ជិតដាច់មួយឆ្នាំទៀតហើយ នៅតែគ្មានសល់អ្វីក្នុងខ្លួន សាកគិតចំណុចទាំងនេះ
- 2017-12-12 08:05:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដាច់មួយឆ្នាំទៀតហើយ នៅតែគ្មានសល់អ្វីក្នុងខ្លួន សាកគិតចំណុចទាំងនេះ
ចន្លោះមិនឃើញ
ក្នុងមួយជីវិតមានមួយឆ្នាំប៉ុន្មានដង? មិនយូរប៉ុន្មានទេ ឆ្នាំ២០១៨ នឹងឈានចូលមកដល់ ដែលជាក្ដីកង្វល់សម្រាប់យុវវ័យភាគច្រើន ព្រោះគិតថាពេលវេលាដើរលឿនពេក ទាំងមិនទាន់បានធ្វើអ្វីសម្រេចសោះ មិនទាន់សល់អ្វីជាដុំកំភួនសម្រាប់អនាគត។ បើជិតដាច់មួយឆ្នាំទៀត តែអ្នកនៅតែមិនទាន់មានអ្វីសល់ សាកគិតចំណុចខាងក្រោមនេះ៖
១. សប្បាយចាយបច្ចុប្បន្នខ្លាំងពេក ភ្លេចគិតអនាគត
ពិតណាស់ ពេលរកបានចំណូល ឬមានប្រាក់ខែដោយខ្លួនឯង ការចាយវាយក៏ទូលាយជាងមុន ព្រោះគិតថាអាចរកបានទៀត។ ប៉ុន្តែអ្នកភ្លេចថាពេលវេលាចេះតែដើរទៅមុខ ហើយមិនប្រាកដថាលុយអាចរកបានដោយស្រួលរហូតនោះទេ។ ទម្លាប់ដៃទូលាយ ចាយវាយស្រួលៗ ស្រាប់តែដាច់មួយឆ្នាំទៀតដោយគ្មានសល់អ្វីក្នុងខ្លួន។
២. ចង់បានមិនចេះចប់
បច្ចេកវិទ្យាកាន់តែទំនើប មនុស្សមានតម្រូវការកាន់តែច្រើន ដើម្បីដើរឲ្យទាន់សម័យកាល។ មានកង់ ចង់បានម៉ូតូ មានម៉ូតូ ចង់បានឡាន... ចំណែកទូរសព្ទ មានតម្លៃ ៥០ ចង់បានស៊េរីថ្មីតម្លៃ១០០ មានតម្លៃ១០០ ចង់ដេញស៊េរីឡើងតម្លៃ៥០០... តើធ្វើយ៉ាងណាអាចសល់លុយកើត? របស់ប្រើប្រាស់មិនចាំបាច់ទាំងនេះ នឹងធ្លាក់ថ្លៃ ឯលុយដែលរកបាន ត្រឹមផ្គត់ផ្គង់វា ជាមូលហេតុធ្វើឲ្យអ្នករកលុយសល់មិនបាន។
៣. គ្មានផែនការច្បាស់លាស់
នៅពេលដែលអ្នកគ្មានផែនការច្បាស់លាស់ក្នុងជីវិត មិនគិតថាថ្ងៃមុខ ចង់មានផ្ទះនៅខ្លួនឯង ឬយ៉ាងណា ឬចង់រៀបការនៅអាយុប៉ុន្មាន នោះអ្នកនឹងគ្មានការតាំងចិត្តដើម្បីសន្សំលុយឡើយ។ បើចង់សល់លុយខ្លះ គួរមានផែនការច្បាស់លាស់ និងចាប់ផ្ដើមគិតពីទំហំលុយដែលត្រូវសន្សំទុក ដើម្បីសម្រេចគោលដៅទាំងនោះនៅពេលណាមួយ។
៤. ជំពាក់គេច្រើន
"បើកប្រាក់ខែមក សងគេអស់...” ជាពាក្យដែលអ្នកធ្វើការភាគច្រើន នាំគ្នានិយាយរាល់ពេលចុងខែម្ដងម្ដង។ ជំពាក់គេ ហាក់ដូចចាយលុយវិលជុំដូច្នោះដែរ ព្រោះអាងខ្ចីគេបាន ក៏សប្បាយក្នុងការចាយទាំងពេលចុងខែ។ គួរសន្សំលុយសងគេឲ្យអស់ រួចចាប់ផ្ដើមចាយតាមចំណូល ចៀសវាងខ្ចីគេមកចាយ ប្រសិនបើមិនចាំបាច់។
៥. ចង់មានបានលឿនជ្រុល
មនុស្សជាច្រើន ចង់ចាកចេញពីភាពក្រឆាប់ ដើម្បីក្លាយជាអ្នកមានលឿន ក៏ប្រឹងចំណាយលុយលើអ្វីមួយខុស រហូតធ្វើឲ្យអស់រលីងពីខ្លួនក៏មាន។ ជាក់ស្ដែង អ្នកខ្លះទៅវិនិយោគជំនួញមិនច្បាស់ រហូតចាញ់បោកគេ ឬយកលុយទៅលេងល្បែង និងចំណាយលើអ្វីផ្សេងទៀតដែលគ្មានប្រយោជន៍ រហូតពេលអស់ពីខ្លួន បាត់ទាំងកម្លាំងចិត្តក្នុងការបន្តដំណើរ។
៦. មិនចូលចិត្តស្វែងយល់
ការរៀនសូត្រគ្មានទីបញ្ចប់ ទោះដល់វ័យណាក៏ដោយ ប៉ុន្តែនៅពេលអ្នកគិតថាលែងចង់ស្វែងយល់ នោះជីវិតក៏មិនជោគជ័យដែរ។ ការធ្វើការងារដដែលៗ កុំរំពឹងថាមានការផ្លាស់ប្ដូរ ឬសល់លុយច្រើនជាងមុន ព្រោះអ្នកនឹងទទួលបានលទ្ធផលដដែលដូចគ្នា។ ព្យាយាមស្វែងយល់ និងផ្លាស់ប្ដូរ ទើបអាចមានអ្វីប្លែកជាងមុន។
៧. ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
ចាប់ផ្ដើមគិតថា វ័យស្របាលគ្នា តែគេមានឡានជិះ គេមានផ្ទះនៅផ្ទាល់ខ្លួន ឬគេរៀបការរួច... សុទ្ធតែជាមូលហេតុនាំឲ្យអ្នកធ្លាក់ក្នុងភាពសោកសៅ ហើយបាត់បង់កម្លាំងចិត្ត ក្នុងការធ្វើការ ឬប្រឹងប្រែងរកចំណូល។ គួរយកពេលនេះ មកគិតអ្វីថ្មី ឬធ្វើយ៉ាងណា ដើម្បីឲ្យឆ្នាំថ្មី អាចសល់លុយកាក់ឡើងវិញ។
ចំពោះបញ្ហាមួយចំនួនទៀត ដូចជាប្រាក់ខែតិច ឬឈឺច្រើន ឬជួបបញ្ហានានា គឺជារឿងក្រៅខ្លួនដែលចៀសមិនរួច។ ចំណុចដែលបង្ហាញខាងលើ គឺទាក់ទងនឹងខ្លួនឯងផ្ទាល់ ចាប់ផ្ដើមពីខ្លួនឯងផ្ទាល់៕
ចុចអានអត្ថបទ៖
គួរធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួន មុនចូលឆ្នាំ២០១៨ ឈានមកដល់ជិតមួយខែទៀតនេះ?
រឿងតូចៗទាំង ៥០យ៉ាង បើអ្នកឈានចូលវ័យ ២០ឆ្នាំហើយគួរតែដឹងច្បាស់
វិធីសាស្ត្របន្តជំហានទៅមុខដើម្បីសម្រេចក្ដីសុបិន ពេលជួបការលំបាក