ស្រ្តីម្នាក់ច្រឡំបោះចោលចិញ្ចៀនពេជ្រ តម្លៃជិត២ម៉ឺនដុល្លារ ចូលគំនរសំរាម តែចុងក្រោយជួបរឿងមួយ

  • 2017-12-22 04:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ជនជាតិ​ចិន​ម្នាក់ មាន​ឈ្មោះ​ថា Xia បាន​ច្រឡំ​ដៃ​បោះចោល​ចិញ្ចៀន​ពេជ្រ តម្លៃ​ជិត​២ម៉ឺន​ដុល្លារ ចូល​គំនរ​សំរាម ប៉ុន្តែ​ចុងក្រោយ​អាច​រើស​បាន​មក​វិញ ដោយសារ​មាន​ការ​ជួយ​ពី​កម្មករ​អនាម័យ។

កម្មករ​អនាម័យ​មួយ​ក្រុម បាន​ស្វែង​រក​ចិញ្ចៀន​ពេជ្រ​នោះ នៅ​ក្នុង​គំនរ​សំរាម​ប្រមាណ​ជា ១៣តោន នៅ​កន្លែង​កែច្នៃ​សំរាម​មួយ ក្នុង​ទីក្រុង Yangzhou ប្រទេស​ចិន កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ​នេះ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ចិញ្ចៀន​ពេជ្រ​នោះ​មាន​តម្លៃ ១២០ ០០០យ័ន ឬ​ប្រមាណ ១៧ ០០០ម៉ឺនដុល្លារ គឺ​ជា​កាដូ​ដែល​ស្វាមី​របស់​អ្នកស្រី Xia ឲ្យ​អ្នក​ស្រី នៅ​ពេល​ភ្ជាប់​ពាក្យ។ អ្នកស្រី Xia ស្រលាញ់​ចិញ្ចៀន​ពេជ្រ​ខ្លាំង​ណាស់។ អ្នកស្រី​តែងតែ​ដោះ​វា​ចេញ​ពី​ដៃ មុន​ពេល​ចូល​ដេក ហើយ​ពាក់​វា​វិញ​នៅ​ពេល​ព្រឹក។

នៅ​រសៀល​ថ្ងៃ​ទី១៨ ខែ​ធ្នូ នៅ​ពេល​ដែល​អ្នកស្រី Xia យក​សំរាម​ទៅ​បោះចោល ពេល​នោះ​ចិញ្ចៀន​ក៏​បាន​របូត​ចេញ​ពី​ម្រាម​ដៃ​របស់​អ្នក​ស្រី ចូល​គំនរ​សំរាម​ជាមួយ​គ្នា​តែម្ដង។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​អ្នក​ស្រី​ដឹង​ថា​ខ្លួន​បាត់​ចិញ្ចៀន គឺ​យឺត​ពេល​ទៅ​ហើយ ព្រោះ​វា​រំលង​ផុត ៣ម៉ោង​បាត់​ទៅ​ហើយ ខណៈ​អ្នក​ស្រី​ក៏​បាន​ត្រលប់​ទៅ​រក​វិញ​ដែរ តែ​មិន​អាច​រក​ឃើញ​ឡើយ។

ក្រោយមក អ្នកស្រី​បាន​ទាក់ទង​ទៅ​ស្ថានីយ​អនាម័យ​ក្នុង​តំបន់ នៅ​វេលា​ម៉ោង ៤រសៀល ប៉ុន្តែ​អ្នក​មើល​ការ​ខុស​ត្រូវ​របស់​ស្ថានីយ​នោះ បាន​ប្រាប់​ថា សំរាម​ត្រូវ​គេ​ប្រមូល ហើយ​បញ្ជូន​ទៅ​កន្លែង​កែច្នៃ​បាត់​ទៅ​ហើយ។ អ្នក​មើល​ការ​រូប​នេះ ក៏​បាន​ស្នើសុំ​ឲ្យ​កន្លែង​កែច្នៃ​ផ្អាក​ដំណើរការ​សិន។

នៅថ្ងៃទី១៩ ខែ​ធ្នូ វេលា​ម៉ោង ៦ព្រឹក កម្មករ​អនាម័យ​ចំនួន ៨នាក់ បាន​ចាប់ផ្ដើម​ស្វែងរក​ចិញ្ចៀន​ពេជ្រ​នោះ នៅ​ក្នុង​គំនរ​សំរាម​ដែល​មាន​ទម្ងន់​ប្រហែល ១៣តោន។ នៅទីបំផុត កម្មករ​ម្នាក់​ឈ្មោះ Yang Zhenglong បាន​រក​វា​ឃើញ នៅ​វេលា​ម៉ោង​ប្រហែល ៨ព្រឹក​តែម្តង៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី