត្រឹម ១ ថ្ងៃ។ Ticketmaster ត្រូវចេញការសុំទោសជាសាធារណៈ ចំពោះបញ្ហាដែលកើតមាននេះ ក្រោយធ្វើឲ្យអ្នកគាំទ្រជាច្រើនរង់ចាំរាប់ម៉ោង ហើយភាគច្រើនត្រូវខកចិត្តដោយសារមិនបានទាំងសំបុត្រ និងខាតទាំងពេល។
២. ការប្រគំតន្ត្រី “Renaissance World Tour” របស់ Beyoncé កាលពីឆ្នាំ ២០២៣
Ticketmaster បានរាយការណ៍ពីចំនួនអ្នកគាំទ្រ ដែលព្យាយាមចូលទិញសំបុត្រមុន សម្រាប់ការប្រគំតន្ត្រីរបស់ Beyoncé។ ខណៈពេលដែលតួលេខ ពិតប្រាកដមិនត្រូវបានចែករំលែក ការប៉ាន់ប្រមាណជាច្រើនលើកឡើងថា ដោយសារការសម្រុកចូលទិញពីអ្នកទិញសំបុត្រក្នុងចំនួនច្រើនលាននាក់ក្នុងពេលដំណាលគ្នា ទើបបណ្ដាលឲ្យប្រព័ន្ធមានការរអាក់រអួល ឬគាំង។
៣. ការប្រគំតន្ត្រី “Permission to Dance on Stage” របស់ BTS កាលពីឆ្នាំ ២០២១
ចំនួន User លើសពី ៤ លាននាក់ បាន Log ចូល Platform ទិញសំបុត្រចូលមើលការប្រគំតន្ត្រីរបស់ BTS នៅ Los Angeles។ សំបុត្រចំនួន ៧ម៉ឺនសន្លឹក ត្រូវបានលក់អស់ ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាក៏កើតមានដែរទម្រាំឈានដល់លក់ដាច់អស់ ដោយសារប្រព័ន្ធនេះត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនម៉ោង ដោយអ្នកគាំទ្រជាច្រើនបានរាយការណ៍ថា ពួកគេមិនអាចទទួលបានសំបុត្រ ទាំងខំរង់ចាំជាច្រើនម៉ោង។ Ticketmaster បានចំណាយពេលជិត ២៤ ម៉ោង ដើម្បីស្ដារ និងដោះស្រាយដំណើរការការលក់ឲ្យប្រសើរវិញ ប្រកបដោយប្រសិទ្ធភាព។
៤. ការប្រគំតន្ត្រី “The Q Queen Solo Concert” របស់ ឱក សុគន្ធកញ្ញា
តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ បានជ្រើសយកថ្ងៃខួបកំណើត ដើម្បីប្រារព្ធនូវព្រឹត្តិការណ៍ប្រគំតន្ត្រីនេះឡើង។
ការដាក់លក់សំបុត្រលើប្រព័ន្ធអនឡាញ គឺជាជម្រើសដែលគិតគូរបំផុតដល់អ្នកដែលចង់ចូលរួម ព្រោះគ្រប់គ្នានឹងអាចចុចទិញដោយងាយស្រួលបានគ្រប់ទីកន្លែង ដោយពុំចាំបាច់មកទិញផ្ទាល់។ ដូច្នេះការប្រកាសលក់ ត្រូវបានធ្វើឡើងតាមរយៈ BookMe+។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ចំនួនអ្នកចូលទិញ ពិតជាមានច្រើនលើសការរំពឹងទុក រហូតដល់ រាប់សិបម៉ឺននាក់ ដែលជាហេតុធ្វើឲ្យ Platform គាំង បណ្ដាលឲ្យអ្នកចូលទិញមួយចំនួនធំ បរាជ័យ។
ក្រោយមានបញ្ហានេះអេប BookMe+ និងក្រុមហ៊ុនហង្សមាស ក៏បានស្វែងរកដំណោះស្រាយភ្លាមៗជូនអ្នកទាំងនោះ ដើម្បីធានាបានថាអ្នកចូលរួមកម្មវិធីទាំងជិត៤ពាន់នាក់មានសំបុត្រ និងចូលទស្សនាការប្រគំតន្ត្រីដោយរលូន។ ជាលទ្ធផលនៅថ្ងៃប្រគំតន្ត្រីផ្ទាល់ក្រុមការងារអេប BookMe+ បានធ្វើការឆែកសំបុត្រយ៉ាងជោគជ័យដោយរលូន ដែលបានធ្វើឲ្យអ្នកចូលរួមទស្សនាជិត៤ពាន់នាក់ សប្បាយរីករាយនឹងកម្មវិធីការប្រគំតន្រ្តីដែលមានការគាំទ្រដ៏មហិមាមួយនេះរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ។ យ៉ាងណាក្តី ក្រុមហ៊ុនក៏បានចេញលិខិតសុំទោសជាសាធារណៈនូវដំណើរការរអាក់រអួលមួយនេះផងដែរ។
ករណីទាំងនេះកើតឡើងដោយសារហេតុផលចំនួនអ្នកចូលទិញច្រើនលើសលប់ក្នុងពេលដំណាលគ្នា ប៉ុន្តែវាបានធ្វើឲ្យក្រុមហ៊ុនដែលជា Platform លក់សំបុត្រទំនើបកម្មឌីជីថលទទួលបានបទពិសោធបន្ថែម និងព្យាយាមស្ដារឡើងវិញឲ្យបានពេញលេញ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ ចៀសវាងមានបញ្ហាបែបនេះទៀតនាថ្ងៃខាងមុខ៕