ពេទ្យ​ប្រាប់​ថា​មានជំងឺអេដស៍ ដេក​ចាំ​ថ្ងៃ​ស្លាប់​អស់ ៧​ឆ្នាំ ចុង​ក្រោយដឹងលទ្ធផលហួស​ចិត្ត

  • 2017-12-07 02:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០០៨ លោក Zhong Xiaowei រស់​នៅ​ទីក្រុង Chengdu ត្រូវ​បាន​ពេទ្យ​ពិនិត្យ​ឃើញ​ថា​បាន​ផ្ទុក​មេរោគ​អេដស៍ ធ្វើ​ឲ្យ​លោក​ដេក​ចាំ​ថ្ងៃ​ស្លាប់​អស់​រយៈ​ពេល ៧​ឆ្នាំ។ ប៉ុន្តែ​ក្រោយ​មក​ការ​ពិនិត្យ​មួយ​ទៀត​បង្ហាញ​ថា​លោក​មិន​បាន​ផ្ទុក​មេរោគ​អេដស៍​នោះ​ទេ។

មុន​ពេល​រៀប​ការ​ លោក Zhong និង​មិត្ត​ស្រី​បាន​ព្រម​ព្រៀង​គ្នា​ទៅ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ ។ ជា​លទ្ធផល​លោក Zhong ត្រូវ​បាន​មណ្ឌលសុខភាព Chengdu CDC ប្រាប់​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៨​ថា ឈាម​របស់​លោក​ទទួល​បាន​លទ្ធផល​វិជ្ជមាន និង​មាន​ន័យ​ថា​កើត​អេដស៍។ ហើយ​លទ្ធផល​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​មណ្ឌលសុខភាព Sichuan CDC ផង​ដែរ។

លោក Zhong និយាយ​ថា​លោក​ទទួល​យក​លទ្ធផល​នេះ​ដោយ​មិន​មាន​ការ​ងឿង​ឆ្ងល់​នោះ​ទេ និង​ជឿ​ថា​វា​កើត​ឡើង​ដោយ​សារ​លោក​ចាក់​ថ្នាំ​ហេរ៉ូអ៊ីន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ មិត្ត​ស្រី​និង​ក្រុម​គ្រួសារ​បាន​ចាក​ចេញ​និង​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​លោក។

លោក​ក៏​ចាប់​ផ្ដើម​សំងំ​ក្នុង​អាគារ​បាក់​បែក និង​បដិសេធ​មិន​លេប​ថ្នាំ​ដើម្បី​រង​ចាំ​សេចក្ដី​ស្លាប់​អស់​រយៈ​ពេល ៧​ឆ្នាំ។ លោក​បាន​និយាយ​ថា​ធ្លាប់​គិត​ចង់​សម្លាប់​ខ្លួន​ដែរ ប៉ុន្តែ​ដោយ​សារ​អាណិត​ម្ដាយ​របស់​លោក​ទើប​មិន​ដាច់​ចិត្ត។

ក្រោយ​មក​នៅ​ខែ​ធ្នូ​ឆ្នាំ ២០១៥ លោក​បាន​ទៅ​ពិនិត្យ​ឈាម​ម្តង​ទៀត​នៅ Jinniu District CDC ដែល​លទ្ធផល​ចេញ​មក​ធ្វើ​ឲ្យ​លោក​ឆ្ងល់​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​វា​មិន​ដូច​ទៅ​នឹង​លទ្ធផល​របស់​អ្នក​កើត​អេដស៍​ផ្សេង​ទៀត។ វា​បាន​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ទៅ​ពិនិត្យ​ឈាម​ម្តង​ទៀត​នៅ​មន្ទីរពេទ្យ Huaxi នៃ​សកលវិទ្យាល័យ Sichuan ដែល​លទ្ធផល​បង្ហាញ​ពី​ភាព​អវិជ្ជមាន ហើយ​លោក​មិន​មាន​ផ្ទុក​មេរោគ​អេដស៍​នោះ​ទេ។

ក្រោយ​ពី​ដឹង​លទ្ធផល​ដ៏​រំភើប​នេះ លោក Zhong បាន​សម្រេច​ចិត្ត​ថា​នឹង​ប្តឹង​មណ្ឌលសុខភាព Chengdu CDC និង Sichuan ដើម្បី​ទាមទារ​ឲ្យ​ពួក​គេ​ធ្វើ​ការ​សុំ​ទោស​ចំ​ពោះ​កំហុស​ឆ្គង​របស់​ពួក​គេ ហើយ​ត្រូវ​សង​ថ្លៃ​ជំងឺ​ចិត្ត​ទាំង​អស់​ដែល​លោក​បាន​ទទួល​រង​អស់​រយៈ​ពេល ៧​ឆ្នាំ៕

ចុចអាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី