ទោះ​ត្រូវ​ចំណាយ​ខ្ពស់ កម្ពុជា​ត្រូវ​តែ​អភិវឌ្ឍ​ផ្កាយ​រណប​ឲ្យ​ខាន​តែ​បាន​

  • 2018-01-16 09:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​​ផ្កាយ​រណប​​របស់ប្រទេស​​កម្ពុជា​បាន​ចាប់ផ្តើម​លេច​ចេញ​ពន្លឺ ដែល​គម្រោង​នេះ​ត្រូវ​ការ​ចំណាយ​ខ្ពស់។ ទោះបី​ត្រូវ​រ៉ាប់រង​ចំណាយ​កប់​ក្តោង​ ពលរដ្ឋ​ជា​ច្រើន​​គាំទ្រ​​គម្រោង​នេះ ដើម្បី​បញ្ជាក់​ពីស្វ័យ​ភាព​និងការ​ត្រៀម​​​ប្រកួត​ប្រជែង​​ប្រទេស​ក្នុង​តំបន់​។

រូបតំណាង

* [ច្បាស់ការ​មែនទែនហើយ ពី​គ្រោងការ​​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​របស់ប្រទេសកម្ពុជា](http://news.sabay.com.kh/article/981218)

លោក ឆុន វាសនា អនុប្រធាន​នាយកដ្ឋាន​បច្ចេកទេស វិទ្យុ​ជាតិ​កម្ពុជា​ទទួលបន្ទុក​ផ្នែក ICT នៃ​ក្រសួង​ព័ត៌មាន​ប្រាប់ Sabay ថា​ គម្រោង​បង្ហោះ​ផ្កាយ​រណប​​ ជា​ការ​បោះ​ជំហាន​​ថ្មី​មួយ​ទៀត​របស់ប្រទេស​កម្ពុជា ​ដើម្បី​បញ្ជាក់​ពី​ស្វ័យភាព​​និង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់។

លោក​ថា វា​ជា​មុខមាត់ ដែល​​កម្ពុជា​ចាប់ផ្តើម​គួរ​គិត​គូរ​​ពី​ការអភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​ ដែល​នឹង​ជួយ​បម្រើប្រយោជន៍​ជាតិ​ជា​ច្រើន​ បើ​សិន​គម្រោង​នេះ​ទទួល​បានជោគជ័យ។

លោក ស៊ុន រ៉ាពីដ អនុប្រធាន​វិទ្យា​ស្ថាន​ជាតិ NIPTICT នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ផ្តល់​ការ​យល់ឃើញ​ដែរ​ថា ការអភិវឌ្ឍ​គម្រោងនេះ នឹង​ជួយ​ពលរដ្ឋ​រស់នៅ​​តំបន់​ដាច់​ស្រយាល​ ទទួល​បាន​ព័ត៌មាន​កាន់​តែ​ឆាប់​រហ័ស​ ពង្រីក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាន់​តែ​ទូលំទូលាយ ប្រព័ន្ធ​ទូរសព្ទ​ចល័ត​ និង​បង្កើន​ទំនាក់​ទំនង​បាន​ពេញ​លេញ។

លោក​ថា​ បច្ចុប្បន្ន​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​មាន​ច្រើន​ជាង ៦០%។ នៅ​ពេល​គម្រោង​នេះ​ដំណើរការ នឹង​ជួយ​អភិវឌ្ឍ​​ស្ទើរ​តែ​គ្រប់​ផ្នែក​ជាពិសេស​ផ្នែក​​​​សុខាភិបាល គ្រោះ​មហន្តរាយ​ផ្សេងៗ​ជាដើម។

មិន​ខុស​គ្នា​នេះ​ លោក​ យិន ស៊ីដេត សាស្ត្រាចារ្យ​ផ្នែក IT និង​ជំនាញ​ជួស​ជុល​បង្រៀន​នៅ​វិទ្យា​ស្ថាន ស៊ីតិច បាន​ប្រាប់​ថា ទោះ​បី​ជា​​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ លោក​គាំទ្រ​ដែលកម្ពុជា​ចាប់ផ្តើម​អភិវឌ្ឍ​ប្រព័ន្ធ​ផ្កាយ​រណប​ផ្ទាល់​ខ្លួន។

លោក​ថា ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​ បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​​ផ្កាយរណប​នេះ​មុនមួយ​ជំហាន​ ប៉ុន្តែ​វា​មិនទាន់ហួស​ពេល​ដែលកម្ពុជា​នឹង​ចាប់ផ្តើម​ដើម្បីអាច​ម្ចាស់ការ​ខ្លួន​ឯង។

ងាក​មក​​ពលរដ្ឋ​មួយ​រូប ក៏​គាំទ្រ​ទោះ​បី​ជា​ត្រូវការ​ចំណាយ​ច្រើន​។ ជា​គ្រូ​បង្រៀន​ដែរ​នោះ​ លោក​ថា គម្រោងនេះ​វា​ពិត​ជា​​​នាំ​ប្រយោជន៍​មិនអាច​គណនា​បាន ក៏​ដូចជា​ការ​​នាំប្រយោជន៍​ កេរ្តិ៍ឈ្មោះ​មុខមាត់​​ដល់​ប្រទេស​ជាតិ។

កម្ពុជា​បានឈានទៅ​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ សម្រាប់​ការ​បាញ់​បង្ហោះ​ផ្កាយរណបលើក​ដំបូង​នៅ​ពេល​ខាង​មុខ​នេះ។ គម្រោង​នេះ​ ​មាន​ការ​ចូលរួមពី​ដៃគូ​ឯកជន និង​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ចិន​ ដែល​មាន​បទ​ពិសោធ​ក្នុង​ការ​ធ្វើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ជា​មួយ​ប្រទេស​ឡាវ កាល​ពី​ឆ្នាំ ២០១៥។

ការប៉ាន់ស្មាន​បឋម គម្រោង​ការ​បង្ហោះ​ផ្កាយរណប​ដំបូង​របស់​កម្ពុជា ត្រូវការ​ថវិកា​ប្រមាណ​ ១៥០ លាន​ដុល្លារ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២១ ឬ​ឆ្នាំ ២០២២។ នេះ​បើ​​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) លោក អ៊ឹម វុត្ថា លើក​ឡើង​កន្លង​ទៅ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី