គូ​ស្រករ​​ជា​អ្នក​​ធ្វើ​ការ​ និង ​​ជា​អ្នក​រក​ស៊ី​គួរ​ជ្រើស​រើស​យក​មួយ​ណា​ទៅណ៎ះ !

  • 2014-09-30 16:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​​មួយ​ចំនួន​ តែង​តែ​​ស្ទាក់​ស្ទើរ​​ពី​បញ្ហា​ជ្រើស​រើស​គូ​ស្រករ​ទៅ​ថ្ងៃ​អនាគត។ អ្នក​ខ្លះ​និយាយ​គ្នា​លេង​ថា បើ​យក​គ្រួសារ​​គួរ​តែ​សម្លឹង​មើល​អ្នក​រក​ស៊ី​ទៅ​ល្អ​ជាង ​ឆាប់​មាន​លុយ​ តែ​បើ​យក​អ្នក​ធ្វើ​ការងារ​មិន​​ដឹង​ពេល​ណា​សន្សំ​លុយ​បាន​ទេ បើ​ធ្វើ​ការ​រង់ចាំ​តែ​ថ្ងៃ​បើក​ប្រាក់​ខែ ​ពេល​ចុង​ខែ​អញ្ចឹង​នោះ។

 

តើ​យុវវ័យ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ក្ដី​ប្រាថ្នា​ចង់​បាន​គូ​ស្រករ​ជា​អ្នក​រក​ស៊ី​ ជាង​អ្នក​ធ្វើ​ការ​ងារ​មែន​ឬ​យ៉ាង​ណា?​

 

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ ​កញ្ញា ជា រ៉ានី អាយុ​២២ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប បាន​បញ្ចេញ​ទស្សនៈ​​ថា "ខ្ញុំ​ច្បាស់​ជា​ជ្រើស​រើស​យក​​គ្រួសារ​ជា​អ្នក​រក​ស៊ី​ហើយ ទើប​ឆាប់​មាន"។ រ៉ានី​ ថ្លែង​ចំៗ​​ទៀត​ថា បើ​រៀប​ការ​ជាមួយ​អ្នក​ធ្វើ​ការងារ​ឲ្យ​គេ យក​តែ​ប្រាក់​ខែ​ហ្នឹង​​ ខ្ញុំ​ថា​ប្រហែល​ជា​នៅ​តែ​ប៉ុណ្ណឹង​ មិន​ដឹង​អង្កាល់​បាន​មាន​ធូរធារ​នឹង​គេ​ទេ។

 

លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ កញ្ញា វ៉ាន់ សម្ផស្ស អាយុ ​២៣ ឆ្នាំ ជា​​បុគ្គលិក​ផ្នែក​ទទួល​ភ្ញៀវ​ នៃ​​សាលា​ឯកជន​មួយ​ បាន​បញ្ចេញ​មតិ​ថា ធ្វើ​ការងារ​ឲ្យ​គេ​ មិន​ដឹង​ពេល​ណា​ទើប​​សន្សំ​លុយ​​បាន​​ទេ បើ​រក​មួយ​ខែ​ចាយ​សម្រាប់​តែ​មួយ​ខែ​បែប​ហ្នឹង​នោះ។

 

បុគ្គលិក​ដដែល​រូប​នោះ​ ថ្លែង​បន្ថែម​ថា៖ "និយាយ​តាម​ត្រង់​ទៅ​ចុះ ខ្ញុំ​សង្កេត​ឃើញ​អ្នក​ធ្វើ​ការងារ​នៅ​ស្រុក​យើង​ មិន​ទាន់​ដូច​នៅ​ស្រុក​គេ​ទេ លុយ​ចាយ​​រាល់​ខែ​សឹង​តែ​មិន​គ្រប់ អញ្ចឹង​​ហើយ​បាន​ជា​អ្នក​ដែល​ធ្វើ​ការងារ​ភាគ​ច្រើន​ ចេះ​តែ​ចង់​ងាក​ទៅ​​រក​ស៊ី​ខ្លួន​ឯង​ ជំនួស​ឲ្យ​ការ​ធ្វើ​ការងារ​​យក​ប្រាក់​ខែ​ហ្នឹង"។

 

 រូបតំណាង

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ ​កញ្ញា អ៊ុង វតនា អាយុ​២៣ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​ប្រាប់​ថា៖ "បើ​ខ្ញុំ​រើស​គូ​ស្រករ ខ្ញុំ​មិន​ប្រកាន់​ថា ​គេ​ជា​អ្នក​រក​ស៊ី​ ឬ​ជា​អ្នក​ធ្វើ​ការងារ​នោះ​ទេ"។

 

វតនា ថ្លែង​បន្ត​ថា ខ្ញុំ​ចូល​ចិត្ត​ទាំង​ពីរ​ហ្នឹង តែ​បើ​​ជ្រើស​រើស​ឲ្យ​ត្រូវ​ស្ថានភាព​បច្ចុប្បន្ន​ ​ប្រហែល​ជា​យក​អ្នក​រក​ស៊ី​ ធ្វើ​ជំនួញ​វិញ​ល្អ​ជាង ព្រោះ​ទៅ​ថ្ងៃ​អនាគត​ ខ្ញុំ​ក៏​មាន​ក្ដី​ប្រាថ្នា​ ចង់​ធ្វើ​ជា​អ្នក​រក​ស៊ី​ដោយ​ខ្លួន​ឯង​ដែរ។

 

​និស្សិត​​ឆ្នាំ​ទី​៣​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ យុវជន ឆន គឹមឈន អាយុ​២១ឆ្នាំ បាន​លើក​ឡើង​ថា៖ "ខ្ញុំ​​យល់​ថា យើង​មិន​អាច​​​ឲ្យ​តម្លៃ​​ទៅ​លើ​​ការងារ​ជា​អ្នក​រក​ស៊ី​តែ​​ម្ខាង​នោះ​ទេ"។ មិន​ប្រាកដ​ថា ​អ្នក​រក​ស៊ី​សុទ្ធ​តែ​មាន​ប្រៀប​ជាង​ អ្នក​ធ្វើ​ការងារ​យក​ប្រាក់​ខែ​​ទាំង​អស់​នោះ។ គិត​សព្វ​ៗ​ទៅ​ ម្នាក់​ម្យ៉ាង​ទេ អ្នក​ធ្វើ​ការងារ​​ខ្លះ​គេ​បាន​ប្រាក់​ខែ​ល្មមៗ​មែន ប៉ុន្តែ​​គេ​ស្រណុក​កាយ សប្បាយ​ចិត្ត។ ដោយ​ឡែក​អ្នក​រក​ស៊ី​វិញ រក​ស៊ី​សឹង​គ្មាន​ពេល​ឈប់​សម្រាក​​ ហើយ​ពេល​ខ្លះ​ថែម​ទាំង​ខាត​​បង់​ទៀត​ផង។ គឹម ឈន​ បញ្ជាក់​បន្ថែម​ដូច្នេះ៕

 

ចុះ​ប្រិយមិត្ត​វិញ​ តើ​គិត​ថា​នឹង​ជ្រើស​រើស​យក​មួយ​ណា​ដែរ​រវាង​គ្រួសារ​អ្នក​រក​ស៊ី និង​អ្នក​ធ្វើ​ការងារ?

 

អត្ថបទ៖ យិន សំបូរ

 

​​​​

អត្ថបទថ្មី