នំបញ្ចុក​នៅតែ​ជាទី​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​

  • 2014-11-04 22:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"នំបញ្ចុក​" គឺ​ជា​មុខ​ម្ហូប​មួយ​ប្រភេទ ​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចូលចិត្ត ដែល​វា​កើត​ឡើង​ដោយ​ការ​​រួម​ផ្សំ​អំពី​ភោគ​ផល​ ដែល​មាន​សម្បូរ​ហូរ​ហៀរ​នៅ​ក្នុង​ប្រទេស​ពិតៗ សម្រាប់​ជា​ម្ហូបអាហារ​គ្រាន់​សម្រាប់​បំពេញ​ក្រពះ​ផង​ និង ​មាន​នៅ​ក្នុង​ពិធី​ជប់​លៀង​ផ្សេង​ៗ​ផង​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​​។ ជាទូទៅ​នំបញ្ចុក​ មាន​ជីរ​ជាតិ​សំខាន់​ច្រើន​យ៉ាង​ ដោយ​សារ​គ្រឿង​ផ្សំ​ផ្សេងៗ​ដទៃ​ទៀត​ដូចជា៖​ មាន​ទឹក​សម្ល​​ និង ​របោយ​បន្លែ​ ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ និង ​តាម​តំបន់​នីមួយៗ។

នំ​បញ្ចុក​ក៏​បាន​វិវត្តន៍​តួនាទី​យ៉ាង​សំខាន់​ខ្លាំង​ឡើង​ថែម​ទៀត​​​ ទៅ​តាម​​​​​ចំណង់​ចំណូល​ចិត្ត​របស់​ប្រជាជាតិ​​ ដែល​វា​សឹង​តែ​ជា​ចំណី​ពេល​ព្រឹក​ ពេល​រសៀល​ ពេល​ល្ងាច​ ឬ​ប្រើ​ជំនួស​បាយ​ម្ដងម្កាល​ថែម​ទៀត​ផង។ ដោយ​សារ​មាន​សារៈសំខាន់​ដូចនេះ​ហើយ ទើប​នំបញ្ចុក​ក៏​បាន​ក្លាយ​ជា​មុខ​របរ​មួយ​ដ៏​ប្រសើរ​ប្រចាំ​ជីវភាព​គ្រួសារ​​របស់​ប្រជាជន​ខ្មែរ​យើង​។    សូមចុចអាន៖ មក​មើល​ពិព័រណ៍​រថយន្ត មិន​បាច់​ភ័យ​រឿង​ញ៉ាំ​អាហារ​ថ្ងៃ  

 

អ្នក​ស្រី ​ស៊ីភេន ជា​អ្នក​លក់​នំបញ្ចុក​ ដោយ​គាត់​ដើរ​លក់​នៅ​ម្ដុំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​ និយាយ​ថា "ខ្ញុំ​លក់​នំបញ្ចុក​នេះ​​អស់​រយៈពេល​ ៨ ឆ្នាំ​មក​ហើយ​ ហើយ​ខ្ញុំ​លក់​នំបញ្ចុក​តែ​សម្ល​ប្រហើរ​ប៉ុណ្ណោះ​។ អ្នកស្រី​ស៊ីភេន ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពត​បាន​និយាយ​ថា នំបញ្ចុក​សម្ល​ប្រហើរ​នេះ​ មាន​ពីរ​ប្រភេទ​ សម្ល​ពណ៌​ស,​ និង ​ទឹក​សម្ល​ពណ៌លឿង​។ អ្នក​ស្រី​បាន​បញ្ជាក់​ថា សម្ល​ពណ៌​លឿង​ភាគ​ច្រើន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និយម​ហូប​ខ្លាំង​ណាស់ ដែល​សម្ល​លឿង​នេះ​ គេ​លាយ​រមាត​បន្តិច​ និង ​ដាក់​ដូង​។ ប៉ុន្តែ​បើ​នៅ​ខេត្ត​កំពត​ឯណោះ​វិញ​ គេ​និយម​ញុំា​នំបញ្ចុក​សម្ល​ពណ៌ស​ ដែល​មាន​លាយ​ខ្ជាយ​ តែ​មិន​មាន​ដាក់​ដូង​នោះ​ទេ។

 

អ្នកស្រី​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ គឺ​និយម​ចូលចិត្ត​នំបញ្ចុក​គាត់​ណាស់​​ទាំង​កម្មករ, បុគ្គលិក​ក្រុមហ៊ុន, និង ​អ្នក​មាន​នៅ​តាម​ផ្ទះ​វីឡា​ក៏​មាន​ដែរ​។ អ្នកស្រី​ក៏​បាន​បញ្ចាក់​ទៀត​ថា នំបញ្ចុក ​១ ចាន​ តម្លៃ​ត្រឹម​តែ ១៥០០-២០០០ រៀល ហើយ​ក្នុង​១ថ្ងៃ ​អ្នកស្រី​​អាច​រក​ប្រាក់​ចំណូល​បាន​ ២ ម៉ឺន ​ទៅ ​៣ ម៉ឺន ​រៀល​គ្រាន់​បាន​ចិញ្ចឹម​ជីវិត និង ​បង់​ថ្លៃ​ជួល​ផ្ទះ​គេ​ដែរ​។

 

យុវតី​ កក្កដា សិស្ស​នៅ​វិទ្យាល័យ​ព្រះយុគន្ធរ​ បាន​និយាយ​ថា "យូរៗម្ដង​ខ្ញុំ​ញុំា​នំ​បញ្ចុក​ ខ្ញុំ​គិត​ថា វា​ពិត​ជា​ឆ្ងាញ់​ណាស់​ ហើយ​វា​ថែម​ទាំង​អាច​សន្សំ​លុយ​កាក់​បាន​ថែមទៀត​ផង មានន័យ​ថា វា​ថោក​ហ្នឹង​ណា"។ យុវតី​រូប​នេះ បាន​​លើក​ដែរ​ថា នំបញ្ចុក​ក្រៅ​ពី​មាន​ទឹក​សម្ល​ ដែល​មាន​ឱជារស​ គឺ​វា​មាន​គ្រឿង​ផ្សំ​ច្រើន​ ដូច​ជា​បន្លែ​ គ្រប់​មុខ​ ដែល​ធ្វើ​ឲ្យ​អ្នក​ញុំា​ អាច​ញុំា​បាន​យ៉ាង​ងាយ​ ហើយ​បន្លែ​ជួយ​ដល់​សារពាង្គ​កាយ​ថែម​ទៀត​ផង។

 

កញ្ញា ​ឆវី ជា​បុគ្គលិក​របស់​អង្គការ​អ៊ីលឹម ដែល​មាន​ទីតាំង​ម្ដុំ​ផ្សារ​ដើម​ថ្កូវ និយាយ​ដែរ​ថា "ខ្ញុំ​ចូល​ចិត្ត​ញុំា​នំបញ្ចុក​ស្ទើរ​ជា​រៀង​រាល់​ព្រឹក​ នៅ​ពេល​មាន​អ្នក​លក់​នំបញ្ចុក​រែក​កាត់​កន្លែង​ខ្ញុំ​ធ្វើ​ការ​"។ ឆវី និយាយ​ថា បាន​ជា​នាង​ចូល​ចិត្ត​ញុំា​នំបញ្ចុក​ ដោយ​សារ​នំបញ្ចុក​ជា​របស់​ខ្មែរ​ ខ្ញុំ​ចង់​លើក​តម្កើង​ម្ហូប​ខ្មែរ​ផង​ និង ​វា​មាន​រស់​ជាតិ​ឆ្ងាញ់​ ដោយ​សារ​ទឹក​សម្ល​ និង​ មាន​បន្លែ​។

 

 

ចុះ​ប្រិយមិត្ត​ដឹង​ពី​របៀប​ធ្វើ​​ទឹក​សម្ល​នំ​បញ្ចុក​ទេ? ខាង​ក្រោម​នេះ គឺ​ជារូបមន្ដ​ខ្លីៗ សម្រាប់​ធ្វើ​សម្ល​នំបញ្ចុក៖

 

សម្ល​ប្រហើរ​នំបញ្ចុក មានគ្រឿង​ផ្សំ​ដូច​ជា​៖ ត្រី​ឆ្អើរ, ​ឬ​សាច់​ត្រី​ស្រស់​ស្ងោរ​ឆ្អិន,​​ ប្រហុក,​ ស្លឹក​គ្រៃ, ខ្ទឹម​ស, ខ្ជាយ, រមៀត, អំបិល, និង​ ស្ករ។  

វិធីស្ល

១. ត្រីឆ្អើរ ឬត្រីស្ងោរ បេះ​យក​សាច់​ឲ្យ​ល្អិតៗ។

២.​ ស្លឹក​គ្រៃ​ហាន់​ល្អិតៗ​បុក​ឲ្យ​ម៉ត់ ដាក់​ខ្ទឹមស​ ខ្ជាយ​ រមៀត បុក​លាយ​ជាមួយ​គ្នា។

៣.​យក​សាច់​ត្រី​ដែល​បេះ​រួច​មក​បុក​លាយ​ជាមួយ​គ្រឿង។ ៤. ដាំ​ទឹក​ឲ្យ​ពុះ​ ជ្រុំ​ប្រហុក​ រួច​បង់​សាច់​ត្រី ដែល​បុក​លាយ​ជាមួយ​គ្រឿង។

៥. ដាំ២-៣អំពុះ​ទើប​បង់​អំបិល ស្ករ ភ្លក្ស​តាម​ចូលចិត្ត​ជា​ការ​ស្រេច។  

សូមចុចអាន៖ ​ទឹកស៊ីអ៊ីវ​ និង ​ប្រេង​ខ្យង​ផលិតផល​ថ្មី​មួយ​ទៀត​របស់​ Nestle សម្ពោធ​ម្សិល​មិញ

សូមចុចអាន៖ ម៉ូសស្រ៊ី មី​ស្រុស​ ភ្លក់​មីឆា​ប្រហិត​បំពង​ដ៏​ឆ្ងាញ់​​ពិសា​

សូមចុចអាន៖ មុខរបរ​លក់​ខ្យង​ ១ថ្ងៃ រក​បាន​ ៣០ ម៉ឺន​រៀល

  អត្ថបទ៖ ប៊ិន ប៊ុណ្ណា
អត្ថបទពេញនិយម