អ្នក​ប្រើ​ទន្ទឹង​ចាំ​កំណែប្រែ​ថ្មី​ក្តារ​ចុច​ឆ្លាត​វៃ តែ​ស្ថាបនិក​នៅ​ស្ងាត់​ដំណឹង​ឈឹង

  • 2017-01-05 04:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហែល​ជា​ជិត ៤ ខែ​ហើយ​តាំង​ពី​ចុង​ឆ្នាំ ២០១៦ ដែល​ស្ថាបនិក​ក្តារ​ចុច​ឆ្លាត​វៃ (Khmer Smart Keyboard) លោក គ្រុយ វណ្ណា បាត់​ដំណឹង​ឈឹង​គ្មាន​អ្នក​ដឹង បន្សល់​ទុក​ក្តារ​ចុច​ក្នុង​កំណែប្រែ​ចាស់​​គ្មាន​ការ​អាប់ដេត​ថ្មី។

ក្រោយ​បាត់​ដំណឹង​លោក គ្រុយ វណ្ណា ក្តារ​ចុច​ឆ្លាតវៃ​ក៏​បាត់​ពី App Store ឯ​កំណែប្រែ​លើ Play Store ក៏​មិន​មាន​ការ​អាប់ដេត​ថ្មី​ទាល់​តែសោះ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​ត្អូញត្អែរ។ មិត្តភ័ក្ដិ និង​អ្នក​ប្រើ​ជា​ច្រើន​ទន្ទឹង​រង់ចាំ​វត្តមាន​ស្ថាបនិក ក្រុម ALiEN DEV រូប​នេះ​យ៉ាង​អន្ទះសា ដោយ​អ្នក​ខ្លះ​មិន​ចង់​ឲ្យ​លោក​និង​ក្រុម​ការងារ Khmer Smart Keyboard បោះ​បង់​ក្តី​ស្រមៃ​ចោល​ពាក់​កណ្ដាល​ទី​ឡើយ។

មក​ទល់​ពេល​នេះ Sabay នៅ​តែ​មិន​អាច​ទាក់ទង​លោក គ្រុយ វណ្ណា បាន។ ទូរសព្ទ​ពេល​ខ្លះ​ខល​ចូល តែ​គ្មាន​អ្នក​លើក ឯ​បណ្ដាញ​សង្គម​ផ្ញើ​សា​ទៅ ក៏​គ្មាន​ការ​ឆ្លើយ​តប។

សម្រាប់​កំណែប្រែ​ក្តារ​ចុច​ឆ្លាត​វៃ​លើ iOS នៅ​តែ 2.1.3 ដដែល ឯ Android កំណែប្រែ 2.1.16 ដែល​អាប់ដេត​តាំង​ពី​កញ្ញា​ឆ្នាំ ២០១៦ មក​ម្ល៉េះ។ លើ Play Store ក្ដារ​ចុច​ឆ្លាត​វៃ មាន​ចំនួន​ទាញ​យក​ចន្លោះ​ពី ៥០ម៉ឺន ដល់ ១លាន​ដង​ឯណោះ។

ជុំវិញ​បញ្ហា ក្តារ​ចុច​ឆ្លាត​វៃ​បាត់​ពី App Store ឯ​លោក​គ្រុយ វណ្ណា​ក៏​ស្ងាត់​វត្តមាន​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អ្នក​ស្គាល់​លោក វណ្ណា ច្រើន​នាក់​ក៏​ងឿងឆ្ងល់​ដូចគ្នា។ អ្នក​ខ្លះ​ថា ស្ថាបនិក ALiEN DEV រូប​នេះ​ទៅ​បរទេស (ជប៉ុន) ឯ​ខ្លះ​ទៀត​ថា​ក្រុម​លោក មាន​បញ្ហា​ខ្លះៗ ទើប​អាច​ឈាន​ដល់ បាត់​វត្តមាន​ក្តារ​ចុច​ឆ្លាត​វៃ​ពី App Store។

ដោយឡែក​បើ​តាម​​គ្រួសារ​លោក វណ្ណា អាច​ប្រាប់​បាន​ត្រឹម​ថា លោក​សុខសប្បាយ តែ​មិន​អាច​ប្រាប់​បាន​ច្រើន​ជាង​នេះ​ឡើយ។

មូលហេតុ​ពិត​ប្រាកដ​យ៉ាង​ណា គ្រប់គ្នា​នៅ​មិន​ទាន់​ដឹង​ច្បាស់ មាន​តែ​លោក គ្រុយ វណ្ណា​ប៉ុណ្ណោះ​ទើប​អាច​បក​ស្រាយ​រឿង​ទាំង​អស់​នេះ​បាន៕

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី