សង្គម​ស៊ីវិល៖ ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​តាម​ចាប់​អ្នក​បើកបរ​ខុស​ច្បាប់ គួរ​ធ្វើ​រឿង​នេះ​មុន​គេ

  • 2018-01-04 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១- គប្បីផាក​ពិន័យ​​អ្នក​ធំ ឬ​អ្នក​មាន​អំណាច​មុន ដើម្បីបង្ហាញភាពជាគំរូ

២- សមត្ថកិច្ច​រឹតបន្ដឹងច្បាប់​ចរាចរណ៍​ជើងគោក តាមរយៈ​កាមេរ៉ាសុវត្ថិភាព​តាម​ស្ដុប

៣- ២០១៧ សមត្ថកិច្ច​ផាកពិន័យ​បាន​ជិត ១លាន​ដុល្លារ ក្រោយ​ពី​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ជើងគោកថ្មី

៤- ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នក​បើកបរ ដើម្បី​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​នៅកម្ពុជា

«អ្នក​តូច​មើល​អ្នក​ធំ» អាច​ថា​ជា​ពាក្យ​មួយ​សំដៅ​ដល់​ជំងឺ​មើល​បំណាំ​គ្នា ដែល​ធ្វើ​ឲ្យ​អ្នក​បើកបរ​យានជំនិះ​លើ​ដង​ផ្លូវ ​នៅតែ​មាន​បទ​ល្មើស​ចរាចរណ៍។ ម៉្លោះ​ហើយ​ចង់​មិន​ចង់​ ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ ក៏ដូចជា ផ្លាស់​ប្ដូរ​ឥរិយាបថ​អ្នក​បើកបរ​នៅ​លើ​ដង​ផ្លូវ​ងាក​មក​គោរព​ច្បាប់​ចរាចរណ៍ គឺ​ផ្ដើម​ចេញ​ពី​អ្នក​ធំ​គោរព​ច្បាប់​ជាមុន​សិន។ នេះ​ជា​ការ​លើកឡើង​របស់ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​ Sabay ព្រឹក​ថ្ងៃ​ទី ៤ ខែ​មករា ២០១៨។

ផ្ដើម​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨​ភ្លាម រាជរដ្ឋាភិបាល​បាន​ប្រកាស​អំពី​វិធានការ​តឹង​រឹង​លើ​ការ​អនុវត្ត​ច្បាប់ ដោយ​សមត្ថកិច្ច​បាន​ឲ្យដឹងថា នឹង​ពិនិត្យ​កាមេរ៉ា​ទំនើប​តាម​ភ្លើង​ស្ដុប តាម​រក​អ្នក​ដែល​ជិះ​ម៉ូតូ​មិន​ពាក់​មួក សុវត្ថិភាព ដើម្បី​ផាក​​ពិន័យ​ និង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ចំពោះ​អ្នក​ដែល​មិន​ព្រម​បង់​ប្រាក់​ពិន័យ​ជាដើម។

មិន​បដិសេធ​នឹង​វិធាន​ការ​តឹង​រឹង​ខាង​លើ​របស់​សមត្ថកិច្ច លោក សន ជ័យ ដែល​ប្រឡូក​ក្នុង​អង្គការ​សង្គម​ស៊ីវិល​​ជិត ​២០ឆ្នាំ បាន​បញ្ចេញ​ទស្សនៈ​ថា វិធានការ​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ​ដើម្បី​រក​ឲ្យ​ឃើញ​អ្នក​មាន​បទ​ល្មើស​ជា​រឿង​ល្អ ប៉ុន្តែ​កាន់តែ​ល្អ គឺ​ត្រូវ​បើក​មើល​ និង​ស្វែង​រក​ចាប់​អ្នក​ធំ​ជា​មុន​សិន។ ន័យត្រង់​នេះ​ លោក ​សន ជ័យ បាន​បញ្ជាក់​ថា កន្លង​មក​រថយន្ត​ដាក់​ផ្លាក​លេខ​រដ្ឋ ន.ប ឬ​រថយន្ត​ដែល​មាន​បំពាក់​អាវ​នគរបាល​ក្នុង​ឡាន​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ហើយ​ហាក់​ដូចជា​នគរបាល​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​មួយចំនួន​មើល​រំលង។ មើល​រំលង​ពួកគេ​មិន​ចង់​ឲ្យ​ប៉ះពាល់​អំពី​តួនាទី​ជាដើម។

«ដើម្បី​ឲ្យ​អនុវត្តន៍​ច្បាប់​មាន​ប្រសិទ្ធភាព ខ្ញុំ​យល់​ថា ភាព​ជា​គំរូ​ ជា​រៀង​សំខាន់ ដូច្នេះ​ការ​ពិនិត្យ​មើល​កាមេរ៉ា​នេះ​គួរ​ចាប់​ផ្ដើម​រក​មើល​អ្នក​ធំ​ប្រព្រឹត្តិ​បទ​ល្មើស​សិន និង​ឡាន​ធំៗ វែងៗ ១តោន​កន្លះ​ជាដើម ដែល​តែងតែ​ប្រព្រឹត្តិ​បទល្មើស។ ពាក្យ​មួយ​គេ​តែង​ថា អ្នក​តូច​មើល​អ្នក​ធំ»។

ឆ្លើយ​នឹង​សំណួរ​ថា តើ​កាមេរ៉ា​សុវត្ថិភាព​អាច​ចាប់​បាន​អ្នក​បើកបរ​មាន​បទ​ល្មើស​ហើយ ប៉ុន្តែ​យានជំនិះ​ទាំង​នោះ​មិន​ទាន់​កាត់​ឈ្មោះ ដែល​ការ​ផាក​ពិន័យ​មាន​ការ​លំបាក? កន្លង​មក​តាម​អ្វី​ដែល​ខ្ញុំ​ដឹង នគរបាល​ចរាចរណ៍​បាន​ចេញ​លិខិត​ផាក​ពិន័យ ហើយ​ម្ចាស់​ដើម​ដែល​មិន​បាន​កាត់​ឈ្មោះ​ បាន​ស្ទុះស្ទា​ទៅ​កាត់​ឈ្មោះ ដែល​នេះ​ជា​រឿង​ល្អ​មួយ​ វា​ជា​វិធាន​ការ​ល្អ។ មួយ​ទៀត​ ខ្ញុំ​សង្កេត​ឃើញ​ថា រាជរដ្ឋាភិបាល​បាន​កែ​ទម្រង់​បាន​ច្រើន​លើ​រឿង​នីតិវិធី​កាត់​ឈ្មោះ​ម្ចាស់​យាន​ជំនិះ​ផង​ដែរ។

មែនទែន​ទៅ ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី​ បាន​ចាប់​ដាក់​ឲ្យ​អនុវត្តន៍​តាំង​ពី​ខែ​ មករា ឆ្នាំ ២០១៦ ដែល​ច្បាប់​នេះ​រឹតបន្ដឹង​ជាង​ច្បាប់​ចាស់ ដោយ​បាន​ដាក់​ការ​ផាក​ពិន័យ​១ទ្វេ​ជា ៥នៃ​ច្បាប់​ចាស់។

ងាក​ទៅ​របាយការណ៍​​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​បង្ហាញ​ថា នគរបាល​​បាន​ទទួល​ការ​បង់​ប្រាក់​ពិន័យ តាម​ស្នាក់​ការ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ដែល​បាន​កំណត់​ទទួល​បាន​ប្រាក់​ពិន័យ​ចំនួន​ជាង ៣ ៨២០ ០០០ ០០០ រៀល ស្មើ​ប្រមាណ ជាង ៩៥០ ០០០ ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​កិច្ច​ប្រជុំ នៅ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៧។

លោក​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន អគ្គ​ស្នងការ​​នគរបាល​ជាតិ បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​​ កាលពីថ្ងៃពុធថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវតែ​រឹត​បន្តឹង​មិន​អាច​ធូរ​រលុង​បានទេ និង​រិះរក​វិធី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព។

បន្ថែម​លើ​នេះ​ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម បាន​លើក​ឡើង​ថា ក្រៅ​ពី​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ សំខាន់​ឥរិយាបថ​អ្នក​បើក​បរ​ ជាពិសេស​ភាព​ជា​គំរូ ជា​អាទិភាព​ នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់៕

ចុចអាន

អត្ថបទ៖ ប៊ិន ប៊ុណ្ណា