កម្ពុជាឈ្នះមេដាយមាសចំនួន៣ ក្នុងការប្រកួតពានរង្វាន់ ICT អាស៊ាន ២០១៧
- 2017-12-01 08:43:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាឈ្នះមេដាយមាសចំនួន៣ ក្នុងការប្រកួតពានរង្វាន់ ICT អាស៊ាន ២០១៧
ចន្លោះមិនឃើញ
ការប្រកួតប្រជែងដណ្តើមពានរង្វាន់ ICT អាស៊ាន ដែលឆ្នាំ ២០១៧ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រុមតំណាងកម្ពុជា ៣ ក្រុមបានទទួលបានមេដាយមាស
ការប្រកួតយកពានរង្វាន់ឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅទីក្រុងសៀមរាប នាថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានវិទ្យាសា្ថនជាតិ NIPTICT ជាអ្នកទទួលបន្ទុករៀបចំ។
ការប្រកួតនេះ មានពីរដំណាក់កាលគឺ៖ វគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រ។ វគ្គជម្រុះ មានក្រុមហ៊ុន/ស្ថាប័នចំនួន១១៣ មកពីប្រទេសអាស៊ានទាំង១០ បានចូលរួមប្រកួតប្រជែង ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១២មក។
នៅវគ្គផ្តាច់ព្រ័ត មានក្រុមហ៊ុន/ស្ថាប័នតែ១៨ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស ដើម្បីប្រកួតដណ្តើមយកមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ក្រោមការវាយតម្លៃពីគណៈមេប្រយោគចំនួន១២រូបមកពីបណ្តាប្រទេសអាស៊ានទាំង១០ ព្រមទាំងប្រទេសជប៉ុន និងប្រទេសចិន។
ជាលទ្ធផល ក្នុងចំណោមប្រទេសអាស៊ានទាំង១០ដែលបានចូលរួមប្រកួត មានតែប្រទេសចំនួន៦ប៉ុណ្ណោះដែលបានទទួលមេដាយគឺ៖
ទី១.កម្ពុជា ទទួលបានមេដាយមាស ចំនួន៣
ទី២.ថៃ ទទួលបានមេដាយមាស ចំនួន១, មេដាយប្រាក់ ចំនួន២, មេដាយសំរិទ្ធ ចំនួន៤
ទី៣.សឹង្ហបុរី ទទួលបានមេដាយមាស ចំនួន១, មេដាយប្រាក់ ចំនួន១
ទី៤.ឥណ្ឌូនេស៊ី ទទួលបានមេដាយមាស ចំនួន១
ទី៥.វៀតណាម ទទួលបានមេដាយប្រាក់ ចំនួន២, មេដាយសំរិទ្ធ ចំនួន១
ទី៦.ឡាវ ទទួលបានមេដាយប្រាក់ ចំនួន១, មេដាយសំរិទ្ធ ចំនួន១
ក្រុមកម្ពុជាដែលទទួលបានមេដាយមាសរួមមាន៖ ក្រុមហ៊ុន Camtasia Technology ដោយយកសេវាកក់សំបុត្រឡានក្រុងតាមប្រព័ន្ធអ៊ីនធឺណិត “BookMeBus” មកប្រកួត, អង្គការ Open Institute ជាមួយនឹងសេវា រកការងារធ្វើតាមប្រព័ន្ធទូរសព្ទ “បងភក្ត្រ”, និង ក្រុមហ៊ុន Codingate ជាមួយនឹងកម្មវិធីទូរស័ព្ទឆ្លាតវៃបម្រើសេវាសុខភាព Sokhakrom។ គួររំលឹកថា កម្ពុជាបានចាប់ផ្តើមចូលរួមការប្រកួតនេះជារៀងរាល់ឆ្នាំនិងតែងតែទទួលបានមេដាយចាប់តាំងពីឆ្នាំ២០១៤ ដោយទទួលបានមេដាយមាស១គ្រឿងក្នុងឆ្នាំ២០១៤ និង១គ្រឿងទៀតក្នុងឆ្នាំ២០១៥។ ដោយឡែកនៅឆ្នាំ២០១៦ កម្ពុជាដណ្តើមបានមេដាយប្រាក់១ គ្រឿង និងមេដាយសំរិទ្ធិ១គ្រឿង។
ការប្រកួតឆ្នាំ២០១៧នេះ កម្ពុជាឈរលំដាប់លេខ១ ដោយទទួលបានមេដាយមាសច្រើនជាងគេ ដែលលទ្ធផលនេះបង្ហាញពីការរីកចំរើនក្នុងវិស័យធុរកិច្ចបច្ចេកវិទ្យា (Tech Startup) ក្នុងប្រទេសកម្ពុជាយើង។
គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់អាស៊ានស្របពេលនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍អាស៊ាន ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍និងនិងព័ត៌មាន ជំរុញការច្នៃប្រឌិតនិងនវានុវត្តន៍ តាមរយៈការទទួលស្គាល់នូវស្នាដៃរបស់ក្រុមហ៊ុន ICT ដែលឆ្នើមបំផុតនៅទូទាំងតំបន់អាស៊ាន។