អស្ចារ្យ! អង្គរវត្តដណ្ដើមចំណាត់ថ្នាក់លេខ១ផ្ទួនៗគ្នា ឈ្នះអស់ប្រាសាទល្បីៗលើលោក

  • 2018-01-03 02:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ចុង​ក្រោយ​នេះ ប្រាសាទ​អង្គរវត្ត​ដ៏​អច្ឆរិយ​របស់​កម្ពុជា បាន​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​១​ផ្ទួន​គ្នា ពី​បណ្ដា​គេហទំព័រ​ល្បី​ៗ​លើ​លោក។ ថ្ងៃ​នេះ Sabay សូម​សង្ខេប​ចំណាត់​ថ្នាក់​លេខ​១​សំខាន់ៗ​នៃ​ប្រាសាទ​អង្គរវត្ត ដូច​ខាង​ក្រោម​នេះ៖

១. ​ចំណាត់​ថ្នាក់​លេខ១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើលោក

ក្រោយ​ការ​ចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជា​សំណង់​ដ៏​មាន​សារៈ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​កន្លង​ទៅ។

នេះគឺជាឆ្នាំទី៤ហើយ ដែល​អង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយ​ទទួល​បាន​ចំណាត់​លេខ១​ជាប់ៗ​គ្នា​តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤ អង្គរ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ១​ នៅ​លើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំង​អស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា នោះ​គឺ​គេហទំព័រ​ ArchaeoMadness។

បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរ​វត្ត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ម្តងទៀត នៅ​លើ​គេហទំព័រ​អន្តរជាតិមួយ ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បីៗ​លើ​ពិភពលោក នោះ គឺ គេហទំព័រ TripAdvisor។

នៅឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភពព័ត៌​មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាមរយៈ​វែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។

២. ជាប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ចំណោម​ប្រាសាទ​ធំ​មហិមាទាំង១០​លើ​លោក

​គេហទំព័រ​​ទេស​ចរណ៍​អន្តរជាតិ​ Touropia ​​បាន​ចាត់​ថ្នាក់​​​​សំណង់​ប្រាសាទ​​​ថ្មី​ចាស់​​ ​មិន​ប្រកាន់​សាសនា នៅ​ជុំ​វិញ​​ពិភពលោក ដោយ​​រក​ឃើញ​ប្រាសាទ​​ចំនួន​ ១០​មាន​ទំហំ​​ធំ​​ជាង​គេ​ ​​ក្នុង​នោះ​​​ប្រាសាទ​អង្គរ​វត្ត របស់​កម្ពុជា​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១។

សំណង់​ប្រាសាទ​ទាំង ១០ មាន​ដូច​ខាងក្រោម៖

#១. ​ប្រាសាទ​អង្គរ​វត្ត (កម្ពុជា)

​​​​​ប្រាសាទ​អង្គរ​វត្ត​មាន​គោបុរៈ​ចំនួន​បី​ គោបុរៈ​ក្រៅ​គេ​​មាន​ទំហំ ១៨៧ x ២១៥​ម៉ែត្រ​ គោបុរៈ​ទីពីរ​​មាន​ទំហំ ១០០ x ១១៥​ម៉ែត្រ​ ​ខាង​ក្នុង​គេ​​ទំហំ ៦០​ x ៦០ម៉ែត្រ​ ​និង​​កំពូល​កណ្ដាល​​កម្ពស់​ ៦៥ម៉ែត្រ​។

#២. ប្រាសាទ Karnak នៅ​អេហ្ស៊ីប

Kanak ​ជា​ប្រាសាទ​​បុរាណ​មាន​បរិវេណ​​ធំ​ជាង​គេ​បំផុត​​ក្នុង​លោក​ មាន​សសរ​​ចំនួន ១៣៤​​ដើម​ ​ចំនួន ១៦​ជួរ​​​សម្រាប់​ទ្រ​ដំបូល​ ដែល​មាន​កម្ពស់ ២៤ម៉ែត្រ។

#៣. ​ប្រាសាទ Borobudur ឥណ្ឌូណេស៊ី

​ប្រាសាទ​​បុរាណ​​រាង​ជាន់​​ថ្នាក់ៗ ​នេះ​​ស្ថិត​​​នៅ​កោះ​ជ្វា ​ចម្ងាយ​​ ៤០​គីឡូម៉ែត្រ​ភាគ​ខាង​​ពាយ័ព្យ​ទីក្រុង Yogyakarta.។ ​Borobudur ​​ត្រូវ​បាន​សង់​ក្នុង​សតវត្ស​ទី​៨ ​និង​​​ជា​​ប្រាសាទ​​សម្រាប់​ព្រះ​ពុទ្ធ​សាសនា​​ធំជាង​គេ​បំផុត​ក្នុងលោក​​។ ដុំ​ថ្ម​​​ប្រើ​សម្រាប់​សង់​មាន​ចំនួន​ ២លាន​ដុំ ក្នុង​ទំហំ ១២៣ x ១២៣​ម៉ែត្រ ​កំពូល​ខ្ពស់​ជាង​គេ​​​កម្ពស់ ៣៥​ម៉ែត្រ។

#៤. ​ប្រាសាទ​ Akshardham នៅ​ឥណ្ឌា​​

​ប្រាសាទ​​នេះ​​​ទើប​​​​​សាងសង់​បញ្ចប់​​ក្នុង​​ឆ្នាំ ២០០៥​ របស់​អង្គការ​ BAPS ​​ដោយ​កំពូល​​កណ្ដាល​គេ​​កម្ពស់​ ៤៣ម៉ែត្រ​ ទទឹង​ ៩៦​ម៉ែត្រ ​និង​ប្រវែង ១១០ម៉ែត្រ ជាមួយ​​សួន​ច្បារ​ខាង​ក្រោម​​​យ៉ាង​ស្រស់​បំព្រង។

#៥. ប្រាសាទ Sri Ranganathaswamy នៅ​ឥណ្ឌា

​ប្រាសាទ​​នេះ​​សង់​ឡើង​សម្រាប់​ឧទ្ទិស​​ដល់​ព្រះ​វិស្ណុ ​សង់​ក្នុង​សតវត្ស​ទី​១៧ លើ​ផ្ទៃ​ ១៥៦​​អា ​មាន​ប៉ម​ចំនួន ២១ និង​កម្ពស់​ ៧៣ម៉ែត្រ។

#៦. ​ចេតិយ ​Jetavanaramaya នៅ​ស្រីលង្កា ​ Jetavanaramaya ស្ថិត​នៅ​​ទីក្រុង Anuradhapura ប្រទេស​ស្រីលង្កា ​ដែល​ជា​ចេតិយ​​ធំ​បំផុត​លើ​លោក។ ​សំណង់​​នេះ​​ត្រូវ​បាន​​​កសាង​​ដោយ​ស្ដេច​ Mahasena ​ក្នុង​សតវត្ស​ទី៣ ចំណាយ​ពេល​ ១៥​ឆ្នាំ ​និង​​​ឥដ្ឋ​ ៩៣,៣លាន​​ដុំ​ និងមានកម្ពស់ ១២២​ម៉ែត្រ។

#៧. ប្រាសាទ Tikal ​ឬ​ប្រាសាទ​បួន​ ​នៅ​សាធារណរដ្ឋ​​ហ្គាតាម៉ាឡា Tikal ​ជា​ទីក្រុង​​​Mayan ធំ​បំផុត ​ក្នុង​ចន្លោះ​ឆ្នាំ ២០០ ​ដល់​ ៩០០​​នៃ​គ.ស ដែល​កាល​នោះ​​មាន​​ប្រជាជន​រស់​នៅ​ ១០ទៅ ២០ម៉ឺន​នាក់។ ​ប្រាសាទ​​នេះ​មាន​កម្ពស់ ​៧២ម៉ែត្រ ​​និង​បញ្ចប់​​ការ​សាងសង់​​នៅ​ឆ្នាំ ៧០២។

#៨. ​​វិហារ Saint Sava នៅ​ប្រទេស​ស៊ែប៊ី

​​​​​​​​​​វិហារ​​នេះ​​​ចាប់​ផ្ដើម​សាងសង់​​​ក្នុង​ឆ្នាំ ១៩៨៥ ​និង​បញ្ចប់​ក្នុង​ឆ្នាំ ២០០៤ ​តែ​គ្រឿង​​តុប​តែង​​​មិន​ទាន់​រួច​រាល់។ វា​មាន​ប្រវែង​ ៩១ម៉ែត្រ ​ទទឹង​ ៨១​ម៉ែត្រ កម្ពស់ ៧០ម៉ែត្រ និង​​នៅ​លើ​ផ្ទៃ​ដី​ ៣ ៥០០ម៉ែត្រ​ការ៉េ។

#៩. វិហារ​គ្រិស្ត​ Christ the Saviour ​នៅ​រុស្ស៊ី

​Christ the Saviour ជា​​វិហារ​​សាសនា​គ្រិស្ត​ខ្ពស់​បំផុត​​​​​នៅ​ក្នុង​លោក កម្ពស់ ១០៣​ម៉ែត្រ​ ដែល​ត្រូវ​បាន​​កសាង​​ក្នុង​សតវត្ស​ទី ១៩ ​​​​និង​រយៈ​ពេល​ ៤០​ឆ្នាំ។ ក្នុង​ឆ្នាំ​១៩៣១​​ ​វិហារ​នេះ​​ត្រូវ​បាន​គេ​​កម្ទេច​ ក្រោម​បញ្ជា​របស់​មេដឹកនាំ​ស្តាលីន ដើម្បី​​ធ្វើ​ជា​វាំង​របស់​សូវៀត។ ​រហូត​​ដល់​ឆ្នាំ ១៩៩០​​​​ ​វិហារ​រុស្ស៊ី Russian Orthodox ទទួល​បាន​ការ​អនុញ្ញាតឲ្យ​​ស្ថាបនា​វិហារ​ឡើង​វិញ និង​រួច​ជា​ស្ថាពរ​ក្នុង​ឆ្នាំ ២០០០។

#១០. ​ប្រាសាទ Baalbek ​នៅ​ប្រទេស​លីបង់​

​​ប្រាសាទ​ Baalbek ​​ឬ​គេ​ស្គាល់​ថា Heliopolis ​​ត្រូវ​បាន​សាងសង់​ឡើង​តាំង​ពី​សតវត្ស​​ទី ១​មុន​គ.ស ​មាន​បណ្ដោយ​ ៦៩ម៉ែត្រ ទទឹង​ ៣៦ម៉ែត្រ ​កម្ពស់​ ១៩ម៉ែត្រ​ និង​​​សសរ​បញ្ឈរ​​ចំនួន​ ៤២​ដើម។ ​​ជនជាតិ​រ៉ូម៉ាំង​​​បាន​​សង់​​វា​ឡើង​​ក្នុង​រយៈ​ពេល​ជាង ២​សតវត្ស​​ទើប​រួច។

៣. ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជា​គោល​ដៅ​ទេសចរណ៍​នៅ​លើ​វេបសាយ​យូណេស្កូ

ប្រាសាទ​អង្គរវត្ត បាន​ជាប់​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​វប្បធម៌ លេខ​១ របស់​អាស៊ី ​នៅ​លើ​វេបសាយ​​បេតិកភណ្ឌ​ពិភពលោក​នានា​របស់​អង្គការ​យូណេស្កូ ដែល​ជា​គោលដៅ​ទេសចរណ៍​ធំ​បំផុត​​សម្រាប់​ភ្ញៀវ​ទេសចរ​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​ប្រភព​ពីវេបសាយ Asian Correspondent ចុះផ្សាយ​នៅ​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ​២០១៨។

ប្រភព​ដដែល បាន​ចាត់ទុក​ប្រាសាទ​អង្គរវត្ត​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈ​សំខាន់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ អង្គរវត្ត ក៏​ជាប់​ជា​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ ដែល​ជា​គោលដៅ​របស់​ទេសចរ នៅ​លើ​វេបសាយ TripAdvisor ផង​ដែរ។

គោលដៅ​ទេសចរណ៍ ដែល​ឈរ​នៅ​ក្រោម​ប្រាសាទ​អង្គរវត្ត នៅ​លើ​វេបសាយ​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ មាន ២- ចេតិយ Taj Mahal (ឥណ្ឌា) ៣- មហា​កំផែង (ចិន) ៤- តំបន់​ប្រវត្តិសាស្ត្រ​ Machu Picchu (ប៉េរូ) ៥- ឧទ្យាន Iguazu (ប្រេស៊ីល-អាហ្សង់ទីន) ៦- តំបន់​ប្រវត្តិសាស្ត្រ Sassi di Matera (អ៊ីតាលី) ៧- ជំរំ Auschwitz Birkenau (ប៉ូឡូញ) ៨- ទីក្រុង​ចាស់​ជេរូហ្សាឡឹម (អ៊ីស្រាអែល) ៩- តំបន់​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​អ៊ីស្តង់ប៊ុល (តួកគី) ១០- ទីក្រុង​ប្រវត្តិសាស្ត្រ Krakow (ប៉ូឡូញ)។

សូមជម្រាបជូនថា ក្នុង​ឆ្នាំ​២០១៧ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ជាង ២,៤៥លាន​នាក់ កើន​ឡើង ១១,៨២ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦។ ចំណែក​ឯ​ប្រាក់​ចំណូល​សរុប​បាន​ពីការ​លក់​ប័ណ្ណ​ចូល​ទស្សនា​វិញ គឺ​មាន​ចំនួន​ជិត ១០៨លាន​ដុល្លារ​អាមេរិក កើន​ឡើង ៧២,៥៤ភាគរយ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ចេញផ្សាយ​ថ្ងៃ​ទី១ ខែមករា ឆ្នាំ​២០១៨ នេះ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី