បង្ហាញមុខ ក្រុមជនសង្ស័យវាយបណ្ឌិត ស៊ុយ សារ៉េត សុទ្ធតែនៅក្មេងៗល្ហក់

  • 2018-03-15 03:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ពេល​នេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ បាន​ចាប់ខ្លួន​ជន​សង្ស័យ​ ៤​នាក់​ហើយ បញ្ជូនទៅកាន់ស្នងការ​នគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ​ ពាក់ព័ន្ធករណី​ប្រើ​អំពើ​ហិង្សា​លើលោក ស៊ុយ សារ៉េត បណ្តាល​ឲ្យរបួសជាធ្ងន់​កាល​ពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ។ ក្នុង​នោះ​មាន​ជន​សង្ស័យ​៣​រូប​ត្រូវ​បាន​ទម្លាយ​រូប​ថត​នៅ​លើ​បណ្ដាញ​សង្គម។

១.ឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាសយដ្ឋាន ផ្ទះគ្មានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់​ទួលសង្កែ២ ខណ្ឌឫស្សីកែវ​។

២.ឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស អាសយដ្ឋាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក​។

សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀនលើយុវជនទាំងពីរនាក់នោះផងដែរ។

៣. ភាជ គឹមហាក់ ជាសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌដូនពេញ និងម្នាក់ទៀត​ជា​ប្រជាការពារ។

៤. ត្រូវបានសមត្ថកិច្ចអះអាងថា ជាប្រជាការពារ ប៉ុន្តែនៅមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេ។

ជនសង្ស័យទាំង ២នាក់ខាងលើនេះ គឺជាជនដៃដល់ដំបូង ដែលបានបើកការវាយប្រហារ​ដោយ​ហិង្សាទៅលើលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត។

ជន​សង្ស័យ​ឈ្មោះ ភាជ គឹមហាក់

លោកស៊ុយ សារ៉េត ដែលជាសាស្រ្ដាចារ្យនៅសាកល​វិទ្យាល័យមួយ ត្រូវបានប្រជាពលរដ្ឋមួយក្រុម ចោមរោមវាយដំ រងរបួសជាទម្ងន់ កាលពីថ្ងៃទី១១ មីនា។ ការប្រើអំពើហិង្សានោះ កើតឡើងក្រោយពីមានប្រជាពលរដ្ឋមួយចំនួន អះអាងថាលោក ស៊ុយ សារ៉េត បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រួចបើករថយន្តរត់។ ក្រោយកើតហេតុ លោកត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅប្រទេស​វៀតណាម។

មកទល់ពេលនេះ លោកបានរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែ ត្រូវ សម្រាក ព្យាបាល របួសរយៈ ពេល យូរ​ទៀត។ ចំណែកឯក្រុមគ្រួសាររបស់លោកស៊ុយ សារ៉េត បានប្ដឹងទាមទារសំណងចំនួន ១២០០​លាន​រៀល ឬ ៣០ម៉ឺនដុល្លារអាមេរិក ពីសំណាក់អ្នកដែលប្រើអំពើហិង្សាទាំងនោះ៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ