បក​ស្រាយ​ច្បាស់​ហើយ ថាតើ​ពេល​មាន​គ្រោះថ្នាក់ចរាចរណ៍​ត្រូវ​ចុះដោះស្រាយនៅ​នឹងកន្លែង ឬ​រត់គេច?

  • 2018-03-14 06:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​ហេតុការណ៍​វាយ​ដំធ្ងន់ធ្ងរ​លើ​អ្នក​បើក​បរ​ដែលរង​ការ​ចោទ​ប្រ​កាន់​ថា​បាន​បើ​រថយន្ត​បុក​អ្នក​ដំណើរ​ហើយ​រត់ នោះ​មក អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បាន​លើក​ឡើង​ជា​មតិ​ផ្សេង​គ្នា​ថា​បើ​មិន​រត់​ខ្លាចអ្នក​ឃើញ​ហេតុការ​ណ៍វាយដំ តែ​បើ​រត់​តែ​គេច​ខ្លួន​មិន​រួចរិត​តែ​ធ្វើ​ឲ្យ​មហាជន​ខឹង​នឹង​ប្រើ​អំ​ពើហិង្សា​ដាក់​ដដែល។

អ្នកខ្លះ​ទៀត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចោទជា​សំណួរថា​តើ​ពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​តើ​អ្នក​បង្ក​គួរ​រត់​គេច​ឬចុះ​ដោះ​ស្រាយ​បញ្ហា​នោះ​នឹង​កន្លែង?​

(ការលើកឡើងខ្លះៗ​របស់អ្នកប្រើ​បណ្តាញសង្គម​ហ្វេសប៊ុក/រូបភាព៖ Screen Shoot)

លោក សន ជ័យ ប្រ​ធានអង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លើក​ឡើងថា​តាម​ច្បាប់​អ្នក​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​មិន​ត្រូវ​រត់គេច​នោះទេ។ ទោះយ៉ាងណា​លោកថា​ពេល​ខ្លះ​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​រត់គេច​ក្រោម​ហេតុ​ផល​ផ្សេងៗ។ ត្រង់ចំណុចនេះ​លោក​ថា​ទាំង​អ្នក​បង្ក និង​អ្នក​ឃើញ​ហេតុការណ៍​ត្រូវ​អនុវត្ត​ច្បាប់ទាំងអស់គ្នា ពោលគឺ​អ្នកបង្ក​ហេតុ​ត្រូវចុះដោះស្រាយ​បញ្ហា​នៅ​នឹង​កន្លែង រី​ឯអ្នក​ឃើញ​ហេតុការ​ណ៍​អាច​​ជួយ​ឃាត់​អ្នក​បង្កទុក​ឲ្យ​សមត្ថកិច្ច បើ​ជន​បង្ក​មានចេតនា​គេច​វេសពីការទទួលខុសត្រូវ​។

លោក​បន្ថែមថា៖ «​រឿងថាគួររត់គេច​ឬមិនរត់គេច​ខ្ញុំថា​តាម​ច្បាប់​អត់មាន​ឲ្យ​​នរណា​ម្នាក់​រត់​គេច​ទេ​ រត់គេចបានន័យថា​គេចពី​ការ​ទទួលខុសត្រូវ​នៅ​កន្លែង​កើត​ហេតុ​ហើយ​ ប៉ុន្តែ​បើ​មិន​រត់គេច ឬក្នុង​បំណង​រត់គេច​មហាជនត្រូវធ្វើយ៉ាង​ម៉េច គឺអត់ត្រូវ​ប្រើអំពើហិង្សាទេ ត្រូវ​ឃាត់ទុក ផ្តល់ព័ត៌មានទៅ​ប៉ូលីស»។

សម្រាប់មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការលីកាដូ លោក អំ សំអាត យល់ថា​កន្លង​មក​មាន​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​រត់គេច ក៏​ដោយសារតែ​បារម្ភពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយខ្លាច​ថា​មហាជន​ទប់​កំហឹង​មិនបាន​ហើយ​ចោមវាយ​ដំ។

ទោះយ៉ាងណា លោក​ថា​ទាំង​អ្នក​បង្ក​ហេតុ​នឹង​មហាជន​ត្រូវ​រួមគ្នា​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា ពោលគឺ​​ពេល​មាន​ហេតុការណ៍គ្រោះថ្នាក់​អ្នក​បង្កត្រូវចុះ​ដោះស្រាយភ្លាមៗ ហើយ​មហាជន​ត្រូវ​ទុក​ករណីនេះ​ឲ្យ​សមត្ថកិច្ច​ជា​អ្នកដោះស្រាយ​។

លោក​បន្ថែមថា៖ «ខ្ញុំគិតថាបើ​សិនជា​យើងមានចេតនាដោះស្រាយ​មែន ពេល​បើកទៅ​ ចូល​ទៅ​រក​សមត្ថកិច្ចតែម្តង​ ដើម្បី​សុវត្ថិភាព និង​បង្ហាញចេតនាដោះស្រាយ...​ប្រ​ជាពល​រដ្ឋទាំងអស់ក៏គួរ​បញ្ឈប់​នូវវប្បធម៌​ដើរតួរជាតុលាការព្រួតវាយ ឬប្រើប្រាស់អំពើហិង្សា...អំពើទាំងអស់នេះ​វាល្មើសនឹង​ច្បាប់ ហើយ​ខ្លួន​យើង​ក្លាយជា​អ្នកប្រ​ព្រឹត្តិបទល្មើស​ព្រហ្មទណ្ឌ​»។

(រូបភាពScreen Shoot ពី​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ទាក់ទង​នឹង​អំពើហិង្សា​លើ​អ្នកបើក​បរ​កាលពី​ថ្ងៃអាទិត្យ)

ចំណែក​ប្រ​ធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃក្រ​សួង​មហាផ្ទៃ ឯកឧត្តម រ៉ុន រ័ត្នវាសនា លើក​ឡើងថា​ជនបងគ្រោះថ្នាក់ចរាចរណ៍​មិន​ត្រូវ​រត់គេច​ពីការ​ទទួលខុសត្រូវ​នៅ​កន្លែង​កើតហេតុ​នោះទេ។ បើមិន​ដូច្នោះទេ ជនបង្ក​នឹង​ត្រូវ​មាន​ទោស​ទណ្ឌ​​ទាក់ទង​នឹង​ការ​មិនទទួលខុសត្រូវ​នៅពេល​បើក​បរ​​បណ្តាល​ឲ្យ​មានគ្រោះថ្នាក់​ហើយ​រត់គេច​ ដែលជាទោស​មានចែង​ក្នុង​ក្រម​​ព្រហ្ម​ទណ្ឌ​។

ឯកឧត្តម​បញ្ជាក់ដែរថា​ ក្នុងករណី​ដែល​អ្នក​បង្កហេតុ​បារម្ភ​ពី​សុវត្ថិភាព​នៅ​កន្លែង​កើត​ហេតុ អាច​ស្វែង​រក​ប៉ុស្តិ៍​នគរបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​​នៅ​ក្បែរ​​នោះ​ដើម្បីជួយ​ដោះ​ស្រាយ។

ឯកឧត្តម​បន្ថែមថា៖ «ឧទាហរណ៍ថា​បើ​កន្លែង​ហ្នឹង​គាត់យល់ថា​មិនមាន​សុវត្ថិភាព គាត់​រត់​ចូល​ប៉ុស្តិ៍​នៅគៀក​ហ្នឹង ហើយ​ឲ្យ​ប៉ុស្តិ៍​ហ្នឹង​ជួយ​ដោះស្រាយ​ទៅ បើ​សិនជាគាត់រត់គេចតែម្តងអាហ្នឹង​ជា​ការ​រត់​គេច​មិន​ទទួល​ខុស​ត្រូវ ​តែ​បើ​គាត់​គ្រាន់​តែ​រត់​ចូល​ប៉ុស្តិ៍​នៅ​ក្បែរ​ហ្នឹង​អត់​ខុសទេ»។

សម្រាប់​អ្នកឃើញ​ហេតុការណ៍​ឯកឧត្តម​ថា​មិនមានសិទ្ធិប្រើហិង្សា​លើអ្នក​បង្កគ្រោះ​ថ្នាក់​ចរាចរណ៍ទេ តែ​ថា​មាន​សិទ្ធិ​ឃាត់​ជនបង្ក ឬ​ទូរស័ព្ទ​រាយការ​ណ៍​ទៅសមត្ថកិច្ច​ឲ្យ​​ជួយអន្តរាគមន៍​ដូចជា​លេខ​នៅ​ស្នាក់ការ​ធំ​របស់ក្រសួង​គឺ​១១៧។

​ ឯកឧត្តម​បន្តថា៖ «បើ​យើង​ឮគេស្រែក​ថា​ចោរៗហើយ​បើសិនជា​អ្នកហ្នឹង​មិន​​មែន​ផង ហើយ​ទៅ​វាយ​គ្នា​រហូត​ដល់ស្លាប់​ អ្នក​ណា​ទទួល​ខុស​​ត្រូវ...អ្នក​បង្ក​ឲ្យគេ​របួស​ធ្ងន់​​ធ្ងរ​នោះ តើសុខអត់ អាហ្នឹង​ត្រូវទោស​ព្រហ្មទណ្ឌ​ទៅវិញ វាមិន​មែន​គ្រោះ​ថ្នាក់​ចរាចរណ៍ទេ​...​តែវាយឲ្យគេរបួស ខ្ទេច​មុខ ខ្ទេច​មាត់ ឬបំផ្លិចបំផ្លាញ​​ទ្រព្យ​សម្បត្តិ អាហ្នឹង​ជាទោស​ព្រហ្មទណ្ឌទៅវិញ​»៕​​

ចុចអាន៖

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី