ក្បួនដាក់លុយក្នុងអាំងប៉ាវឲ្យត្រូវតាមឋានៈ ដើម្បីនាំលាភសំណាងចូលច្រើនៗ

  • 2018-02-14 04:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជូន​អាំងប៉ាវ គឺ​ជា​ទំនៀមទម្លាប់​មួយ​របស់​ប្រជាជន​ចិន នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដើម្បី​នាំ​លាភ​សំណាង ដល់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ពួក​គេ។

ស្រប​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខិត​ជិត​មក​ដល់ មនុស្ស​ជា​ច្រើន​បាន​ឈរ​តម្រង់​ជួរ​គ្នា​នៅ​ឯ​ធនាគារ ដើម្បី​ប្ដូរ​ក្រដាស​ប្រាក់​ចាស់ យក​ក្រដាស​ប្រាក់​ថ្មីៗ ដើម្បី​ដាក់​ក្នុង​អាំងប៉ាវ។ ប៉ុន្តែ ការ​ដាក់​លុយ​នៅ​ក្នុង​អាំងប៉ាវ មិនមែន​ចេះ​តែ​ដាក់​ឡើយ ព្រោះ​បើ​ដាក់​ខុស អាច​នឹង​នាំ​សំណាង​អាក្រក់​ដល់​អ្នក​ក៏​ថា​បាន។

ខាង​ក្រោម​នេះ​គឺ​ជា​ក្បួន​ដាក់​លុយ​ក្នុង​អាំងប៉ាវ​ឲ្យ​ត្រូវ​តាម​ឋានៈ ដែល​អាច​នាំ​លាភ​សំណាង​ចូល​ច្រើនៗ៖

#១ អាំងប៉ាវ​សម្រាប់​មនុស្ស​ចាស់ (ជា​ពិសេស​ឪពុកម្ដាយ និង​ជីដូនជីតា​របស់​អ្នក) ៖ ត្រូវ​ដាក់​លុយ​ចន្លោះ​ពី ៥០០ យ័ន (១០០ ដុល្លារ) ទៅ ២ ០០០ យ័ន (៣០០ ដុល្លារ) ជានិច្ច

#២ អាំងប៉ាវ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ដែល​មិន​មាន​ប្រាក់​ចំណូល (ជា​ពិសេស​អ្នក​ដែល​កំពុង​នៅ​រៀន) ដូចជា កូន​របស់​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ , កូន​របស់​សាច់ញាតិ និង កូន​របស់​មិត្ត​រួម​ការងារ ៖ ត្រូវ​ដាក់​លុយ​ចន្លោះ​ពី ៥០ យ័ន (១០ ដុល្លារ) ទៅ ២០០ យ័ន (៣០ ដុល្លារ) ជានិច្ច

#៣ អាំងប៉ាវ​សម្រាប់​កូន​ខ្លួនឯង ៖ ត្រូវ​ដាក់​លុយ​ចាប់​ពី ១០០ យ័ន (២០ ដុល្លារ) ឡើង​ទៅ​រហូត​ដល់​ចំនួន​ណា​មួយ ដែល​អ្នក​សប្បាយ​ចិត្ត​ក្នុង​ការ​ផ្ដល់​ឲ្យ

#៤ អាំងប៉ាវ​សម្រាប់​បុគ្គលិក ៖ ត្រូវ​ដាក់​លុយ​ចន្លោះ​ពី ១០០ យ័ន (២០ ដុល្លារ) ទៅ ១ ០០០ យ័ន (២០០ ដុល្លារ) ជានិច្ច (ត្រូវ​ឲ្យ​នៅ​ថ្ងៃ​ធ្វើ​ការ​ចុង​ក្រោយ មុន​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ចិន)

#៥ អាំងប៉ាវ​សម្រាប់​ក្មេងៗ​ដទៃ​ទៀត ៖ ត្រូវ​រៀបចំ​អាំងប៉ាវ​តូចៗ​មួយ​ចំនួន ដែល​មាន​លុយ ១០ យ័ន (៥ ដុល្លារ) ឬ ២០ យ័ន (១០ ដុល្លារ) សម្រាប់​កូនៗ​របស់​អ្នក​ស្គាល់​គ្នា​ធម្មតា ក្នុង​ករណី​អ្នក​ជួប​ពួកគេ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន

ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​ខ្លះៗ​ទាក់​ទង​នឹង​ការ​ដាក់ និង​ទទួល​យក​អាំងប៉ាវ៖

#១ មិន​ត្រូវ​ដាក់​លុយ​កាក់​នៅ​ក្នុង​អាំងប៉ាវ​ឡើយ

#២ ជៀសវាង​ការ​ដាក់​ចំនួន​លុយ ដែល​មាន​លេខ៤ ដូចជា ៤០០៛, ៤០០០៛, ៤០០០០៛... ជាដើម។ នៅ​ក្នុង​ភាសា​ចិន ពាក្យ «លេខ៤» មាន​សូរ​សំឡេង​ដូច ពាក្យ «ស្លាប់» ដូច្នេះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា សំណាង​អាក្រក់។ ចំនួន​លេខ​គូ (លើក​លែង​តែ លេខ​៤) សុទ្ធ​តែ​ល្អ​ប្រសើរ ជាង​ចំនួន​លេខ​សេស។ វា​កាន់​តែ​ប្រសើរ បើ​ចំនួន​លុយ​ចាប់​ផ្ដើម ឬ​បញ្ចប់​ដោយ លេខ៨ ដូចជា ៨០០៛, ៨០០០៛, ៨០០០០៛ ជាដើម ព្រោះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជួយ​បង្កើន​សំណាង​ល្អ។

#៣ ត្រូវ​ត្រៀម​អាំងប៉ាវ​នៅ​ក្នុង​ខ្លួន ក្នុង​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន រយៈពេល​១៦​ថ្ងៃ (ពី​ថ្ងៃ​ចូល​ឆ្នាំ ដល់ ថ្ងៃ​បង្ហោះ​គោម) ក្នុង​ករណី​អ្នក​ជួប​នរណា​ម្នាក់​ដោយ​ចៃដន្យ ហើយ​ត្រូវ​ឲ្យ​អាំងប៉ាវ​ទៅ​គេ។

#៤ អ្នក​គួរ​ដាក់​ចំនួន​លុយ​ខុស​គ្នា នៅ​ក្នុង​អាំងប៉ាវ​ផ្សេង​គ្នា ដើម្បី​អាច​ដឹង​បាន​រហ័ស​ថា អាំងប៉ាវ​ដែល​អ្នក​ឲ្យ​គេ មាន​ចំនួន​លុយ​ប៉ុន្មាន។

#៥ ចំពោះ​អ្នក​ទទួល​យក​អាំងប៉ាវ ត្រូវ​ទទួល​យក​ដោយ​ដៃ​ទាំង​២។ ការ​ប្រើប្រាស់​ដៃ​ម្ខាង​ទទួល​យក​អាំងប៉ាវ គឺ​ជា​ទង្វើ​មិន​សមរម្យ។

#៦ នៅ​ពេល​អ្នក​ទទួល​បាន​អាំងប៉ាវ អ្នក​គួរ​តែ​សម្ដែង​នូវ​ការ​អរគុណ និង​ស្វាគមន៍​អ្នក​ឲ្យ​ដោយ​ការ​ពេញចិត្ត ហើយ​ត្រូវ​និយាយ​ជូន​ពរ​ទៅ​គេ​វិញ។

#៧ អ្នក​មិន​គួរ​បើក​មើល​អាំងប៉ាវ នៅ​ចំពោះ​មុខ​អ្នក​ឲ្យ​ឡើយ៕

ចុច​អាន៖

ប្រភព៖ China Highlights   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម