​គ្រូ​​តា​ក្រមា​មាស​ សាន​ គឹម​ស៊ាន ​ហ៊ាន​លះ​បង់​ទាំង​ជីវិត​ដើម្បី​ល្បុក្កតោ​ខ្មែរ​

  • 2015-04-13 15:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ​តា​ក្រមា​មាស​ សាន​ គឹម​ស៊ាន​ ដែល​ដឹក​នាំ​កូន​សិស្ស​សម្តែង​ក្បាច់​គុន​ល្បុក្កតោ​ក្នុង​ឱកាស​បុណ្យ​ចួល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​ បាន​ប្ដេជ្ញា​ចិត្ត​លះបង់​គ្រប់​បែប​យ៉ាង​ សូម្បី​តែ​ជីវិត​ក៏​​លោក​មិន​ស្តាយ​ដើម្បី​ផ្ទេរ​ចំណេះ​ដឹង​ និង​អភិរក្ស​ល្បុក្កតោ​ទុក​ដល់​ខ្មែរ​ជំនាន់​ក្រោយ។

 

 

ក្នុង​ឱកាស​បុណ្យ​​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​អង្គរ​សង្ក្រាន្ត​នៅមុខ​​ប្រាសាទ​អង្គរ​វត្ត​រយៈ​ពេល​៣​ថ្ងៃ​​នេះ​ លោក សាន គឹមស៊ាន​បាន​ដឹក​នាំ​កីឡាករ កីឡា​ការិនី​ល្បុក្កតោ​ជាង​១០០​នាក់​សម្ដែង​ជួន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​បាន​ទស្សនា​កម្សាន្ត។​

 

ពាក់​ព័ន្ធ​នឹង​ការ​សម្តែង​នេះ​ ​លោក​គ្រ​បាន​លើក​ឡើង​ថា​ លោក​ពិត​​ជា​មាន​មោទនភាព​ណាស់​ដែល​បាន​យក​វប្បធម៌​ខ្មែរ​មក​បង្ហាញ​ក្នុង​​ព្រឹត្តិការណ៍​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ និង​ជ្រើស​រើស​​យក​​​ក្បាច់​គុន​មរតក​ដូន​តា​ខ្មែរ​ដ៏​រស់​រវើក​ដែល​មាន​នៅ​លើ​ថ្ម​​ប្រាសាទ​នានា​មក​សម្ដែង​ឲ្យ​​មហាជន និង​ពិភពលោក​បាន​ឃើញ​​​ក្នុង​​ឱកាស​អង្គរ​សង្ក្រាន្ត​​មុខ​ប្រាសាទ​អង្គរ។

​​​

លោក​គ្រូ​បន្ត​ថា ​ទោះ​មាន​ភាព​ហត់​នឿយ​យ៉ាងណា​ក៏​ ក្រុម​ល្បុក្កតោ​របស់​លោក​មិន​រា​ថយ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ក្រុម​របស់​លោក​នឹង​ប្រឹង​ប្រែង​សម្តែង​​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ឲ្យ​ទស្សនិកជន​មិន​ខក​បំណង​។

 

ចំពោះ​រូប​លោក​ផ្ទាល់​វិញ​ លោក​ស្ម័គ្រចិត្ត​យក​ជីវិត​ ​និង​គ្រូ​សា​ធ្វើ​ជា​អ្នក​បម្រើ​ដល់​ប្រជា​ជន​កម្ពុជា​​​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ក្បាច់​គុន​ខ្មែរ​ល្បុក្កតោ។ ​លោក​មាន​ប្រសាសន៍​​ថា​ ៖«​ខ្ញុំ​បាន​អុជ​ធូប​​ស្បថ​សំពះ​មុខ​ព្រះ​ជា​មួយ​ប្រពន្ធ ​និង​កូន​ប្រុស​ហើយ​ថា ​​យើង​​ទាំង​៣​នាក់​ស្ម័គ្រ​ចិត្ត​យក​ជីវិត​​បូជា​ជូន​ពល​រដ្ឋ​ខ្មែរ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​ពេជ្រ​មួយ​គ្រាប់​​​លើ​ទឹក​ដី​ខ្មែរ​»។

បុរស​វ័យ​ជាង​​៧០​ឆ្នាំ​បាន​ឲ្យ​ដឹង​ទៀត​ថា ​លោក​មិន​ទទួល​បាន​​ផល​​ប្រយោជន៍​អ្វី​ក្រៅ​ពី​បាយ​បី​ពេល​និង​ជីវិត​​ពោរពេញ​ដោយ​​ភាព​សោក​សៅ​ដោយ​សា​សង្គម​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ក្បាច់​គុន​វប្បធម៌​របស់​ខ្មែរ។ លោក​សង្ឃឹម​ថា​ ក្បាច់​គុន​ដែល​ជា​សម្បត្តិ​​របស់​ខ្មែរ​​នឹង​ល្បី​ដូច​កាល​សម័យ​អង្គរ​វិញ។

 

លោក​គ្រូ​តា​ក្រមា​មាស​អាយុ​៧០​ឆ្នាំ​រូប​នេះ​មាន​​ប្រពន្ធ​ឈ្មោះ​ អុក​​ ពង្ស​បុប្ផា​ និង​កូន​ប្រុស​ឈ្មោះ​ សាន អង្គរ​រាជវ័ន្ត។ សព្វ​ថ្ងៃ​​កូន​ប្រុស​វ័យ​១៩​ឆ្នាំ​​របស់​លោក​បាន​បោះ​បង់​ការ​សិក្សា​ និង​កំពុង​ផ្សព្វផ្សាយ​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក៕

 

 

សូមចុចអាន៖ ​​​​​​​​អាជ្ញាធរ​ខេត្ត​សៀមរាប​​​ដាស់​តឿន​រឿង​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ

សូមចុចអាន៖ សមត្ថកិច្ច​ចម្រុះ​ជិត​​ ៥០០០​ នាក់​​​​​ ​​នឹង​ត្រូវ​​​ដាក់​ពង្រាយ​​ក្នុង​​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​

សូមចុចអាន៖ ថ្ងៃ​អង្គរ​សង្ក្រាន្ត ឡូរ៉ា ម៉ម មាន Show ធំ​នៅ​ទីលាន​ជល់​ដំរី

 

 

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​

​​​​​​​​​​​​​​​​​​​

អត្ថបទពេញនិយម