ឆ្នាំ​២០១៧ អ្នកដំណើរ​​ឆ្លង​កាត់​ច្រក​ប៉ោយប៉ែត​​​បាន​​​កើន​ឡើង​រង្វង់ ២០%​

  • 2018-01-15 07:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដំណើរ​ឆ្លង​កាត់​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​​ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​នៅ​ឆ្នាំ​២០១៧​ ​បាន​កើន​​ឡើង​រង្វង់​២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​២០១៦ កន្លងមក​។នេះ​បើ​យោង​តាម​របាយការណ៍​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​។

ចុចអាន៖ ចំណូល​ពន្ធ​ពី​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ឆ្នាំ​ ២០១៧ បាន​ជាង ២២៦ លាន​ដុល្លារ​

របាយការណ៍​បាន​ឱ្យ​ដឹង​ថា អ្នកដំណើរ​ចូល​មក​កម្ពុជា​តាម​ច្រក​ប៉ោយ​ប៉ែត​​​ មាន​ជាង ៣ លាន​ ៣ ម៉ឺន​​នាក់​ ដែល​ចំនួន​នេះ​មាន​​ការ​កើន​ឡើង​ជាង ៥៤​ម៉ឺន​នាក់​ ស្មើ​នឹង​ ២២,០៤% ដោយ​ឡែក​ភ្ញៀវ​បរទេស​​មាន​ជាង ៥១​ម៉ឺន​នាក់​ ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ចំនួន ៨៩ ៧៦៤​នាក់ ស្មើ​នឹង​ ២០,៩០%។

ចុចអាន៖ ប្រវត្តិ​ចម្លាក់​ប្រាសាទ​បន្ទាយ​ឆ្មារ​ ​ជាប់​ដាន​ប្រវត្តិសាស្ត្រ​ តែ​គេ​មើល​រំលង​

ចំណែក​ចំនួន​អ្នក​ដំណើរ​ចាក​ចេញ​ពី​កម្ពុជា​មាន​ជាង ៣លាន​២ សែន​នាក់​ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ ៥៩ ​៣៤៤០ នាក់​ ស្មើ ២២,៦៩​% ដោយ​ឡែក​​ភ្ញៀវ​បរទេស​មាន​ចំនួន​ ៥៣ ១៤០១ នាក់ កើន​ឡើង​ជាង​ឆ្នាំ​មុន​ ៨៨ ៤៤០នាក់​ ស្មើនឹង​ ១៩,៩៧%​ និង​មាន ១៥៣ សញ្ជាតិ​។

ពាក់​ព័ន្ធ​ទៅ​នឹង​ការ​កើន​ឡើង​នេះ លោក ហូ វណ្ឌី ទី​ប្រឹក្សា​​​សមាគម​​​ទី​​ភ្នាក់ងារ​​​ទេសចរណ៍​​​កម្ពុជា​ចាត់​ទុក​​ថា នេះ​គឺជា​សញ្ញាល្អ​មួយ​សម្រាប់​វិស័យ​ទេសចរ​​​កម្ពុជា​ ខណៈ​មួយ​ឆ្នាំ​ៗ​មាន​ភ្ញៀវ​ទេសចរ​រង្វង់​​ ពី​ ៤៧% ទៅ ៤៨ % ​​បាន​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​តាម​ដីគោក​​។

ចុចអាន៖ អ្នក​លក់​ដូរ​នៅ​អាងទឹក​ត្រពាំង​ថ្ម​ ត្អូញត្អែរ​ពី​ចំណូល​ធ្លាក់​ចុះ​ពាក់​កណ្ដាល ខណៈ​ភ្ញៀវ​ទៅ​លេង​ច្រើន

លោក​ថា បើ​គ្មាន​វិបត្តិ​​កើត​ឡើង​ទេ​​ លោកជឿថា ចំនួន​ភ្ញៀវ​ឆ្លង​កាត់​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​ក្នុង​ឆ្នាំ ​២០១៨នេះ​ នឹង​អាច​មាន​ការ​កើន​ឡើង​។ វិបត្តិ​ដែល​​អាច​នឹង​ប្រឈម​ខ្លាំង​ចំពោះ​វិស័យ​ទេស​ចរ ​​​រួម​មាន​ វិបត្តិ​នយោបាយ​ វិបត្តិសេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ជាមួយ​នឹង​ពិភពលោក​​ គ្រោះ​ទុរភិក្ស​ ការ​បង្ក​បញ្ហា​ដោយ​ក្រុម​ភេរវកម្ម​ និង​ប្រភេទ​ជំងឺរាតត្បាត​លើ​ពិភពលោក។

«អញ្ចឹង​បើ​គ្មាន​​ការ​គំរាម​កំហែង​ទាំង​ ៥​ហ្នឹង​ទេ គឺជា​​ចំណុច​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​។ ជាទូទៅ​វិស័យ​ទេសចរណ៍​ត្រូវ​បាន​ចាត់ទុក​ជា​វិស័យ​នាំ​មុខ​មួយ​ បើ​វិស័យ​ទេសចរ​ដើរ​ វិស័យ​​ផ្សេង​ៗ​ទៀត​ក៏​ទៅ​ជាមួយ​គ្នាដែរ»។  បន្ថែម​លោក ហូ វណ្ឌី។

ចុចអាន៖ សេវា​វេរ​លុយ​ពេញ​និយម​សម្រាប់​អ្នក​នៅ​ជាយដែន

  ​​លោក ហូ វណ្ឌី ឱ្យ​ដឹង​ទៀត​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ​​គួរ​យក​ចិត្ត​ទុក​ចំពោះ​បញ្ហា​បរិស្ថាន​ និង​សណ្ដាប់​ធ្នាប់​នៅ​ច្រក​អន្តរជាតិ ប៉ោយ​ប៉ែត​​ឱ្យ​បាន​ល្អ​ប្រសើរ​​ ដើម្បី​បង្ក​លក្ខណៈ ងាយ​ស្រួល​ដល់​អ្នក​ដំណើរ។ “ខ្ញុំ​ឃើញ​ថា អាជ្ញាធរ​ក្រុង​ចាប់​ផ្តើម​ធ្វើ​ហើយ​អ្នក​ដែល​គ្មាន​សណ្ដាប់​ធ្នាប់​ល្អ អ្នក​ហ្នឹងហើយ​ជា​អ្នកធ្វើ​ឱ្យ​មាន​របាំង​ទេសចរណ៍​មក​កាន់​កម្ពុជា​ ចំណុ​ចបន្ទាប់​គឺសំរាម​ពាសវាលពាសកាល​ត្រូវ​មាន​​ការ​ចូលរួម​អប់រំ​ និង​បំផុស​ចលនា​បរិស្ថាន​​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ឱ្យ​បាន​សកម្ម​បន្ថែម​”។

ចុចអាន៖ ដឹង​ទេ​ថា​ អ្នក​អូស​រទេះ​នៅ​ប៉ោយប៉ែត​អាច​អូស​ទម្ងន់​ខ្ទង់​តោន​ដោយ​កម្លាំង​សុទ្ធសាធ?​

ទោះ​យ៉ាង​ណា​លោក សាន ស៊ានហូ អភិបាល​ក្រុង​ប៉ោ​យ​ប៉ែត​ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា ក្រុង​កំពុង​រៀប​ចំនូវ​ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន​​​ ដើម្បី​ទាក់ទាញ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​កសាង​អគារ​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​​ ដែ​ល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៩ ខាងមុខ។

បន្ថែម​លើ​នេះ ចាប់​ពីថ្ងៃទី ១៥ ខែ​មករា ឆ្នាំ​២០១៨ តទៅ​សាលា​ក្រុង​នឹង​លុប​បំបាត់​ឱ្យ​ខាន​តែ​បាន​ចំពោះ​​រថយន្ត​ចត​នៅ​រង្វង់​មូល​ ​និង​ការប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ដើម្បី​ឈប់​សំចត​ដាក់​​ភ្ញៀវ ដែល​នាំ​ឱ្យ​មាន​ការ​កកស្ទះ​ និង​ការ​រអ៊ូរទាំ​ពីសំណាក់​ភ្ញៀវ​នា​ពេល​កន្លង​ម​ក​។ ម្យ៉ាង​បញ្ហា​សណ្ដាប់​ធ្នាក់​ការលក់ដូរ​នៅត្រង់​ចំណុច​ក្បាល​ស្ពាន​ក៏ត្រូវ​ធ្វើ​ការ​កែ​សម្រួល​ផងដែរ។

សាលាក្រុង​ប៉ោយប៉ែត​កំពុង​រៀបចំ​សាងសង់​ស្ពាន​មួយ​បន្ថែម​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​ ដើម្បី​អាច​ឱ្យ​​កម្មករ​អូស​រទេះ​​ជញ្ជូន​ទំនិញ​បាន​ស្រួល​​ និង​មិន​រាំងស្ទះ​ដ​ល់​អ្នក​ដំណើរ​ផ្សេង​ទៀត​​។ “អញ្ចឹង​អ្វីៗ​យើង​មាន​គម្រោង​អស់​ហើយ​… យើង​និយាយ​យើង​ធ្វើ​ ហើយ​ខ្ញុំ​សង្ឃឹម​​ថា មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្រុង​ប៉ោយ​ប៉ែត​នឹង​ផ្លាស់​ប្តូរ​មុខ​មាត់​មួយ​កម្រិត​​”។ លោក សាន ស៊ានហូ បន្ថែម។

ចុចអាន៖ ភ្នំ​ជញ្ជាំង ​រមណីយដ្ឋាន​ធម្មជាតិ ​អាច​មើល​ទេសភាព​ពេញ​មួយ​ខេត្ត​បន្ទាយ​មាន​ជ័យ​​

  កម្ពុជា​មាន​ច្រកដីគោក​ចំនួន​ពីរ​​ដែល​ភ្ញៀវ​ទេសច​ឆ្លង​កាត់​កើ​ន​ឡើង​ជា​រៀងរាល់​ឆ្នាំ​​នោះ ​​គឺ​ច្រក​អន្តរជាតិ​​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​ និង​ច្រក​បាវិត​ខេត្ត​ស្វាយ​រៀង​។ យោង​តាម​របាយការណ៍​​​ក្រសួងទេសចរណ៍​​ ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​​ភ្ញៀវ​ទេសចរ​សរុបជាង ៥ លាន ៦ សែន​​នាក់​៕  

       

អត្ថបទ៖ សុផល

រូបថត៖ ទូរសព្ទដៃ