ការពិតបែបនេះសោះ ទើបជនជាតិចិនឲ្យអាំងប៉ាវគ្នាទៅវិញទៅមក

  • 2018-02-09 03:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន អ្នក​ដែល​បាន​រៀបការ​រួច ឬ​មាន​វ័យ​ចាស់​ជាង តែង​តែ​ឲ្យ​ស្រោម​សំបុត្រ​ពណ៌​ក្រហម ឬ​អាំងប៉ាវ ដល់​កូន​ក្មេង ឬ​ក្មេង​មិន​ទាន់​រៀបការ។ ស្រោម​សំបុត្រ​ពណ៌ក្រហម ឬ​អាំងប៉ាវ ត្រូវ​បាន​គេ​ហៅ​ថា Yasui Qian

បើ​យោង​តាម​រឿង​ព្រេង​ចិន នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី មាន​អារក្ស​ឈ្មោះ Sui បាន​ចេញ​មក​ធ្វើ​ឲ្យ​ក្មេងៗ​ភ័យខ្លាច នៅ​ពេល​ដែល​ពួកគេ​កំពុង​ដេក​លក់។

គេ​បាន​តំណាល​ថា ក្មេង​ដែល​ត្រូវ​អារក្ស​នោះ​ប៉ះ នឹង​ភ័យ​ខ្លាច​ខ្លាំង រួច​ស្រែក​យំ​ឮៗ ហើយ​ថែម​ទាំង​ក្តៅ​ខ្លួន រហូត​អាច​មាន​បញ្ហា​សតិ​ទៀត​ផង។ ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ក្មេងៗ​កុំ​ឲ្យ​ទទួល​រងគ្រោះថ្នាក់​ពី អារក្ស Sui ឪពុកម្ដាយ​តែង​ដុត​បំភ្លឺ​ទៀន ហើយ​អត់​ដេក​ពេញ​មួយ​យប់​ដើម្បី​យាម​កូន។

នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មួយ ក្នុង​គ្រួសារ​មន្ត្រី ឪពុកម្ដាយ​បាន​ឲ្យ​កាក់ ចំនួន ៨ ដល់​កូន​របស់​ពួកគេ​លេង ដើម្បី​កុំ​ឲ្យ​ដេក​នៅ​ពេល​យប់ ព្រោះ​ធ្វើ​ដូច្នេះ​កុំ​ឲ្យ​អារក្ស​មក​ធ្វើ​បាប។ ក្មេង​នោះ​បាន​ខ្ចប់​កាក់​នៅ​ក្នុង​ក្រដាស​ពណ៌ក្រហម ហើយ​បើក និង​ខ្ចប់​វា​ចុះ​ឡើងៗ រហូត​ដល់​អស់​កម្លាំង​ដេក​លង់​លក់។ បន្ទាប់​មក​ឪពុកម្ដាយ​បាន​យក​កញ្ចប់​ពណ៌​ក្រហម​មាន​កាក់ ៨ នោះ ដាក់​ក្រោម​ខ្នើយ​របស់​កូន​ពួកគេ។

នៅ​ពេល​អារក្ស Sui មក​ដល់​ និង​បម្រុង​ប៉ះ​ក្បាល​របស់​ក្មេង​នោះ ស្រាប់តែ​កាក់​ទាំង ៨ បញ្ចេញ​ពន្លឺ​យ៉ាង​ខ្លាំង និង​បំភ័យ​អារក្ស​ឲ្យ​ទៅ​ឆ្ងាយ​បាត់។ កាក់​ទាំង ៨ នោះ​ក៏​បាន​ក្លាយ​ទៅ​ជា​ទេពអប្សរ ចំនួន ៨ រូប។ ចាប់​តាំង​ពី​ពេល​នោះ​មក ការ​ឲ្យ​ស្រោម​សំបុត្រ​ពណ៌ក្រហម បាន​ក្លាយ​ជា​មធ្យោបាយ​មួយ​ដើម្បី​ជួយ​ឲ្យ​ក្មេងៗ​មាន​សុវត្ថិភាព និង​នាំ​សំណាង​ល្អ។

យ៉ាងណាមិញ នា​ពេល​បច្ចុប្បន្ន​នេះ ប្រជាជន​ចិន​ចូលចិត្ត​ពណ៌​ក្រហម​ណាស់ ហើយ​ចាត់​ទុក​ថា​ពណ៌​ក្រហម​ជា​សញ្ញា​នៃ​ថាមពល , សុភមង្គល និង សំណាងល្អ។ ការ​ឲ្យ​អាំងប៉ាវ គឺ​ជា​វិធី​មួយ​ដើម្បី​ផ្ញើ​ពរជ័យ និង​សំណាង​ល្អ ក៏​ដូច​ជា​លុយ​នៅ​ក្នុង​នោះ​ផង​ដែរ។ ប៉ុន្តែ​តាមពិត សារៈសំខាន់​នៃ​អាំងប៉ាវ គឺ ក្រដាស​ពណ៌​ក្រហម មិនមែន​ជា​លុយ​នៅ​ក្នុង​នោះ​ទេ។ ការ​ដាក់​លុយ​នៅ​ក្នុង​អាំងប៉ាវ ត្រូវ​បាន​រំពឹង​ថា នឹង​ផ្ដល់​សុភមង្គល និង​ពរជ័យ​បន្ថែម​ដល់​អ្នក​ទទួល​ប៉ុណ្ណោះ៕

ចុច​អាន៖

ប្រភព៖ China Highlights   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី