ខ្សែភាពយន្តខ្មែរមួយ ឈ្នះពានពីជប៉ុន
- 2014-11-12 22:44:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែភាពយន្តខ្មែរមួយ ឈ្នះពានពីជប៉ុន
ចន្លោះមិនឃើញ
ខ្សែភាពយន្តខ្មែររឿង "The Last Reel ឬ ដុំហ្វីលចុងក្រោយ" របស់ អ្នកស្រី សុទ្ធោ គុល្លិការ បានទទួលពានរង្វាន់ពីមហោស្រពភាពយន្តអន្តរជាតិមួយនៅទីក្រុង Tokyo ប្រទេសជប៉ុន កាលពីចុងខែ តុលា ឆ្នាំ ២០១៤នេះ។
ពានដែលខ្សែភាពយន្តរឿង "The Last Reel ឬ ដុំហ្វីលចុងក្រោយ" ទទួលបានមានឈ្មោះថា " ដួងព្រលឹងអាស៊ី ឬ The Spirit of Asia “ ពីមជ្ឈមណ្ឌលមូលនិធិអាស៊ីជប៉ុន ។ អ្នកស្រី សុទ្ធោ គុល្លិការ ដែលអ្នកដឹកនាំសម្ដែង និង ជាផលិតករនៃ ខ្សែភាពយន្តមួយនេះបានឲ្យដឹងថា មហោស្រព Tokyo International Film Festival 2014 បានធ្វើតាំងពីថ្ងៃទី ២៣ រហូត ដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៤ កន្លងទៅនេះ ដោយនៅក្នុងនោះខ្សែភាពយន្ត ជាង ២០០ រឿង មកពីតំបន់អាស៊ី ត្រូវបានដាក់ចូលរួមប្រកួត ប៉ុន្តែ គណៈកម្មការសម្រេចជ្រើសរើសយកតែ ៣០ រឿង ប៉ុណ្ណោះ មកចាក់បញ្ចាំងប្រកួត។ ជាលទ្ធផលមានតែ ១១ រឿងប៉ុណ្ណោះ ដែលទទួលពានរង្វាន់ក្នុងកម្មវិធីនេះក្នុងនោះក៏មានខ្សែភាពយន្តខ្មែរ។
រឿង "The Last Reel ឬ ដុំហ្វីលចុងក្រោយ" ដែលទទួលបានពានរង្វាន់ "ដួងព្រលឹងអាស៊ី ឬ The Spirit of Asia “ ជាខ្សែភាពយន្តដែលនិយាយពី មរតកនៃភាពរន្ធត់ របស់ក្រុមគ្រួសារកម្ពុជា ក្នុងរបបខ្មែរក្រហម និង ផលប៉ះពាល់ពីសម័យនោះ មកសង្គមកម្ពុជា សម័យក្រោយៗទៀត។ តារាសម្ដែងនៅក្នុងរឿងនេះ មាន អ្នកស្រី ឌឺ សាវ៉េត កញ្ញា ម៉ារី ណែត និង លោក សុខ សុធន លោក ហ៊ុន សុភី និង តារាសម្ដែងមួយចំនួនទៀត។
រឿង "The Last Reel ឬ ដុំហ្វីលចុងក្រោយ" គឺជាស្នាដៃលើកដំបូង របស់អ្នកស្រី សុទ្ធោ គុល្លិការ។ អ្នកស្រីថា ជោគជ័យដែល ទទួលបាននេះ គឺជា កម្លាំងចិត្តដ៏ធំ ក្នុងការជំរុញឲ្យអ្នកស្រីផលិតភាពយន្តបន្តទៀត។
បើតាមការបញ្ជាក់ពីអ្នកដឹងនាំរឿងមួយនេះ រឿង"The Last Reel ឬ ដុំហ្វីលចុងក្រោយ" នៅមិនទាន់មានគម្រោងដាក់បញ្ចាំងលក់សំបុត្រតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជានៅឡើយ ប៉ុន្តែខ្សែភាពយន្តមួយនេះ គ្រោងនឹងចូលរួម ក្នុងមហោស្រពភាពយន្តកម្ពុជា ដែលនឹងត្រូវធ្វើនៅថ្ងៃទី ៥ រហូតដល់ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៤ ខាងមុននេះ៕
https://www.youtube.com/watch?v=Gii_klcdikY
មើលអត្ថបទ៖ តារាប្រុស ២ នាក់ មានកូនក្នុងខែនេះ តែមិនធ្លាប់ធ្លាយដំណឹងរៀបការ
មើលអត្ថបទ៖ ទីបំផុត ខេមរៈ សិរីមន្ត បានទៅដល់ផ្ទះលោកតា ប្រាជ្ញ ឈួន ហើយព្រឹកនេះ!
មើលអត្ថបទ៖ លោក ព្រាប សុវត្ថិ បញ្ជូនកញ្ចប់ថវិកាទៅលោកតា ប្រាជ្ញ ឈួន ហើយ!
អត្ថបទ៖ ខុត សីហា