ម្ចាស់សិប្បកម្មកំប្លោក៖ «កំប្លោកបានជិះយន្តហោះមុនម្ចាស់» (មានវីដេអូ)
- 2018-02-04 03:05:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់សិប្បកម្មកំប្លោក៖ «កំប្លោកបានជិះយន្តហោះមុនម្ចាស់» (មានវីដេអូ)
ចន្លោះមិនឃើញ
«មានតែកំប្លោកខ្ញុំទេ ដឹកតាមយន្តហោះ ជិះកប៉ាល់ទឹក តែខ្ញុំជាម្ចាស់អត់ទាន់បានជិះទេ មិនដឹងពេលណាមានលុយទៅលេងដូចកំប្លោកខ្ញុំទេ»។ នេះការលើកឡើងរបស់ អ្នកស្រី សូរ សម្បត្តិ ប្រធានសមាគមសិប្បកម្មកំប្លោកភ្នំក្រោម ស្ថិតនៅក្នុងខេត្តសៀមរាប។
កំប្លោកដែលគេស្ទើរតែបោះបង់ ឬ មិនចាប់អារម្មណ៍សោះ ប៉ុន្តែ អ្នកស្រី សូរ សម្បត្តិ បានច្នៃកំប្លោកទៅជាវត្ថុអនុស្សាវរីយ៍ ជាពិសេសកាបូបប្រើប្រាស់ផ្សេងៗ ដែលធ្វើឲ្យកំប្លោកមានតម្លៃ រហូតមានទីផ្សារដល់បរទេសដូចជា អេស្ប៉ាញ ឥណ្ឌូណេស៊ី ជាពិសេស ជប៉ុន និង កូរ៉េ មានការបញ្ជាទិញច្រើនជាងគេ។
«ដំបូងប្ដីខ្ញុំអត់គាំទ្រទេ និងអត់ទៅ កាត់កំប្លោកឲ្យដែរ ពេលខ្ញុំធ្វើដំបូងប្រភេទអង្រឹង ធ្វើអត់ស្អាត គាត់យកអង្រឹងខ្ញុំទៅបោះចោលនៅកន្លៀតជញ្ជាំង ខ្ញុំឃើញរើសយកមកវិញ ក៏យកទៅលាងទឹកទុកមួយកន្លែងស្រាប់តែភ្ញៀវឃើញគេទិញយកអស់រលីង ឥលូវប្ដីខ្ញុំជឿជាក់លើខ្ញុំ»។ នេះបើតាមការរៀបរាប់ពីអ្នកស្រីសម្បត្តិ នូវប្រវត្តិ នៃការចាប់ផ្ដើមធ្វើច្នៃកំប្លោកធ្វើកាបូបដំបូង។
សូមទស្សនាវីដេអូ
អ្នកស្រីសម្បត្តិ ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ ឆ្នាំ ២០០០ គឺជាទាហានកងការពារឃ្លាំងនៅភ្នំក្រោម ដែលឆ្លងកាត់ការហ្វឹកហាត់ និង ស៊ីអត់ស៊ីឃ្លាន នៅអំឡុងពេលតស៊ូ។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១០ អ្នកស្រី ជាទាហានផង និងឆ្លៀតធ្វើស្រែចម្ការផង ប្រើប្រាស់កម្លាំងសុទ្ធសាធដើម្បីរកប្រាក់ចិញ្ចឹមកូនទាំង ៥នាក់ ស្រី ៤ ប្រុស ១។
នៅអំឡុងឆ្នាំ ២០១០ អ្នកស្រី បានរៀនសូត្រ ពីគ្រូជនជាតិជប៉ុន ច្នៃកំប្លោកធ្វើជាកាបូប និងវត្ថុអនុស្សាវរីយ៍ផ្សេង ដោយអ្នកស្រីជាមនុស្សមានការប្រឹងប្រែង និងយកចិត្តទុកផង បានក្លាយទៅជាអ្នកច្នៃកាបូបធ្វើពីកំប្លោកបានស្អាតជាងគេ រហូតក្លាយជាសិប្បកម្មកំប្លោកល្បីល្បាញជាងគេនៅភ្នំក្រោម។
រឿងដែលអ្នកស្រីសម្បត្តិស្ទើរតែមិនជឿនោះគឺ «មុខរបរកំប្លោកស្ទើរតែគេគ្រវាត់ចោល ឥលូវខ្ញុំធ្វើឲ្យកំប្លោកអាចជិះយន្តហោះបាន»៕
ទម្រាំបាន កាបូបធ្វើពីកំប្លោកមួយ ដឹងថា ឆ្លងកាត់ការលំបាកអ្វីខ្លះ?
កូនខ្មែរមួយក្រុម យកពោះវៀនកង់ឡាន ច្នៃជាកាបូបលុយ ធ្វើឲ្យបរទេសភ្ញាក់ផ្អើល (មានវីដេអូ)