គន្លឹះសំខាន់ៗ និងប្រវត្តិ​ធ្វើ​​ផ្ទះ​ម្រេញ​គង្វាល នៅ​ស្រុកត្រាំកក់ ខេត្តតាកែវ​

  • 2018-02-22 10:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ជាច្រើន​ទៀត បាន​ចាប់​មុខរបរ​ ធ្វើ​ផ្ទះ​ម្រេញគង្វាល​ ដែល​បាន​ផ្ដល់​កម្រៃគួរសម​ដល់ពួកគេ។ រូបភាព ៦សន្លឹក​ខាងក្រោម​នេះ គឺជា​សង្វាក់​ផលិតកម្ម​មួយ​ របស់​អ្នកស្រី សៅ អឿន អ្នក​ធ្វើ​ផ្ទះ​ម្រេញគង្វាល​ នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ។​

តោះទស្សនា​ទាំងអស់គ្នា៖

  1.   អ្នក​ស្រី សៅ អឿន វ័យ ៤០​ឆ្នាំ គឺ​ជា​អ្នក​ធ្វើ​ផ្ទះ​ម្រេញ​គង្វាល ដ៏​លេច​ធ្លោរ​ម្នាក់​ នៅ​ភូមិ​សីម៉ា ឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ​។​ ក្រោយ​ពេល​អ្នក​ស្រី​បោះ​បង់​ចោល​របរ​ធ្វើ​កញ្ជើរ កញ្ច្រែង ល្អី លក់ អ្នកស្រី​និង​ក្រុម​គ្រួសារ​ បាន​ចាប់​ផ្តើម​ប្រកប​របរ​ធ្វើ​ផ្ទះ​ម្រេញ​គង្វាល​នេះ នៅ​ឆ្នាំ​២០១៣​។

2.   វត្ថុ​ធាតុ​ដើម​ចាំ​បាច់​បំផុត ក្នុង​ការ​ធ្វើ​ផ្ទះ​ម្រេញ​គង្វាល​ គឺ​ប្ញស្សី។ អ្នក​ស្រី សៅ អឿន បាន​ទិញ​ប្ញស្សី​ពី​អ្នក​ស្រុក​ជិត​ខាង ដែល​ដឹក​មក​ឱ្យ​អ្នក​ស្រី​ដល់​ផ្ទះ​។ នៅ​ក្នុង​រូប​ភាព​នេះ ប្តី​អ្នក​ស្រី កំពុង​អារ​ដើម​ប្ញស្សី​ជា​កំណាត់ៗ ដើម្បី​បិត​ច្រៀក​ជាបន្ទះៗ ។  

  3.   បន្ទាប់​ពី​បិត​ច្រៀក​រួច​ហើយ បន្ទះ​ប្ញស្សី​ស្តើងៗ​ទាំង​នោះ ត្រូវ​បាន​គេ​ចាប់​ផ្គុំ ដំឡើង​រាង​ជា​ផ្ទះ ដោយ​បិទ​ភ្ញាប់​គ្នា​នឹង​ជ័រ​កាវ។ បន្ទាប់​ពី​កូន​ប្រុស អ្នក​ស្រី  សៅ អឿន គឺ​ជា​អ្នក​រចនា​ម៉ូត​ផ្ទះ​ម្រេញ​គង្វាល​ដ៏​ចំណាន​ម្នាក់​។ ផ្ទះ​ម្រេញ​គង្វាល​របស់​អ្នក​ស្រី មាន​ច្រើន​ម៉ូត ច្រើន​ទំហំ ទៅ​តាម​ការ​និយម​របស់​អ្នក​ប្រើ​ប្រាស់​។  

  4.   ប្តី​អ្នក​ស្រី សៅ អឿន កំពុង​លាប​ថ្នាំ​រលោង​ទៅ​លើ​ផ្ទះ​ម្រេញ​គង្វាល​របស់​គាត់​។​ ផ្ទះ​ម្រេញ​គង្វាល​ដែល​ដំឡើង​រួច​រាល់​អស់​ហើយ នឹង​ត្រូវ​រក្សា​ទុក​មួយ​អន្លើ​។ ពេល​មាន​ចំនួន​ច្រើន​ល្មម​ហើយ  គេ​យក​វា​ទៅ​ផាត់​ពណ៌​ ឬ​លាប​ថ្នាំ​ឱ្យ​រលោង​ស្អាត មុន​នឹង​យក​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​។  

  5.   អ្នក​ស្រី សៅ អឿន ក៏​ត្បាញ​កញ្ច្រែង​សម្រាប់​ទ្រ​ផ្ទះ​ម្រេញ​គង្វាល​ផង​ដែរ។​ កញ្ច្រែង​នេះ​មាន​ចង​បំពង់​ប្ញស្សី​តូចៗ​ចំនួន​៤ និង ក្រណាត់​ក្រហម​ដែល​រាង​ដូច​អាវ​ចំនួន​៤ដែរ​។ ទាំង​អស់​នេះ នឹង​ត្រូវ​លក់​រួម​គ្នា​ ពេល​គេ​ទិញ​ផ្ទះ​ម្រេញ​គង្វាល​។

6.   ការ​លក់​ផ្ទះ​ម្រេញ​គង្វាល​ដាច់​បំផុត គឺ​ចាប់​ដើ​ម​ខែ​កុម្ភៈ ដល់​ដើម​ខែ​មេសា ព្រោះ​នេះ​ជា​រដូវ​ដែល​គេ​ផ្លាស់​ប្តូរ​ផ្ទះ​ម្រេញ​គង្វាល​។ អ្នក​ស្រី សៅ អឿន មាន​ម៉ូយ​នៅ​តាម​ផ្សារ​ធំៗ​ក្នុង​រាជធានី ដែល​តែង​ទិញ​ផ្ទះ​ម្រេញ​គង្វាល​ពី​អ្នក​ស្រី​ទៅ​លក់​បន្ត​៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី