ហេតុ​អ្វី​អ្នក​ប្រើ​បណ្ដាញ​សង្គម​ជន​ជាតិ​កូរ៉េ​ភាគ​ច្រើន​ស្អប់​តារា​ស្រី​ទាំង​នេះ​ខ្លាំង​ម្ល៉េះ?

  • 2018-02-23 07:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​តារា​ដែល​មាន​ឈ្មោះ​ល្បី​តែង​តែ​មាន​អ្នក​ស្រឡាញ់ និង​អ្នក​ស្អប់ វា​ជា​រឿង​ធម្មតា។ តែ​ទោះ​ជា​យ៉ាង​ណា​តារា​ស្រី​ទាំង​ប៉ុន្មាន​រូប​ខាង​ក្រោម​នេះ​ត្រូវ​បាន​គេ​ស្អប់​ខ្លាំង និង​ក្លាយ​ជា​​ផ្ទាំង​ស៊ីប​សម្រាប់​អ្នក​ដែល​ស្អប់​ពួក​គេ​រិះ​រក​កំហុស​រិះ​គន់​គ្រប់​ពេល។

១. តារា​ចម្រៀង Park Bom (ក្រុម 2NE1)

ជា​យូរ​ណាស់​មក​ហើយ អ្នក​លេង​តាម​បណ្ដាញ​សង្គម​ជន​ជាតិ​កូរ៉េ​តែង​តែ​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ​ទៅ​លើ​ទម្រង់​មុខ​របស់​តារា​ចម្រៀង​រូប​នេះ​ដូច​ជា "នាង​មុខ​ប្លាស្ទិក នាង​វះកាត់​មុខ​សុសសាច់​ជា​ដើម"។ ប៉ុន្តែ​ Park Bom នាង​បាន​ព្យាយាម​អត់ធ្មត់​នឹង​មតិ​រិះគន់​ទាំង​អស់​នោះ។

ក្រោយ​មក​ នៅ​ពេល​ដែល​ពាក្យ​ចចាម​អារ៉ាម​​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​បាន​ផ្ទុះ​ឡើង អ្នក​រិះ​គន់​ទាំង​នោះ​រឹត​តែ​មាន​លេស​​យក​ហេតុផល​ទាំង​នេះ​ដើម្បី​​មើល​ងាយ​នាង​បន្ថែម​ទៀត ទោះ​បី​ជា​នាង​បាន​សុំ​ទោស​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ។

ដោយ​សារ​មាន​សម្ពាធ​ធ្ងន់ធ្ងរ​បែប​នេះ តារា​ចម្រៀង Park Bom បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម 2NE1 ហើយ​ផ្អាក​ពី​ការងារ​សិល្បៈ​នេះ​មួយ​រយៈ។

២. តារា​ចម្រៀង Jennie (ក្រុម BLACKPINK)

ចាប់​តាំង​ពី​ចូល​ច្រៀង​ក្នុង​ផលិតកម្ម YG មក Jennie ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំ​ទ្រ​ជា​ច្រើន។ តែ​ទោះ​ជា​យ៉ាង​ណា នាង​មាន​ពាក្យ​ចចាម​អារ៉ាម​ពាក់ព័ន្ធ​នឹង​រឿង​រើស​អើង​ក្រោយ​​ពី​ពេល​ដែល​នាង​បាន​ចូល​វិស័យ​សិល្បៈ​ចម្រៀង​នេះ។

មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​បាន​បង្ហោះ​លើ​​បណ្ដាញ​សង្គម Instagram ថា​នាង​ជា​មនុស្ស​កោងកាច​ចូល​ចិត្ត​សម្លុត​ធ្វើ​បាប​គេ​នៅ​ក្នុង​សាលា។ ក្រោយ​មក មនុស្ស​ដែល​តាំង​ខ្លួន​ជា​អ្នក​ដែល​តារា​ចម្រៀង​រូប​នេះ​ធ្លាប់​ធ្វើ​បាប​បាន​បង្ហោះ​រូបភាព​បញ្ចប់​ការ​សិក្សា​របស់​នាង​ដើម្បី​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​នេះ។

ក្រោយ​ពី​មាន​រឿងរ៉ាវ​បែប​នេះ​កើត​ឡើង តារា​ចម្រៀង​ស្រី​កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​រូប​នេះ ត្រូវ​បាន​អ្នក​រិះគន់​បន្ត​មតិ​អវិជ្ជមាន​របស់​ពួក​គេ​ទៅ​លើ​នាង​ដោយ​មិន​មាន​មូលហេតុ។

៣. តារា​ចម្រៀង Yeri (ក្រុម Red Velvet)

ចាប់​តាំង​ពី​ក្រុម​ចម្រៀង​នេះ ប្រកាស​ថែម​សមាជិក​ថ្មី​នោះ តារា​ចម្រៀង Yeri បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​រិះគន់​របស់​អ្នក​លេង​បណ្ដាញ​សង្គម​ជន​ជាតិ​កូរ៉េ។ ហេតុ​ផល​នោះ​ថា អ្នក​លេង​បណ្ដាញ​សង្គម​ទាំង​នេះ​គិត​ថា ក្រុម​​ចម្រៀង​ដែល​ដំបូង​មាន​សមាជិក​៤​នាក់​នេះ​គឺ​គ្រប់គ្រាន់​ និង​ស័ក្ដិ​បំផុត​សម្រាប់​ក្រុម​ទៅ​ហើយ។ ក្រោយ​មក នៅ​ពេល​ដែល​ Yeri កាន់​តែ​ខិត​ខំ​បំពេញ​ការងារ​របស់​នាង ការ​ស្អប់​ពី​មនុស្ស​ទាំង​នោះ​ក៏​មាន​កាន់​តែ​ច្រើន​​ទៅ​លើ​នាង​ដែរ។

គ្រប់​គ្នា​និយាយ​ថា នាង​គ្មាន​អ្វី​គួរ​ឲ្យ​កោត​សរសើរ​សោះ​រាប់​តាំង​ពី​រូបរាង​និង​សមត្ថភាព ហើយ​ពួក​គេ​មិន​យល់​ថា​ហេតុអ្វី​បាន​ជា​នាង​ត្រូវ​បញ្ចូល​ក្នុង​ក្រុម​នេះ។ ជាង​នេះ​ទៅ​ទៀត នាង​ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​អត្តចរិត​មិន​សមរម្យ​នៅ​ពេល​ដែល​នាង​រុញ​សមាជិក​ក្រុម​ម្នាក់​របស់​នាង​ចេញ​ដើម្បី​នាង​បាន​ថត​រូប។

ដោយ​សារ​តែ​មូលហេតុ​នេះ​ហើយ ទើប​មនុស្ស​គ្រប់​គ្នា​មិន​ពេញ​ចិត្ត​នាង។

​៤. តារា​ចម្រៀង Nayeon (ក្រុម Twice)

Twice ជា​ក្រុម​ចម្រៀង​មួយ​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ។ តារា​ចម្រៀង Nayeon ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ចម្រៀង​មួយ​នេះ​ដែល​​​សកម្ម​​ជាង​គេ​ ហើយ​ក៏​ទទួល​បាន​ការ​រិះគន់​ច្រើន​ជាង​គេ​ផង​ដែរ។

ពាក្យ​ចចាម​អារ៉ាម​អាក្រក់​ៗ​ពី​នាង​កើត​ឡើង​កាន់​តែ​ច្រើន ដូច​ជា Nayeon ជា​មនុស្ស​មិន​ល្អ អត្តចរិត​មិន​ល្អ ហើយ​តែងតែ​បង្ហាញ​អាកប្បកិរិយា​មិន​គួរ​សម​ដាក់​សមាជិក​​ណា​ដែល​នាង​មិន​ចូលចិត្ត។​

ពាក្យ​ចចាម​អារ៉ាម​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ A ឬ​ក៏​​ម្ញ៉ិកម្ញ៉ក់​ជាមួយ​តារា B។ ក្រោយ​ពី​ទទួល​បាន​មតិ​អវិជ្ជមាន​ជាច្រើន Nayeon កាន់​តែ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​របស់​នាង។ ហើយ​ថ្មី​ៗ​នេះ​ដែរ នាង​បាន​ពួន​ក្រោយ​ខ្នង Jung Yeon ហើយ​យំ ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​នាង​មាន​ការ​អាណិត​ខ្លោច​ផ្សា​ជា​ខ្លាំង។

ជា​ការ​ពិត​ណាស់ គ្មាន​នរណា​ម្នាក់​អាច​ស្រឡាញ់ ឬ​ក៏​ទទួល​បាន​ការ​ស្រឡាញ់​ពី​មនុស្ស​គ្រប់​គ្នា​នោះ​ទេ ប៉ុន្តែ​តារា​ស្រី​ទាំង​ប៉ុន្មាន​នេះ ពិត​ជា​ទទួល​សម្ពាធ​ធ្ងន់ធ្ងរ​ខ្លាំង​ពី​ការ​រិះ​គន់​ និង​ស្អប់​ខ្ពើម​ពី​មនុស្ស​មួយ​ចំនួន​ដោយ​គ្មាន​ហេតុផល​។ សង្ឃឹម​ថា មនុស្ស​គ្រប់​គ្នា​នឹង​រិះគន់​ទៅ​លើ​អ្វី​ដែល​គួរ​តែ​រិះគន់ និង​មិន​មើល​ងាយ​នរណា​ម្នាក់​ដោយ​គ្រាន់​តែ​ការ​ស្អប់​ពួក​គេ​នោះ៕

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ អន សុភក្ត្រា