ប្ដីប្រពន្ធ បើប្រកាន់ចរិត៦យ៉ាងនេះរៀងខ្លួន កុំសង្ឃឹមរស់មានក្ដីសុខឲ្យសោះ
- 2018-03-15 08:26:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធ បើប្រកាន់ចរិត៦យ៉ាងនេះរៀងខ្លួន កុំសង្ឃឹមរស់មានក្ដីសុខឲ្យសោះ
ចន្លោះមិនឃើញ
ក្រោយរៀបការហើយ ជីវិតប្ដីប្រពន្ធត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា ហើយការរក្សាភាពផ្អែមល្ហែមរហូតដល់ចាស់កោងខ្នង គឺមិនមែនជារឿងងាយស្រួលឡើយ។ ក្នុងដំណើរជីវិតគូ មានរឿងមួយចំនួនដូចខាងក្រោមនេះ ត្រូវជៀសវាងដាច់ខាត ទើបគ្រួសារមានតែស្នាមញញឹម និងសុភមង្គល៖
**១. តែងមើលបំណាំគ្នា**
ការមើលបំណាំគ្នានេះ រាប់បញ្ចូលតាំងពីរឿងរៀបចំផ្ទះសម្បែង រឿងចម្អិនម្ហូប រឿងសំលៀកបំពាក់ សុទ្ធតែបែងចែកការងារស្រី ការងារប្រុស តែមិនគិតជួយធ្វើគ្នាទេ។ ពាក្យថាប្ដីប្រពន្ធ គឺក្លាយជាជីវិតតែមួយទៅហើយ។ ដូចនេះបើឃើញប្រពន្ធរវល់ខ្លាំងប្ដីគួរតែធ្វើ ហើយបើប្ដីរវល់ខ្លាំងប្រពន្ធគួរតែជួយ តែបើមានពេលទាំងពីរនាក់គួរតែធ្វើរួមគ្នា នោះទើបជីវិតគូរស់នៅមានសុភមង្គលពិតៗ។
២. តែងចាប់កំហុសគ្នា
ពេលឃើញគ្នាខុសរឿងអ្វីមួយមិនថា តូច ឬធំ មិនព្រមប្រាប់គ្នាឲ្យកែតម្រូវទេ តែបែរជាចាំតែស្ដីបន្ទោស។ ត្រូវដឹងថានៅលើលោកនេះ គ្មានអ្នកណាចេះគ្រប់ដប់ទេ តែងមានការខ្វះខាតជារឿងធម្មតា ជួនកាលកំហុសមួយកើតឡើងដោយមិនបានតាំងចិត្តឡើយ។ រីឯអ្នកចាំតែស្ដីបន្ទោសឲ្យគេ ក៏មិនមែនធ្វើអ្វីក៏ត្រូវគ្រប់បែបយ៉ាងនោះឡើយ បែបនេះហើយការជួយកែតម្រូវគ្នា គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ជីវិតប្ដីប្រពន្ធ។
៣. គិតតែពីសង្ស័យគ្នា
ស្រលាញ់ពេក គឺអាចក្លាយជាការប្រចណ្ឌដោយគ្មានហេតុផល រួចហើយតាំងសង្ស័យគ្នាអ៊ីចេះមួយ អ៊ីចេះពីរ មិនចេះមិនចេះហើយ។ ជីវិតគូសំខាន់បំផុត ការជឿទុកចិត្តគ្នា ជឿជាក់លើក្ដីស្រលាញ់ដែលមានឲ្យគ្នា ទើបគ្រួសាររស់នៅមានសុភមង្គល។ តែទន្ទឹមនឹងនេះ ភាគីទាំងសងខាងក៏ត្រូវកសាងទំនុកចិត្តឲ្យគ្នា ត្រូវស្មោះត្រង់នឹងគ្នា ព្រោះនៅលើលោកនេះគ្មានទេអាថ៌កំបាំង បើមិនស្មោះនឹងគ្នាថ្ងៃណាមួយការណ៍ពិតត្រូវទម្លាយ នោះជីវិតអាចប្រឈមនឹងផ្លូវបញ្ចប់បាន។
៤. ស្ដាប់សម្ដីអ្នកក្រៅ
ដូចពាក្យតែងនិយាយថា ជីវិតគូទោះឈ្លោះគ្នាបែកផ្សែងយ៉ាងណាក៏គង់តែត្រូវគ្នាវិញ កុំឲ្យតែមានបុគ្គលទី៣ចូលជ្រៀតជ្រែក។ ជីវិតគូមានស៊ីអត់ស៊ី ផ្អែមខ្លះ ល្វីងខ្លះ គឺមានតែយើងពីរនាក់ប្ដីប្រពន្ធទេដឹងច្បាស់ និងត្រូវហែលឆ្លងឧបសគ្គជាច្រើនជាមួយគ្នា អ្នកដទៃចាំតែសាទរពេលឃើញយើងឈ្លោះគ្នាប៉ុណ្ណោះ។ មិនថាមានរឿងឈ្លោះគ្នាប៉ុនមេឃក៏ដោយ ដោះស្រាយតែរង្វង់គ្រួសារយើងទៅ មិនបាច់ទៅប្រាប់អ្នកដទៃឡើយ ព្រោះកាលណាស្ដាប់កាន់តែច្រើន ឮកាន់តែច្រើន យកមកវែកញែកពិចារណាកាន់តែច្រើន។ ដូចនេះកុំនាំភ្លើងចូលគ្រួសារអី ទាស់ខុសអីរៀនដោះស្រាយដោយសន្តិវិធីទើបជាជម្រើសល្អ។
៥. ខ្លាចអន់រៀងខ្លួន
ពាក្យចាស់តែងពោលថា «ខ្លាំងប៉ះខ្លាំងខ្លោច» មិនខុសអីពីជីវិតគ្រួសារតែងមានរឿងល្អក់កករមិនដែលខាន។ បើម្នាក់ៗនៅតែប្រកាន់ថាខ្លួនជាអ្នកត្រូវរៀងខ្លួន គ្មានអ្នកខុស នោះបញ្ហានឹងមិនបញ្ចប់ឡើយ។ ក្លាយជាជីវិតតែមួយទៅហើយ តើហេតុអ្វីក៏នៅខ្លាចអន់? បើអន់ចំពោះអ្នកដទៃ អាចថាត្រូវខ្លាចខ្លះ តែនេះប្ដីប្រពន្ធយើងតើ បើថាអន់ក៏អន់ ដើម្បីមនុស្សដែលយើងស្រលាញ់ដែរ។ ការអត់ឱនឲ្យគ្នា ការចេះទទួលខុស គឺសំខាន់ណាស់ក្នុងដំណើរជីវិតដ៏វែងឆ្ងាយរបស់គូស្នេហ៍។
៦. អន់ចិត្តជាមួយគ្នាតែមិនព្រមប្រាប់តែធ្វើគំរោះគំរើយដាក់គ្នា
ពេលខ្លះភាគីណាម្នាក់ អាចសាងកំហុសដោយមិនដឹងខ្លួន ហើយក៏មិនដឹងថាខ្លួនខុសអ្វីទៀត ខណៈភាគីម្ខាងទៀតបែរជាមិនមាត់មិនករកគ្នា ធ្វើហីៗដាក់គ្នា។ បែបនេះក៏ព្រោះតែមានរឿងអន់ចិត្តជាមួយគ្នា តែជាមិនទៅដោះស្រាយ បែរជ្រើសរើសវិធីនេះទៅវិញ។ ប្ដីប្រពន្ធគួរបញ្ចប់ទម្លាប់នេះ ជាបន្ទាន់ ប្រសិនបើមិនចង់ឲ្យគ្រួសារធ្លាប់តែមានសុភមង្គល ក្លាយជាកន្លែងដ៏ធុញថប់។ មានរឿងតូចធំអីត្រូវនិយាយប្រាប់គ្នាត្រង់ទៅត្រង់មក ព្រោះមិនមែនជាអ្នកដទៃទេ៕
ចុចអានបន្ត៖
៦ឃ្លា បើហ៊ាននិយាយទៅស្វាមីរាល់ថ្ងៃ ដឹងតែប្ដីស្រលាញ់ខ្លាំងជាងកាលនៅក្រមុំទៀត
ប្រុសៗពេលចង់បានប្រពន្ធខ្លាំង តែងចេញចរិត៦យ៉ាងនេះខ្ទេចខ្ទីគ្មានសល់
៦ឃ្លានេះប្រុសៗអន់ចិត្តបំផុត ពេលឮពីសង្សារ តែចេះតែទ្រាំៗទៅធ្វើម៉េចស្រលាញ់គេ