ទិញ​ទៀត​ហើយ​! Taylor Swift ចំណាយ​ទឹក​ប្រាក់​ខ្ទង់​លាន​ដុល្លារ​ទិញ​អាផាតមិន​នៅ​ទីក្រុង New York

  • 2018-02-07 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង Taylor Swift ចំណាយ​ទឹក​ប្រាក់​ជិត​ ៥០​លាន​ដុល្លារ ដើម្បី​ទិញ​អាផាតមិន​៤​អគារ​​​​នៅ តំបន់​ Tribeca block ទីក្រុង​ New York គិត​តាំង​ពី​ឆ្នាំ ២០១៤​ដល់​បច្ចុប្បន្ន។

​អាផាតមិន​ថ្មី​របស់​តារា​វ័យ​ ២៨​ឆ្នាំ​រូប​នេះ​ ដែល​មាន​ទីតាំង​នៅ​ផ្លូវ Franklin Street អគារ​លេខ ១៥៥ នៅ​ Manhattan មាន​ទំហំ​ប្រហែល​ ៣២៩​ម៉ែត្រ​ការ៉េ​ ដើម្បី​រួម​បញ្ចូល​នឹង​អាផាតមិន​របស់​នាង​ទាំង​៣ នៅ​ជាប់​អគារ​ទើប​នឹង​ទិញ​នេះ​។

ម្ចាស់​បទ "Shake It Off” ចំណាយ​ទឹក​​ប្រាក់​ ៩,៧៥​លាន​ដុល្លារ​សម្រាប់​អគារ​ថ្មី ដែល​នាង​ទើប​នឹង​ទិញ​ ពី​អ្នក​ជំនួញ​ Jeremy Philips។ នេះ​បើ​តាម​ប្រភព​មួយ​ប្រាប់​ សារព័ត៌មាន New York Post។

ដូច្នេះ​​ពេល​នេះ​ Taylor អាច​ភ្ជាប់​អគារ​ថ្មី​នេះទៅ​នឹង​អគារ​ ដែល​នាង​មាន​រួច​ជា​ស្រេច​ចំនួន​៣​នៅ​ក្បែរ​ៗ​នោះ អាច​ឲ្យ​នាង​សាងសង់​ចំណត​រថយន្ត​បាន​យ៉ាង​ស្រួល ដើម្បី​គេច​ពី​ពួក​ប្រមាញ់​ថត​រូប​ ពេល​នាង​ចេញ​និង​ចូល​អាផាតមិន​ខ្លួន។

ទីតាំង​​អាផាតមិន​របស់ Taylor Swift

បើ​គិត​ពី​អគារ​ចាស់ៗ ដែល​នាង​បាន​ទិញ​រួច​ជា​ស្រេច​ នាង​មាន​កម្មសិទ្ធិសម្រាប់​អគារ​ជាន់​លើ​ចំនួន​២​ជាន់ ដោយ​ចំណាយ​ប្រាក់ ១៩,៩៥​លាន​ដុល្លារ​ដើម្បី​ទិញ​កាល​ពី​ឆ្នាំ​ ២០១៤។ នាង​បាន​បញ្ចូល​អគារ​ទាំង​ពីរ​ជាន់​នោះ ដើម្បី​បង្កើត​ផ្ទះ​ដ៏​ទូលាយ​មួយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​ក៏​កាន់​កាប់​អគារ​២​ផ្សេង​ទៀត ដែល​នៅ​ផ្លូវ Franklin Street ដូច​គ្នា​ជា​អគារ​លេខ ១៥៣ ក្នុង​តម្លៃ ១៨​លាន​ដុល្លារ ធ្វើ​ឲ្យ​ទឹក​ប្រាក់​សរុប​ដែល​នាង​ចំណាយ​ដើម្បី​ទិញ​អចលនទ្រព្យ​ទាំង​នេះ​គឺ​ដល់​ទៅ ៤៧,៧​លាន​ដុល្លារ។

ទិដ្ឋភាព​ខាង​ក្នុង​អគារ​តម្លៃ​ ១៩,៩៥​លាន​ដុល្លារ​របស់ Taylor

ទីតាំង​ដែល​នាង​ទើប​នឹង​ទិញ​នេះ​ ក៏​ជា​កន្លែង​ស្នាក់​អាស្រ័យ​របស់​តារា​ល្បីៗ ជា​ច្រើន​រូប​ដូច​ជា​លោក Orlando Bloom និង Aziz Ansari ជា​ដើម ធ្វើ​ឲ្យ​ទីតាំង​នេះ​ល្អ​បំផុត​សម្រាប់​តារា​ល្បីៗ​ ជួប​ជុំ​គ្នា​ជប់​លៀង​ និង​ធ្វើ​កម្មវិធី​ផ្សេងៗ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Taylor Swift ក៏​នៅ​មាន​ភូមិគ្រឹះ​ និង​អាផាតមិន​ជា​ច្រើន​កន្លែង​ទៀត ទូទាំង​សហរដ្ឋ​អាមេរិក​ដូច​ជា​នៅ​តំបន់ Beverly Hills, Nashville និង Rhode Island ជា​ដើម៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail | Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម