នេះ​បាន​ហួស​ចិត្ត​មែន...! រត់​ទៅ​ពួន​គុម្ភ​ចេក​ផង គល់​ស្វាយ​ផង ចុង​ក្រោយ​មក​អស់​លក្ខណ៍​ក្នុង​ពាង​អត់​ទឹក

  • 2018-03-19 12:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លេច​ៗ​ខ្លួន​ដល់​ថ្ងៃ​ហួស​ចិត្ត​ទៀត​បាត់...សប្ដាហ៍​មុន​រឿង​របស់​បង​ប្រុស​មក​ពី​កំពង់​ធំ​រាង​រន្ធត់​បន្តិច​មែន​ទេ? សប្ដាហ៍​នេះ មាន​រឿង​ពី​អ្នក​ខេត្ត​ក្រចេះ​ម្ដង។ ប្រិយមិត្ត​បើ​ស្ដាប់​ទៅ អាច​ហួស​ចិត្ត អាច​អស់​សំណើច​ដែរ។

ខ្ញុំ​បាទ​ជា​អ្នក​ខេត្ត​ក្រចេះ ស្រុក​ឆ្លូង ខ្ញុំ​មាន​រឿង​មួយ​កាល​ពី​កុមារ ដែល​ពេល​នោះ ខ្ញុំ​ត្រូវ​ពុក​វាយ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​មិន​ស្ដាប់​ការ​ទូន្មាន ក៏​ដូច​ជា​ការ​ណែ​នាំ​របស់​គាត់​ពាក់​ព័ន្ធ​នឹង​គេ​ប្រើ​ឲ្យ​បឺត​សាំង​ឲ្យ​គេ។

សូម​ជម្រាប​ថា កាល​ណោះ ខ្ញុំ​មាន​វ័យ​ប្រមាណ​ជា ជិត​១០​ឆ្នាំ​អី​ហ្នឹង ហើយ​នៅ​ទល់​មុខ​ផ្ទះ​ខ្ញុំ​មាន​មីង​មួយ​ឈ្មោះ មីង​ថា គាត់​លក់​សាំង​មុខ​ផ្ទះ។ នៅ​ល្ងាច​មួយ ខ្ញុំ​ត្រូវ​បាន មីង ថា លួង​លោម ឬ​ក៏​ថា បោក​ប្រើ​ក៏​ថា​បាន គឺ​គាត់​ឲ្យ​ខ្ញុំ​ជួយ​បឺត​ប្រេង​ពី​ធុង​សាំង​អា​ធំ​តាម​ទុយោ​មក​បញ្ចូល​ដប​ឲ្យ​គាត់(មិន​មែន​បឺត​បញ្ចូល​មាត់​តែ​ម្ដង​ទេ គឺ​បឺត​គ្រាន់​តែ​ឲ្យ​វា​ហូរ​មក​ហើយ ដក​ទុយោ​ពី​មាត់​មក​បាញ់​ចូល​ដប)។

រូប​តំណាង

ដោយ​សារ​នៅ​ក្មេង​ឆោត ម្យ៉ាង​វា​ដូច​ជា​ល្បែង​លេង​ផង ខ្ញុំ​ក៏​បាន​ជួយ​បឺត​បង្ហូរ​សាំង​បញ្ចូល​ដប​ឲ្យ​មីង​ថា បាន​ប្រមាណ​ជិត​២០​ដប។ ក្រោយ​ពី​ដឹង​រឿង​នេះ ពុក​ខ្ញុំ​ខឹង​ណាស់ ហើយ​បាន​ហៅ​ខ្ញុំ​មក​ស្ដី​ឲ្យ "អា​ណា អ្ហែង​ធំ​ប៉ុណ្ណឹង​ហើយ...នៅ​ល្ងង់​ឲ្យ​គេ​បោក​ប្រើ​បឺត​សាំង​ឲ្យ​គេ​អីចឹង​ទៀត អ្ហែង​ដឹង​ថា វា​ប៉ះពាល់​ដល់​សុខ​ភាព​ទេ...ពុក​ប្រាប់​ឲ្យ​ហើយ​ណា អត់​ទៅ​ទៀត​ទេ លឺ​អត់...តែ​ម្ដង​ទៀត ពុក​វ៉ៃ​ហើយ"។

ពុក​ខ្ញុំ​ត្បិត​ថា គាត់​កាច ប៉ុន្តែ​គាត់​មិន​ដែល​វ៉ៃ​កូន​រាល់​កំហុស​ទី​១​ទេ ហោច​ណាស់​ក៏​ទី​២ ឬ​ទី​៣​ដែរ ទើប​គាត់​វាយ។ យ៉ាង​ណា​កាល​ណោះ មិន​មែន​ចង់​ឌឺ​គាត់​អី​ទេ ប៉ុន្តែ​សភាព​ជា​ក្មេង​ចូល​ចិត្ត​លេង ផ្សំ​នឹង​មិន​ចង​ចាំ​ការ​ព្រមាន​របស់​ពុក​ផង ខ្ញុំ​ក៏​ទៅ​ផ្ទះ​មីង​ថា បឺត​សាំង​បញ្ចូល​ដប​ឲ្យ​គាត់​ទៀត ដោយ​គ្រាន់​តែ​រំលង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

រឿង​នេះ ដឹង​ដល់​ពុក​ខ្ញុំ​គាត់​ខឹង​ខ្លាំង​ណាស់...កំហុស​លើក​ទី​១​គ្រាន់​តែ​ព្រមាន តែ​លើក​ទី​២ មិន​រួច​ខ្លួន​ឡើយ។ ពុក​ខ្ញុំ​ពេញ​ដោយ​កំហឹង យក​មែក​កន្ទួត​មួយ​ក្ដាប់​ដៃ វាត់​ឆ្វាច់ៗ ជាមួយ​នឹង​ពាក្យ​ស្ដី​បន្ទោស​បន្ត​បន្ទាប់ "ពុក​ទើប​ប្រាប់​អ្ហែង​ហើយ​តើ ម៉េច​អ្ហែង​ភ្លើ​ទៅ​ឲ្យ​គេ​បោក​ទៀត...អាភ្លើ...ត្រចៀក​អ្ហែង​ហ្នឹង​ម៉េច​មិន​ចេះ​ចាំ​អីចឹង...!”។

រូប​តំណាង

ខ្ញុំ​រង​នឹង​រំពាត់​មែក​កន្ទួត​របស់​ពុក​ឡើង ពង​កន្ទួល​លើ​ខ្នង...ឈឺ​ខ្លាំង​ពេក ខ្ញុំ​ក៏​រើចេញ​ពី​ដៃ​គាត់ ហើយ​រត់​គេច​ទៅ​ក្រោយ​ផ្ទះ ដែលពេល​​នោះ​ម៉ោង​ប្រមាណ​ជា ៧យប់។ ពុក​ខ្ញុំ​មិន​ដេញ​តាម តែ​ហៅ​មក​វិញ "ឆាប់​មក​វិញ​ភ្លាម​ៗ...អាណា កុំ​អោយ​ពុក​ខឹង​ជាង​នេះ​ណា...ឲ្យ​លឿន​ឡើង!!!" ពុក​ស្រែក​រន្ថើន​ម្ដង​ហើយ​ម្ដង​ទៀត។ ខ្ញុំ​នៅ​តែ​មិន​ព្រម​ចេញ(ឲ្យ​ចេញ​ម៉េច ចេញ​មក​ទទួល​រំពាត់​ទៀត ចាំ​តែ​ភ្លើ​តើ!) ខ្ញុំ​សម្ងំ​ពួន​តាម​គុម្ព​ចេក ព្រោះ​ខាង​ក្រោយ​ផ្ទះ​ខ្ញុំ​មាន​ដើម​ចេក​ច្រើន​ណាស់។

ប្រមាណ​ជា កន្លះ​ម៉ោង បាត់​មិន​ឃើញ​ខ្ញុំ​ចេញ​មក ពុក​ខ្ញុំ​ពេល​នោះ មិន​ដឹង​ថា គាត់​ចង់​តាម​វៃ​ទៀត ឬ​បារម្ភ​ខ្ញុំ​យ៉ាង​ម៉េច​ៗ​ក៏​មិន​ដឹង គាត់​តាំង​យក​ភ្លើង​ដុត​ស្លឹក​ចេក​ងាប់​ៗ​ជាប់​ដើម​មួយ​ហើយ​មួយ​ទៀត ​ឡើង​ឆេះ​សន្ធោសន្ធៅ ដើម្បី​តាម​រក​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​បាន​រត់​គេច​ទៅ​ពួន​បន្ត​ទៀត​នៅ​ក្រោម​ដើម​ស្វាយ​របស់​អ៊ុំ​យ៉ាន ដែល​ផ្ទះ​នៅ​ជាប់​គ្នា តាំង​ពី​ពុក​ខ្ញុំ​ដុត​ដើម​ចេក​ទី​១​ម្ល៉េះ។

រូប​តំណាង

ដុត​គ្រប់​ដើម​ចេក​ហើយ នៅ​តែ​រក​ខ្ញុំ​មិន​ឃើញ ពុក​ក៏​ដើរ​ទៅ​ផ្ទះ​វិញ។ ដោយ​ឡែក​ខ្ញុំ ក្រោយ​ភ្លើង​ឆេះ​ដើម​ចេក​រលត់​អស់ ដោយ​សារ​មូស​ខំា​ផង ផ្សំ​នឹង​ខ្លាច​ខ្មោច​ផង បាន​លប​សសៀរ​ៗ មក​ចូលសម្ងំ​​ក្នុង​ពាង​អត់​ទឹកមួយ​​នៅ​មុខ​ផ្ទះ​ក្បែរ​ជន្លង់​ម្លូ​វិញ។ ពេល​នោះ មិន​ដឹង​ថា​ខ្លួន​ឯង​គិត​យ៉ាង​ម៉េច​ទេ ប្រុង​ដេក​ក្នុង​ពាង​នោះ​រហូត​ភ្លឺ​ក៏​មិន​ដឹង...គឺ​ដឹង​តែ​សម្ងំ​ក្នុង​នោះ​មិន​មាត់។

ប៉ុន្តែ​ប្រមាណ​កន្លះ​ម៉ោង​ក្រោយ​មក រឿង​ចៃដន្យ ក៏​កើត​ឡើង...ម៉ោង​ប្រមាណ ៨យប់​ទៅ​ហើយ យាយ​ទួត​ខ្ញុំ គាត់​អស់​ម្លូ​ពិសា ក៏​ស្រាប់​តែ​គាត់​ចុះ​ពី​លើ​ផ្ទះ​កាន់​ចង្កៀង​ដើរ​សំដៅ​ជន្លង់​ម្លូ​របស់​គាត់​គើមៗ​មក។ មើល​តាម ចន្លោះ​មាត់​ពាង ខ្ញុំ​ឃើញ​ពន្លឺ​ចង្កៀង​យាយ​រំកិល​មក​រក​ខ្ញុំសន្សឹម​ៗ ឯ​ខ្ញុំ​ក៏​ពុក​ពោះ​ភឹបៗដែរ។ បន្តិច​ក្រោយ​មក យាយ​ខ្ញុំ ​ក៏​មក​ដល់​មែន។ "អ្ហា...អាខ្នា អាខ្នា...ម៉េច​មក​នៅ​ក្នុង​ពាង​នេះ​វ៉ី...”។ យាយ​ទូត​ខ្ញុំ​ស្រែក ទន្ទឹម​នឹង​ភ្ញាក់ផង។

រូប​តំណាង

តែ​ប៉ុណ្ណេះ អាសន្ន​ក៏​មក​ដល់ជា​ថ្មី...ពុក​ខ្ញុំ​លឺ ក៏​ចុះ​ពី​លើ​ផ្ទះ​មក ហើយ​ចាប់​ខ្ញុំ​បាន គាត់​វាយ​ថែម​ៗបាន​ប៉ុន្មាន​រំពាត់​ទៀត...ព្រោះ​ពុក​ខ្ញុំ​ទម្លាប់​គាត់ គឺ​ខឹង​កាន់​តែ​ខ្លាំង បើ​គាត់​វាយ​ហើយ​យើង​រត់​នោះ។ យ៉ាង​ណា​ក៏​មិន​ខ្លាំង​ដូច​មែក​កន្ទួត​របស់​គាត់​មុន​នេះ​ដែរ។ ក្រោយ​កំហឹង​បន្ថយ​កំសួល...ពុក​ខ្ញុំ ក៏​បាន​នាំ​ខ្ញុំ​ទៅ​មុជ​ទឹក ហើយ​ឲ្យ​ឡើង​ទៅ​លើ​ផ្ទះ​ស៊ី​បាយ។

កាល​ណោះ ខ្ញុំ​នឹក​ហួស​ចិត្ត​បន្តិច ខឹង​នឹង​យាយ​ខ្ញុំបន្តិច។ "យាយ​អើ្ហយ...យាយ ថ្មើរ​នេះ​ហើយ មក​រក​ម្លូ​អី​ទៀត ម៉ោង​៧-៨​យប់​ហើយ​ហ្នឹង...!” ខ្ញុំ​នឹក​ក្នុង​ចិត្ត។

និយាយ​ទៅ​ហួស​ចិត្ត...បើ​មិន​អីចឹង​ខ្ញុំ​ប្រហែល​រួច​ខ្លួន​ទៅ​ហើយកាល​ណោះ...អ្នក​ណា​ខ្លះ​ធ្លាប់​ត្រូវ​រំពាត់​លើក​ដៃ!!!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម