កម្សត់ណាស់! ជិតដល់ថ្ងៃរៀបការ គូដណ្តឹងបាត់ការចងចាំ តែសុខចិត្តចាំអស់៨ឆ្នាំ ចុងក្រោយ...
- 2018-02-03 03:42:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្សត់ណាស់! ជិតដល់ថ្ងៃរៀបការ គូដណ្តឹងបាត់ការចងចាំ តែសុខចិត្តចាំអស់៨ឆ្នាំ ចុងក្រោយ...
ចន្លោះមិនឃើញ
គូស្នេហ៍ជនជាតិជប៉ុនមួយគូ គឺ លោក Hisashi Nishizawa និង នាង Mai Nakahara បានរៀបចំគម្រោងដើម្បីរៀបការនៅក្នុងឆ្នាំ២០០៧ ប៉ុន្តែសោកនាដកម្មមួយបានកើតឡើង បង្ខំឲ្យកូនកំលោះរង់ចាំអស់រយៈពេលជាយូរ ទម្រាំអាចរៀបការជាមួយគ្នាវិញ។
រឿងរ៉ាវបានកើតឡើងដូចខាងក្រោម...
ពួកគេទាំង ២ នាក់បានកំណត់ថ្ងៃរៀបមង្គលការនៅដើមឆ្នាំ២០០៧ ប៉ុន្តែសោកនាដកម្មមួយបានកើតឡើងបង្ខំឲ្យកូនកំលោះ Nishizawa លុបចោលគម្រោងនោះ ពោលគឺ ៣ ខែមុនពេលថ្ងៃពិសេសរបស់ពួកគេមកដល់។
នាង Nakahara បានបាត់បង់ការចងចាំរយៈពេលខ្លី នៅចុងខែធ្នូ ឆ្នាំ២០០៦ ហើយចាប់ផ្ដើមបង្កើតសំឡេងចម្លែកៗនៅពេលយប់។ ដោយសារតែមិនអាចកំណត់អត្តសញ្ញាណនៃស្ថានភាព និងមូលហេតុនៃការបាត់បង់ការចងចាំ រួមទាំងអាកប្បកិរិយាចម្លែករបស់នាងបែបនេះទៀតនោះ គ្រូពេទ្យក៏បានដាក់នាងនៅក្នុងមន្ទីរពេទ្យផ្លូវចិត្តតែម្ដង។
ខណៈកំពុងស្នាក់នៅក្នុងមន្ទីរថែទាំ នាងបានសន្លប់បាត់ស្មារតី បន្ទាប់ពីបេះដូង និងសួតរបស់នាងឈប់ដំណើរការ។ នៅពេលនោះ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Okayama University Hospital ដើម្បីធ្វើការវាយតម្លៃបន្ថែមទៀត។
ក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ ក្រុមគ្រួសារនាង Nakahara បានប្រាប់ទៅកាន់ លោក Nishizawa ឲ្យស្វែងរកមនុស្សស្រីផ្សេងទៀតទៅ ប៉ុន្តែលោកបានបដិសេធហើយនិយាយថា «ខ្ញុំនឹងរង់ចាំ»។
រយៈពេលប៉ុន្មានខែក្រោយមក គ្រូពេទ្យបាននិយាយថា នាង Nakahara ទទួលរងជំងឺរលាកខួរក្បាលម្យ៉ាងហៅថា Anti-NMDA។ ស្ថានភាពនេះបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំ វាយប្រហារមុខងារខួរក្បាល។ ជំងឺនេះកម្រកើតមានណាស់ ព្រោះមានមនុស្សតែ ០,៣៣ នាក់ក្នុងចំណោម ១ លាននាក់ប៉ុណ្ណោះដែលកើតរោគនេះ។
មិនយូរប៉ុន្មានបន្ទាប់ពីទទួលបានការព្យាបាល នាង Nakahara ចាប់ផ្ដើមបង្ហាញពីសញ្ញានៃភាពប្រសើរឡើងវិញ រួមទាំងការប្រតិកម្មទៅនឹងសំឡេងផងដែរ។ ខែបានប្រែទៅជាឆ្នាំ នាងក៏ទទួលបានសមត្ថភាពមួយចំនួនមកវិញបន្តិចម្តងៗ។ រហូតមកដល់ឆ្នាំ២០១១ នាងអាចបង្ហាញពីអារម្មណ៍របស់នាង ហើយថែមទាំងសរសេរឈ្មោះខ្លួនឯងបានទៀតផង។
ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ នាង Nakahara ក៏អាចចេញពីមន្ទីរពេទ្យបាន ហើយស្ថានភាពរបស់នាងកាន់តែប្រសើរឡើងនៅឯផ្ទះ ហើយអាចចាប់ផ្ដើមស្គាល់សមាជិកគ្រួសារបានផងដែរ។ ផ្ទុយទៅវិញ មនុស្សម្នាក់ដែលនាងមិនអាចចំណាំបាននោះគឺ លោក Nishizawa តែនាងបានកត់សម្គាល់ឃើញថា រូបគេតែងតែនៅក្បែរនាងជានិច្ច។
ទោះបីជាយ៉ាងណា ការចងចាំរបស់នាងចំពោះ លោក Nishizawa បានត្រលប់មកវិញ ក្រោយពីឃើញសៀវភៅកំណត់ហេតុ ដែលមានសរសេរពាក្យថា «ពិធីមង្គលការ» និងថ្ងៃខែឆ្នាំ «១១ មីនា ២០០៧» នៅលើនោះ រួមទាំងរូបថតរបស់ពួកគេជាច្រើនសន្លឹកផងដែរ។
រហូតមកដល់ខែមិថុនា ឆ្នាំ២០១៤ ពោលគឺរយៈពេលជិត ៨ ឆ្នាំ គូស្នេហ៍ដ៏កម្សត់មួយគូនេះបានកំណត់ថ្ងៃរៀបមង្គលការសារជាថ្មីម្ដងទៀត។ នៅចុងបញ្ចប់ មង្គលការមួយនេះក៏បានកើតឡើងយ៉ាងពិតប្រាកដ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖