ចង់ថត​រូប​បក្សី​ មើល​ទៅ​កាន់​តែ​ទាក់ទាញ​ មាន​ចំណុច​ ៥ ត្រូវ​ដឹង​

  • 2017-12-23 02:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ភ្នែក​ជា​បង្អួច​បង្ហាញ​វិញ្ញាណ ជា​ចំនុច​មួយ​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ចំពោះ​រូបភាព​មនុស្ស និង​សត្វ​ចិញ្ចឹម ជាពិសេស​បក្សី ដោយ​មាន​មាឌ​តូច ងាយ​នឹង​បម្លាស់ទី ដែល​ត្រូវការ​យក​ចិត្ត​ទុក​ដាក់ និង​ជំនាញ​ក្នុង​ការ​ចាប់​យក​រូបភាព​។ អ្នក​អាច​ផ្ដោត​លើ​ភ្នែក ពេល​អ្នក​ថតរូប​បក្សី ព្រោះ​អ្វីៗ​បន្ទាប់​ទៀត​នឹង​សម្រប​ខ្លួន​តាម​នោះ​ដែរ​។ អ្នក​អាច​ពិនិត្យ​មើល​ចំនុច​ទាំង ៥ នេះ​ក្នុង​ការ​សាកល្បង​លើ​រូប​បក្សី​បន្ទាប់​របស់​អ្នក ដើម្បី​បង្កើន​ភាព​ស្រស់​ស្អាត​។ 

១. ភ្នែក​គួរ​ស្ថិត​ក្នុង​ការ Focus ច្បាស់​បំផុត​ក្នុង​រូបភាព​

អ្នក​ប្រហែល​ជា​ថតរូប​បក្សី​បាន​ច្រើន ហើយ​ធ្លាប់​លុប​នូវ​រូបភាព​មើល​ទៅ​មិន​ស្អាត និង​ទាក់ទាញ ដោយសារ​ភ្នែក​របស់​បក្សី​បែរ​មិន​ត្រឹមត្រូវ​ និង​មិន​ច្បាស់​។ 

មិនសូវល្អ

ល្អប្រសើរ

ពេល​អ្នក​ថតរូប​បក្សី អ្នក​អាច​ប្រើ Aperture ធំ​បំផុត​របស់ Lens ដោយ Focus លើ​ភ្នែក ដែល​អាច​ផ្តល់​នូវ​ភាព​ច្បាស់​បំផុត​ដល់​ភ្នែក ជាមួយ​នឹង​ផ្ទៃ​ខាងក្រោយ​មាន​សភាព​ព្រាល​។ ពេល Subject បម្លាស់ទី​លឿន អ្នក​ចាំបាច់​គួរ​ប្រើ  Depth of field ធំ និង Aperture f/8។ ម្យ៉ាង​វិញ​ទៀត​ក្នុង​ការ​បន្ត Autofocus អ្នក​អាច​ប្រើ Shutter speed ល្បឿន​លឿន​កម្រិត​ពី 1/1000 ទៅ 1/2000 និង Focal points (ចំនុច​ក្នុង​លំហ​ទិដ្ឋភាព​) ច្រើន ធ្វើ​ឲ្យ​ភ្នែក​ច្បាស់​ល្អ​។ 

២. ចំពុះ​ស្ថិត​នៅ ៩០ដឺក្រេ (ឆ្វេង ឬ​ស្តាំ​) នៃ​កាមេរ៉ា​

សម្រាប់​ការ​ថតរូប​មនុស្ស​លក្ខណៈ Portrait អ្នក​ប្រហែល​ជា​មិន​ថត​ពី​ក្រោយ​នៃ​ក្បាល​មនុស្ស ឬ​មនុស្ស​ងាក​ចេញ​ពី​កាមេរ៉ា​នោះ​ទេ ហើយ​រូបភាព​បក្សី​ក៏​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​បក្សី​គួរ​សម្លឹង​ឆ្ពោះ​មក​កាមេរ៉ា​។ 

មិនសូវល្អ

ល្អប្រសើរ

ដើម្បី​ចាប់​បាន​ទីតាំង​ក្បាល​បក្សី​ត្រឹមត្រូវ អ្នក​ចាំបាច់​ថត​ដោយ​ប្រើ Burst mode។ ជា​ធម្មតា បក្សី​ច្រើន​ងាកក្បាល​តិចៗ​គ្រប់​ទិសដៅ ដែល​ពិបាក​ក្នុង​ការ​ថត​ឲ្យ​ទាន់​ត្រឹម​ចុច​ថត​មួយ​ដង​។ ពេល​អ្នក​ឃើញ Subject អ្នក​ផ្ដោត​លើ​ក្បាល និង​ចាប់ផ្តើម​ប្រើ Burst ដើម្បី​ផ្ដិត​យក​រូប​ពី​ចលនា​នោះ​។ 

៣. កាមេរ៉ា​គួរ​ស្ថិត​នៅ​កម្ពស់​ដូចគ្នា​ទៅ​នឹង​ភ្នែក​បក្សី​

ការ​ថតរូប​បក្សី​នៅ​កម្រិត​ភ្នែក មាន​ការ​ពិបាក​បន្តិច​ដោយសារ​បក្សី​មាន​ស្លាប​អាច​ហោះហើរ ពេល​ខ្លះ​នៅ​ពី​លើ ឬ​នៅ​ពី​ក្រោម​យើង (ពេល​អ្នក​ឈរ​លើ​ទី​ខ្ពស់​) ដែល​ភាគច្រើន​អ្នក​ថតរូប​តម្រង់​កាមេរ៉ា​ឡើង​លើ ឬ​ចុះក្រោម​ក្នុង​ការ​ចាប់​យក​ផ្នែក​ណាមួយ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​រូបភាព​បច្ចុប្បន្ន​។ 

មិនសូវល្អ

ល្អប្រសើរ

ដើម្បី​បង្ហាញ​អ្នក​មើល​នូវ​បទពិសោធន៍​ថ្មី អ្នក​គួរ​ផ្តល់​ឧកាស​ដល់​អ្នក​មើល សម្លឹង​មើល​រូបភាព​បក្សី​នៅ​កម្រិត​ភ្នែក​របស់​វា (បក្សី​)។ 

ការ​ថតរូប​បក្សី​ស្ថិត​នៅ​កម្រិត​ភ្នែក​វា ទាមទារ​ភាព​ច្នៃ​ប្រឌិត ភាព​អត់ធ្មត់ និង​សំណាង​ផង​ដែរ​។ ដូច្នេះ ពេល​បក្សី​ហោះហើរ ឬ​ទុំ​លើ​មែក​ឈើ អ្នក​អាច​រក​ទីតាំង​ខ្ពស់​មួយ សម្រាប់​ថត ដូចជា​ថត​តាម​បង្អួត​ផ្ទះ ឬ​លើ​ស្ពាន ដោយ​ផ្ដោត​សំខាន់​លើ​មុំ។ អ្នក​អាច​ប្រើ Telephoto lens វែង​មួយ ដើម្បី​អាច​ចាប់​យក​រូបភាព​ពី​ចម្ងាយ​បាន​ល្អ​។ ចំពោះ​បក្សី​លើ​ដី ឬ​ក្បែរ​ទឹក អ្នក​អាច​ដាក់​កាមេរ៉ា​ទាប​លើ​ដី ឬ​ទន្ទឹម​នឹង​ទឹក (ប្រយ័ត្ន​ប្រយែង​) នៅ​កម្រិត​អ្នក​អាច​គ្រប់គ្រង​បាន​។ 

៤. ពន្លឺ​គួរ​ប៉ះ​នឹង​ភ្នែក​

ប្រសិនបើ​ពន្លឺ​បង្ហាញ​ត្រឹមត្រូវ​ប៉ះ​នឹង​ភ្នែក ជា​ធម្មតា​ចំហៀង​បក្សី​ក៏​បែរ​ទៅ​កាមេរ៉ា​មាន​ភាព​ភ្លឺ​ល្អ​ផង​ដែរ​។ 

មិនសូវល្អ

ល្អប្រសើរ

អ្នក​អាច​ចេញ​ក្រៅ​ពេល​មាន​ពន្លឺ​ថ្ងៃ និង​ឲ្យ​ព្រះអាទិត្យ​នៅ​ក្រោយ​អ្នក​។ ពន្លឺ​ល្អ​បំផុត​សម្រាប់​ការ​ថតរូប​បក្សី​គឺ​ទាប និង​តម្រង់​ចំ Subject តែ​ម្តង ហើយ​ក៏​មាន​ស្រមោល​បង្ហាញ​ច្រើន​កំឡុង​ពេល ១ ឬ ២ម៉ោង​ក្រោយ​ពេល​ថ្ងៃត្រង់​ផង​ដែរ​។​ បក្សី​បម្លាស់ទី​ទៅ​មក​ច្រើន ដូច្នេះ​អ្នក​អាច​ជ្រើសរើស​ទីតាំង​ល្អ​មួយ​មាន​ពន្លឺ​ល្អ និង​រង់ចាំ​ថត​ពេល​បក្សី​មក​ដល់​។ 

៥. ភ្នែក​គួរ​បង្ហាញ​បាន​ត្រឹមត្រូវ​

មិនសូវល្អ

ល្អប្រសើរ

បក្សី​មាន​ពណ៌​ភ្នែក​ផ្សេងៗ​គ្នា ដូច្នេះ​គួរ​កំណត់ Exposure ឲ្យ​បាន​ត្រឹមត្រូវ​កំឡុង​ពេល​ថត ឬ​អាច​បង្កើន​កម្រិត Exposure លើ​ភ្នែក​លើ​កម្មវិធី​កាត់ត ដោយ​កម្រិត​ប្រើ​មាន +0.3 ឬ +0.7 stops ជួយ​ដល់​រូបភាព​មើល​ទៅ​ស្អាត​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ petapixel   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី