Galaxy S6/S6 Edge នឹង​លក់​បាន​ជាង ៥០លាន​គ្រឿង​ ព្រោះ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

  • 2015-03-20 23:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​ខាងត្បូង Samsung អាច​នឹង​លក់​ Galaxy S6 និង S6 Edge បាន​រហូត​ដល់​ទៅ​ជាង ៥០លាន​គ្រឿង​។ នេះ​បើ​តាម​ការ​វិភាគ​របស់​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ឈ្មោះ DRAMeXchange/TrendForce។ ​

 

បើ​តាម​ទិន្នន័យ​ដែល​បាន​មក​ពី DRAMeXchange/TrendForce ក្រុមហ៊ុន​ Samsung​ អាច​នឹង​លក់​ Galaxy S6 ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​បាន​ចំនួន ២២លាន​គ្រឿង​ ក្នុង​ត្រីមាស​ទី ២ (គិត​ពី​ខែ មេសា-មិថុនា) ជាង​ ១៦លាន​គ្រឿង ​នៅ​ត្រីមាស​ទី៣ (ពី​ខែ កក្កដា-កញ្ញា) និង​យ៉ាង​ហោច​ណាស់ ១២លាន​គ្រឿង​ នៅ​ត្រីមាស​ទី៤ (ពី​ខែ​ តុលា-ធ្នូ) ឆ្នាំ ២០១៥។

 

 

 

ក្រុមហ៊ុន​ខាង​លើ​អាច​វិភាគបាន​​ជា​ទិន្នន័យ​វិជ្ជមាន​ដូច្នេះ គឺ​ផ្អែក​ទៅ​លើ​សន្ទុះ​នៃ​ការ​ចាប់​អារម្មណ៍​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ទូទាំង​ពិភពលោក ចំពោះ​រូបរាង​ថ្មី និង​លក្ខណៈសម្បត្តិ (Specs) ពិសេសៗ​​របស់​ Galaxy S6/S6 Edge។ ​​​

 

ខណៈ Galaxy S6 និង S6 Edge នឹង​ដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី១០​ខែ​មេសា​ខាង​មុខ​ បច្ចុប្បន្ន​នេះ​​ក្រុមហ៊ុន Samsung ក៏​បាន​ដាក់​ឱ្យ​អតិថិជន​នៅ​អង់គ្លេស​និង​អាមេរិក ​កុម្ម៉ង់​ទិញ​ Smartphone ស៊េរី​ថ្មី​ទាំង​ពីរ​តាម​អនឡាញ​បាន​ផង​ដែរ។

 

បើ​តាម​ព័ត៌មាន​លេចឮ​កន្លង​មក​ថា Samsung ហាក់​កំពុង​បង្កើន​ការ​ផលិត Galaxy S6 និង S6 Edge សម្រាប់​ខែ​មេសា​ដល់​ទៅ ៨លាន​គ្រឿង​​​ ដោយ​សារ​ឃើញ​ Smartphone ទាំង​ពីរ​នេះ​កំពុង​​ទទួល​​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​​។

 

 

Galaxy S6 មាន​តម្លៃ ៧៨០ ដុល្លារ (32GB), ៨៩០ដុល្លារ (64GB) និង ១០០០​ដុល្លារ (128GB) រី​ឯ Galaxy S6 Edge មាន​តម្លៃ ៩៥០ ដុល្លារ (32GB), ១០៦០ដុល្លារ (64GB) និង ១១៧០ដុល្លារ (128GB)៕

 

អាន៖ Galaxy S6/S6 Edge ហាក់​មាន​សន្ទុះ​ខ្លាំង Samsung បង្កើន​ការ​ផលិត​ភ្លាម

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ phonearenayonhapnews