យុវវ័យ​ខ្វល់​ចិត្ត​ព្រោះ​អាយុ​កាន់​តែ​ច្រើន សាក​អាន​ចំណុច​ទាំង ៥ នេះ​សិន

  • 2017-12-26 07:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ឆ្លង​ផុត​មួយ​ឆ្នាំ​ទៀត​ហើយ ដែល​ធ្វើ​ឲ្យ​យុវវ័យ​មួយ​ចំនួន​ខ្វល់​ខ្វាយ​ចិត្ត ត្បិត​អ្នក​ខ្លះ​មិន​ទាន់​សម្រេច​អ្វី​ដែល​ខ្លួន​ចង់​បាន ចំណែក​ឯ​អ្នក​ខ្លះ​ទៀត ចេះ​តែ​មាន​អារម្មណ៍​ព្រួយ​ភ័យ ពេល​អាយុ​កាន់​តែ​កើន។ យ៉ាង​ណា​មិញ បើ​អ្នក​មាន​អារម្មណ៍​ថា​ខ្វល់​ខ្វាយ ព្រោះ​អាយុ​កាន់​តែ​ច្រើន អាច​សាក​អាន​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១. ទោះ​ព្រួយ​ក៏​មិន​អាច​ហាម​ឃាត់​ភាព​ចាស់៖ ច្បាប់​ធម្មជាតិ តម្រូវ​ឲ្យ​មនុស្ស​ចាប់​ផ្ដើម​ជីវិត​ពី​ក្មេង​តូច​ម្នាក់ រហូត​ដល់​ចាស់​ជរា​ស្លាប់​ទៅ​វិញ ដោយ​មិន​អាច​ចៀស​រួច​ឡើយ។ មនុស្ស​ជា​ច្រើន នាំ​គ្នា​ស្រមើ​ស្រមៃ​ថា បើ​សិន​ខ្លួន​អាច​ប្រែ​ជា​ក្មេង​វិញ... បើ​សិន​ខ្លួន​មាន​ជីវិត​អមត... នោះ​ពិត​ជា​អស្ចារ្យ​ណាស់។ ប៉ុន្តែ​គ្រប់​យ៉ាង គឺ​មិន​អាច​ទៅ​រួច​ដូច​ការ​ចង់​បាន​ឡើយ ហើយ​វា​គ្រាន់​តែ​ជា​ការ​ស្រមៃ​នាំ​ឲ្យ​ខាត​ពេល​ប៉ុណ្ណោះ។ ត្រូវ​ទទួល​យក​ការ​ពិត និង​រៀន​រស់​សម្រប​ទៅ​តាម​ដំណាក់​កាល​នៃ​ជីវិត ទើប​គ្មាន​អារម្មណ៍​ថា​ព្រួយ​តប់​ប្រមល់។ ​

២. ការ​ព្រួយ​បារម្ភ​ច្រើន នាំ​ឲ្យ​ខ្លួន​ចាស់​ជាង​អាយុ៖ ការ​ព្រួយ​បារម្ភ​ពី​រឿង​វ័យ​កាន់​តែ​ចាស់ មិន​ត្រឹម​តែ​ខាត​ពេល​ឥត​ប្រយោជន៍​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ជាង​អាយុ​ពិត​ទៀត​ផង។ ព្រួយ​បារម្ភ គិត​ច្រើន ខ្វាយ​ខ្វល់ ស្រពាប់​ស្រពោន សុទ្ធតែ​ជា​មូលហេតុ​នៃ​ភាព​ចាស់​ជាង​អាយុ។ ដូច​នេះ គួរ​យក​ពេល​មក​សប្បាយ​រីករាយ​ឲ្យ​បាន​ច្រើន ទើប​រាង​កាយ​ស្រស​់​ថ្លា មើល​ទៅ​ក្មេង​ជាង​វ័យ។

៣. វ័យ​កាន់​តែ​ចាស់ ជា​ដំណាក់​កាល​ស្វែង​រក​សុភមង្គល​ពិត៖ ប៉ុន្មាន​ឆ្នាំ​ដំបូង នៃ​ការ​ចាប់​ផ្ដើម​ជីវិត បើក​ភ្នែក​ឃើញ​ពន្លឺ​ថ្ងៃ មនុស្ស​បាន​ស្គាល់​ភាព​សប្បាយ​រីករាយ​ដោយ​គ្មាន​កង្វល់ ប៉ុន្តែ​មិន​ទាន់​ជួប​សុភ​មង្គល​ពិត​នោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​ឈាន​ចូល​ដល់​អាយុ​ច្រើន​បន្តិច ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​រំភើប ចង់​ស្គាល់​រសជាតិ​ជីវិត​កាន់​តែ​ច្រើន បើ​ទោះ​ពេល​ខ្លះ មាន​អារម្មណ៍​ថា​ខ្វល់​ខ្វាយ​បន្តិច។ ដំណាក់​កាល​នេះ មនុស្ស​នឹង​ចាប់​ផ្ដើម​ស្គាល់​សុភមង្គល​ពិត​បន្តិច​ម្ដង​ៗ ក្នុង​នាម​ជា​គូ​សង្សារ ជា​ប្ដី-ប្រពន្ធ ជា​ឪពុក​-ម្ដាយ ជា​យាយ-តា ទៅ​តាម​ការ​ចម្រើន​នៃ​អាយុ។

៤. អាយុ​កាន់​តែ​ច្រើន ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ រស់​ដោយ​ខ្លួន​ឯង៖ នៅ​ពី​ក្មេង អ្នក​ជា​មនុស្ស​នៅ​ក្នុង​បន្ទុក​របស់​ឪពុក​ម្ដាយ ដែល​ជា​អ្នក​ទំនុក​បម្រុង​គ្រប់​យ៉ាង ជា​អ្នក​មើល​ការ​ខុស​ត្រូវ ជា​អ្នក​ចាំ​មើល​ថែ​គ្រប់​ពេល​វេលា។ ប៉ុន្តែ​នៅ​ពេល​អាយុ​ច្រើន អ្នក​នឹង​ក្លាយ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​លើ​ជីវិត ព្រោះ​មិន​អាច​រស់​នៅ​ក្រោម​ដំបូល​ឪពុក​ម្ដាយ រហូត​ដល់​ពួក​គាត់​ដើរ​លែង​រួច​នោះ​ទេ។

៥. មាន​សេរីភាព អាច​សម្រេច​ចិត្ត​បាន​ដោយ​ខ្លួន​ឯង៖ ចាប់​ផ្ដើម​ឈាន​ដល់​ដំណាក់​កាល​យុវវ័យ មនុស្ស​ភាគ​ច្រើន​មាន​ក្ដី​ស្រមៃ​ខ្ពស់ ចង់​បាន​អ្វី​ដែល​ជា​របស់​ខ្លួន ចេញ​ពី​ការ​គិត​របស់​ខ្លួន។ នៅ​ពេល​អាយុ​ច្រើន អ្នក​អាច​សម្រេច​ចិត្ត​ជ្រើសរើស​ការងារ​ដែល​ខ្លួន​ពេញ​ចិត្ត... អាច​យក​ប្រាក់​ខែ ឬ​លុយ​ដែល​រក​បាន​ទៅ​ទិញ​របស់​ដែល​ខ្លួន​ស្រលាញ់ និង​អាច​សម្រេច​ចិត្ត​ធ្វើ​រឿង​ជា​ច្រើន​ទៀត ដោយ​មិន​ចាំ​បាច់ មាន​ការ​ខ្វល់​ខ្វាយ​ពី​អ្នក​ជុំវិញ​ខ្លួន​ឡើយ។ នោះ​ហើយ ជា​មូល​ហេតុ​ដែល​មនុស្ស​ត្រូវ​ដើរ​តាម​ដំណាក់កាល​នៃ​ជីវិត ដោយ​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ ព្រួយ​បារម្ភ​ឡើយ។ មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​ចូល​ចិត្ត​ជីវិត​បែប​ផ្សង​ព្រេង ខុស​ពី​ក្មេង​ដែល​មិន​ទាន់​ចេះ​គិត៕

ចុចអានអត្ថបទ៖

ប្រភព៖ Youqueen   ប្រែ​សម្រួល៖ គង់ វិសាល