ខុសគ្នាស្រឡះរវាង ត្រាំ និង អូបាម៉ា ក្រោយហេតុការណ៍បាញ់សម្លាប់រង្គាល

  • 2018-02-19 08:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១២ អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ប្រឈម​នឹង​សោកនាដកម្ម​ធំ​បំផុត​មួយ នៅ​ក្នុង​ពេល​កាន់​តំណែង​របស់​ខ្លួន ដោយ​មនុស្ស​ចំនួន ២៦ នាក់ ក្នុង​នោះ​រួម​មាន​កុមារ ២០ នាក់ អាយុ​ចន្លោះ​ពី ៦ ដល់ ៧ ឆ្នាំ ត្រូវ​បាន​បាញ់​សម្លាប់ នៅ​ឯ​សាលា​បឋមសិក្សា Sandy Hook Elementary School។

ក្រោយមក លោក អូបាម៉ា បាន​ថ្លែង​សុន្ទរកថា​មួយ​ទាំង​ហូរ​ទឹកភ្នែក​ដល់​ទៅ ២ ដង បន្ទាប់​ពី​ឧបទ្ទវហេតុ​នោះ។ ក្រោយ​មក​ទៀត នៅ​ពេល​ដែល​បង្ហាញ​វិធានការ​គ្រប់គ្រង​កាំភ្លើង នៅ​ខែ​មករា ឆ្នាំ២០១៦ លោក អូបាម៉ា ក៏​បាន​ហូរ​ទឹកភ្នែក​ម្ដង​ទៀត។

នា​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ អតីត​អ្នក​ថត​រូប​របស់​លោក អូបាម៉ា ឈ្មោះ Pete Souza បាន​ចែករំលែក​រូប​ថត​មួយ​សន្លឹក នៅ​លើ​បណ្តាញ​សង្គម Twitter ដោយ​បង្ហាញ​ឲ្យ​ឃើញ លោក អូបាម៉ា កំពុងតែ​អង្គុយ​ម្នាក់​ឯង​នៅ​ក្នុង​ថ្នាក់​រៀន នៃ​សាលា Sandy Hook បន្ទាប់​ពី​មាន​ហេតុការណ៍​បាញ់​សម្លាប់​យ៉ាង​រង្គាល​មួយ​ទៀត​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០១៨។

ចំណែក​ឯ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ទៅ​ជួប​សួរ​សុខទុក្ខ​ជនរងគ្រោះ នៃ​ហេតុការណ៍​បាញ់​សម្លាប់​នៅ​ឯ​សាលា​វិទ្យាល័យ Marjory Stoneman Douglas High School ស្ថិត​ក្នុង​ទីក្រុង Parkland រដ្ឋ Floria រយៈពេល ២ ថ្ងៃ​បន្ទាប់​ពី​ការ​បាញ់​នា​ថ្ងៃ​ពុធ ដែល​សម្លាប់​មនុស្ស​អស់ ១៧ នាក់។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លោក ត្រាំ បាន​ចំណាយ​ពេល​ត្រឹមតែ ៣៥ នាទី​ប៉ុណ្ណោះ នៅ​ក្នុង​មន្ទីរពេទ្យ និង​ជួប​ជន​រងគ្រោះ​តែ ២ នាក់​គត់។ ក្នុង​នោះ​ដែរ លោក​ទទួល​បាន​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយសារតែ​រូបថត​លោក​ញញឹម និង​លើក​មេ​ដៃ។

មិនតែប៉ុណ្ណោះ រយៈ​ពេល​មួយ​ម៉ោង​ក្រោយ​មក លោក ត្រាំ ត្រូវ​គេ​ថត​បាន​នៅ​ក្នុង​ពិធីជប់លៀង​មួយ នៅ​ឯ​បរិវេណ Mar-A-Largo ទៀត​ផង។

ភាព​ផ្ទុយ​គ្នា​យ៉ាង​ស្រឡះ​រវាង​ប្រធានាធិបតី​ទាំង ២ បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម Twitter៕

ចុច​អាន៖

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង