គួរ​តែ​ទិញ​ iPhone 6s ឬ​ក៏​ចាំ​ iPhone 7 ?

  • 2015-09-20 17:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 6s និង​​ 6s Plus នឹង​មាន​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​​​ថ្ងៃ​ទី​២៥ ​ខែ​កញ្ញា​ នេះ​ហើយ។ ទន្ទឹម​នឹង​នេះ​​មាន​ប្រិយមិត្ត​មួយ​ចំនួន​នៅ​រារែក​ចិត្ត​នៅ​ឡើយ​ថា​តើ​គួរ​តែ​សម្រេច​ចិត្ត​ប្ដូរ​ប្រើ​ iPhone 6s ឬ​ក៏​រង់​ចាំ​ដល់​ iPhone ជំនាន់​ថ្មី​មួយ​ទៀត។

 

មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ ប្រិយមិត្ត​អាច​ធ្វើ​ការ​ស្វែង​យល់​ពី​ការ​បរិយាយ​របស់​វិបសាយ​ Valuewalk ដូច​ខាង​ក្រោម៖

 

* តើ​ iPhone 7 អាច​នឹង​ប្រកាស​ក្នុង​ពេល​ណា?

ជា​ធម្មតា​ក្រុមហ៊ុន​ Apple តែង​ធ្វើ​ការ​ប្រកាស​ពី​ទូរសព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​រៀង​រាល់​រយៈ​ពេល​១២​ខែ​ម្ដង​ ដូច​នេះ​ iPhone 7 អាច​នឹង​មាន​វត្តមាន​នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៦។

 

រាងគំរូ iPhone 7

 

* តើ​ iPhone 7 នឹង​មាន​ចំណុច​ពិសេស​អ្វី​លើស​ពី​ iPhone 6s?

​សម្រាប់​ក្រុមហ៊ុន​ Apple ទូរសព្ទ​ដែល​មាន​អក្សរ​ s នៅ​ពី​ក្រោយ​ភាគ​ច្រើន​គឺ​​ជា​ទូរសព្ទ​ដែល​​ Upgradeពី​ជំនាន់​មុន​ដោយ​មិន​មាន​​ផ្លាស់​ប្ដូរ​​រូប​រាង​ ឬ​បន្ថែម​មុខងារ​ថ្មីៗ​ច្រើន​នោះ​ទេ ជាក់​ស្ដែង​ដូច​ជា​ iPhone 6s នេះ​ជា​ដើម។ ដោយ​ឡែក​សម្រាប់​ទូរសព្ទ​ iPhone 7 អាច​នឹង​មាន​ការ​​ផ្លាស់​ប្ដូរ​រូបរាង​​ថ្មី​ ព្រម​ទាំង​មាន​បន្ថែម​នូវ​មុខងារ​ពិសេសៗ​លើស​ពី​ជំនាន់​មុន​ថែម​ទៀត​ផង។ ទោះ​បី​ជា​ iPhone 6s មាន​បំពាក់​មុខងារ​​ថ្មីៗ​មួយ​ចំនួន​ក៏​ពិត​មែន ​ប៉ុន្តែ​គេ​ជឿ​ជាក់​ថា​មុខងារ​ដែល​ពិសេស​ជា​ច្រើន​នឹង​​មាន​បំពាក់​លើ​ iPhone 7។​​​

 

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​ Apple បាន​ទទួល​សិទ្ធិ​ប៉េតង់​ជា​ច្រើន​ក្នុង​នោះ​គឺ​មាន​​បច្ចេកវិទ្យា​អេក្រង់​កោង​ដែល​​គេ​រំពឹង​ថា​បច្ចេកវិទ្យា​នេះ​អាច​នឹង​មាន​លើ​ iPhone 7។

 

* តម្លៃ

​​​សម្រាប់​តម្លៃ​របស់​ iPhone 6s គេ​ឃើញ​ថា​មិន​មាន​អ្វី​ខុស​ប្លែក​ពី​តម្លៃ​របស់​ iPhone 6 កាល​ពី​ឆ្នាំ​ទៅ​នោះ​ទេ​។ នេះ​អាច​មក​ពី​ iPhone 6s ជា​ស៊េរី​ដែល​ Upgrade ចេញ​ពី iPhone 6។ ចំពោះ​ iPhone 7 វិញ​គេ​រំពឹង​ថា​នឹង​មាន​តម្លៃ​លើស​ iPhone 6s ប្រមាណ​១០០​ដុល្លារ។

 

 

* សរុប​សេចក្ដី​

សម្រាប់​អ្នក​ដែល​មាន​ទូរសព្ទ​ iPhone 6 ក៏​ដូច​ជា​ 6 Plus នៅ​​ក្នុង​ដៃ​នោះ​គួរ​តែ​ធ្វើ​ការ​រង់​ចាំ​ដល់​ឆ្នាំ​ក្រោយ ​ប្រសិន​បើ​អ្នក​ចង់​បាន​ទូរសព្ទ​ដែល​មាន​បំពាក់​មុខងារ​ពិសេស​និង​ការ​រចនា​រូប​រាង​ថ្មី។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចង់​សាក​ល្បង​នូវ​ទូរសព្ទ​ពណ៌​ស៊ី​ជម្ពូ​ហើយ​មាន​មុខងារ​ 3D Touch Display ក៏​ដូច​ជា​កាមេរ៉ា​ទំហំ​ធំ​ជាង​មុន​នោះ​អ្នក​អាច​ពិចារណា​ iPhone 6s បាន។​​​​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ valuewalk ​​​​