​​វិធី​សាស្រ្ត៥​​យ៉ាង កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​កាច​សាហាវ​ មុន​ឈានដល់អាយុជាង៤០ឆ្នាំ​

  • 2018-01-16 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​​ម្នាក់​ៗ​នៅ​ពេល​ឈាន​ចូល​​​ដល់​វ័យ​ជាង​​៤០ ឆ្នាំ ឬ​ខ្ទង់លេខ​៤ នោះ​ប្រព័ន្ធ​ការពារ រាងកាយ ចាប់​ផ្តើម​ថយ​ចុះ​​ អាច​ងាយ​​ប្រឈម​ទៅ​នឹង​ជំងឺ​ផ្សេងៗ ​ប្រសិន​យើង​មិន​បាន យកចិត្ត​ទុក​ដាក់​ថែ​ទាំ សុខភាព​ឱ្យ​បាន​ត្រឹម​ត្រូវ។

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខុម​ ឯក​ទេស​ជំងឺ​មហារីក​ ​និង​ជា​ប្រធាន​​ផ្នែក​ជំងឺ​មហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​​បាន​ណែនាំ​វិធី​សាស្រ្ត​៥ យ៉ាង​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ មុន​ឈាន​ចូល​ដល់​អាយុជាង ៤០ឆ្នាំ​។

-ចុចអាន៖ មុនចូលគេង អ្នកមិនគួរមានទម្លាប់៤នេះឡើយ ទើបសុខភាពរឹងមាំ

កុំ​ជក់​បារី

ការ​ជក់​បារី​ផ្ដល់​គុណវិបត្តិ​ច្រើន​យ៉ាង​ដល់​សុខភាព​ ដូចជា​ ជំងឺ​បេះ​ដូង ជំរុញ​ឱ្យ​សរសៃ​ឈាម​អាកទែ​ទៅ​ជា​រឹង និង​ត្បៀត ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​កើត​ជំងឺ​លើស​ឈាម ស្ត្រូក និង​ជំងឺ​គាំង​បេះ​ដូង ។ អ្នក​ជក់​បារី​កើត​ជំងឺ​ទាំង​នេះ ឆាប់​រហ័ស​ជាង​អ្នក​មិន​ជក់​បារី ។ ប្រហែល​៣០% នៃ​ជំងឺ​គាំង​បេះ​ដូង បង្ក​ឡើង​​ដោយ​ការ​ជក់​បារី ។​ ​​

ផឹក​គ្រឿង​ស្រវឹង

ការ​សេព​គ្រឿង​ស្រវឹង ​គឺ​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ជាច្រើន​មុខ​។​ ក្នុង​នោះ​ គឺ​អាច​ធ្វើ​ឲ្យ​អ្នក​សេព​គ្រឿង​ស្រវឹង​ ខូច​សរីរាង្គ​បន្ត​ពូជ អាច​ធ្វើ​ឲ្យ​អត់​មាន​កូន​, ជំងឺ​ក្រិន​ថ្លើម មហារីក​ថ្លើម និង​ធ្វើ​ឲ្យ​ប៉ះពាល់​ខួរក្បាល​ជា​ដើម។

ពិសា​បន្លែ​ឱ្យ​បាន​ច្រើន

បន្លែ ​គឺជា​អាហារ​ធម្មជាតិ ដែល​មាន​សារធាតុចិញ្ចឹម​ស្ទើរតែ​ទាំងអស់ ដែល​រាងកាយ​ត្រូវការ​ដើម្បី​ដំណើរការ​មុខងារ​ឲ្យ​បាន​ត្រឹមត្រូវ។ ​​បន្លែ​ ​គឺជា​​ប្រភព​​សារធាតុ​ចិញ្ចឹម​​ដ៏​​​ច្រើន ​មាន​​ទាំង​​វីតាមីន​​រហូត​​ដល់​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ​ជំហាន​ដំបូង​ដើម្បី​ទទួល​បាន​សុខភាព​ល្អ គឺជា​អ្នក​​ត្រូវ​បរិភោគ​បន្លែ ។ យ៉ាង​ណា​មិញ​អ្នក​ត្រូវ​ប្រាកដ​ថា បន្លែ​ដែល​អ្នក​បរិភោគ​ ជា​បន្លែ​មាន​សុវត្ថិភាព​ និង​មាន​តុល្យភាព​ចំពោះ​សុខភាព ​មានន័យ​ថា ប្រសិន​បើ​យើង​បញ្ចេញ​កម្លាំង​ពលកម្ម​ខ្លាំង និង​ប្រើប្រាស់​ថាមពល​ច្រើន យើង​អាច​បរិភោគ​បាយ និង​ម្ហូប ។ ប៉ុន្តែ​បើ​សិន​យើង​មិន​សូវ​ប្រើប្រាស់​ថាមពល ឬ​ហាត់​ប្រាណ​ច្រើន​ទេ អាច​ហូបតិចៗ​បាន​​ហើយ​។ ត្រូវ​ជៀសវាង​អាហារ ដែល​មាន​ជាតិ​អំបិល​ និង​ស្ករ​ច្រើន​ពេក​។ អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ដូចជា បាយ នំប៉័ង​ និង​ដំឡូង​ជាដើម​។ ​យើង​ត្រូវ​កាត់​បន្ថយ​ឱ្យ​ស្ថិតនៅ​កម្រិត​សម​ស្របមួយ​។

ត្រូវ​ហាត់​ប្រាណ​ឱ្យ​បាន​ទៀងទាត់

​គ្រប់​ៗ​គ្នា​សុទ្ធ​តែ​បាន​ដឹង​ថា ការ​ហាត់ប្រាណ​បាន​ផ្តល់​នូវ​សុខភាព​ល្អ និង​​​ជួយ​​បង្កើន​​កម្រិត​​សម​សួន​នៃ​រាងកាយ​របស់​យើង​​។ បើ​អាច​ក្នុង​មួយ​សប្ដាហ៍​យើង​ត្រូវ​ដើរ​ឱ្យ​បាន ​២​ម៉ឺន​ជំហាន​ ឬ​អាច​ឆ្លៀត​ដើរ​ក្នុង​មួយថ្ងៃ​ឱ្យ​​បាន ​២០ នាទី ឬ​៣០នាទី​​ទុក​ជា​ការ​ហាត់​ប្រាណ​​ក៏ជា​ការ​គ្រប់គ្រាន់​ដែរ។

ចុចអាន៖ រឿងអាស្រូវ​ផលិតផល​ម្សៅ​ទឹកដោះ​កូនក្មេង​របស់​បារាំង ផ្ទុក​បាក់តេរី Salmonella ​ប៉ះពាល់​ប្រទេស​ចំនួន ៨៣

ជីវិត​រីករាយ​ (enjoy life)

​ភាព​រីករាយ​ជាអ្វី​ ដែល​មនុស្ស​គ្រប់គ្នា​តែង​ចង់​កើត​មាន​គ្រប់​ពេលវេលា​ក្នុង​ជីវិត។ ផ្ទុយ​មក​វិញ បើ​យើង​មាន​ទុក​ព្រួយ​ពេក​ អាច​មាន​បញ្ហា​តប់​ប្រមល់​ ឬ​បញ្ហា​ស្រ្តេស​កើត​ឡើង​​ធ្វើ​ឱ្យ​​មាន​សម្ពាធ​ទាំង​ផ្លូវ​កាយ និង​​ផ្លូវចិត្ត​។​ ការ​រង​សម្ពាធ​ដូច​បាន​រៀបរាប់​ខាងលើ​អាច​ជា​មូលហេតុ​បណ្ដាល​ឱ្យ​គេង​មិនសូវ​លក់​ស្កប់ស្កល់​ និង​ហូប​មិន​សូវ​បាន​​ បណ្ដាល​ឱ្យ​សុខភាព​ចុះ​ខ្សោយ​នឹង​អាច​ប្រឈម​ទៅ​នឹង​ជំងឺ​ផ្សេងៗ។ មែនទែន​ទៅ​មាន​ការ​រក​ឃើញ​ថា អ្នក​ដែល​អាយុវែង​ ភាគច្រើន​ជា​អ្នក​ដែល​មាន​ភាព​សប្បាយរីករាយ​ និង មិន​គិត​អ្វី​ស្មុគស្មាញ​ច្រើន​ និង​មានគំនិត​សុទិដ្ឋិនិយម​ច្រើន។ ភាព​រីករាយ​​​ធ្វើ​ឱ្យ​យើង​សប្បាយចិត្ត​ ខួរ​ក្បាល​យើង​ស្ងប់​ អត់​មាន​ស្រ្តេស​​ យើង​អាច​គេង​លក់​ស្កប់​ ហូប​បាន​សុខភាព​ល្អ​ពេល​នោះ​គ្មាន​ជំងឺ​បៀតបៀន​ និង​អាច​រស់​បាន​យូរ​ហើយ។

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខុម​​ ​បាន​បន្ថែម​ថា ​នៅ​ពេល​ឈាន​ចូល​វ័យ​ជាង ៤០ឆ្នាំ ជំងឺ​ដែល​តែង​កើត​មាន​ឡើង​ច្រើន​សម្រាប់​ស្ត្រី​គឺ​ មហារីក​សុដន់ រោគ​ស្ត្រី និង​ជំងឺ​ស្រ្តេស​ ដោយសារ​អ័រម៉ូន​ភេទ​ថយ​ចុះ។ ចំណែក​បុរស​វិញ​ភាគច្រើន​កើត​ជំងឺ​ គាំងបេះដូង ដោយសារ​ស្ទះ​សរសៃ​ឈាម​បេះដូង ផ្ដើម​ពិការ សេព គ្រឿងស្រវឹង ជក់បារី​ និង​បរិភោគ​ខ្លាញ់​ច្រើន​ពេក​។

លោក​វេជ្ជបណ្ឌិត​ត​បាន​សង្កត់ធ្ងន់​ថា យោង​តាម របាយការណ៍​នៅ​លើ​ពិភពលោក​អ្នក​មាន​អាយុ​ ៤០ ឆ្នាំ​ឡើង​សឹង​តែ ​១ ០០០​នាក់​ មាន​ជំងឺ​គាំង​បេះដូង ៣ នាក់ ទៅ ៤នាក់​។ បើ​ស្រ្តី ១ ០០០នាក់ មាន​ជំងឺ​មហារីក ​​ម្នាក់​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ​លោក វេជ្ជបណ្ឌិត​មាន​ភាព​រីករាយ​ ដែល​អត្រា​រស់​ជាមធ្យម​របស់​ប្រជាពលរដ្ឋ ខ្មែរ​បាន​កើតឡើង​រហូត​ដល់ ៧២,៥ឆ្នាំ​​​ ដែល​កត្តា​នេះ​​ផ្ដើម​ចេញ​ការ​យល់​ដឹង​ និង​ការ​ចេះ​ថែទាំ​សុខភាព​របស់​ពលរដ្ឋ​ទូទៅ​៕

-ចុចអាន៖ បើអស់ពីវេជ្ជបណ្ឌិត Beat Richner ពេទ្យគន្ធបុប្ផាព្យាបាលអត់យកលុយទៀតទេ?

-ចុចអាន៖ បើអស់ពីវេជ្ជបណ្ឌិត Beat Richner ពេទ្យគន្ធបុប្ផាព្យាបាលអត់យកលុយទៀតទេ?

-ចុចអាន៖ ផ្ទុះ​ករណី​ជំងឺ​ផ្ដាសាយ​បក្សី ​កើត​មាន​នៅ​តំបន់មួយក្នុងរាជធានី​ភ្នំពេញ​    

អត្ថបទ៖ សុផល

អត្ថបទថ្មី