ក្រោយឈ្លោះគ្នា១ថ្ងៃ ប្ដីប្រពន្ធគួរធ្វើ៦យ៉ាងនេះ ដឹងតែឆាប់ត្រូវគ្នា រឹតតែផ្អែមលើសដើម

  • 2018-03-23 10:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​ប្ដី​ប្រពន្ធ​ណា​នៅ​លើ​លោក​នេះ​ដែល​ថា មិន​ដែល​ឈ្លោះ​គ្នា​សោះ​នោះ​ទេ គ្រាន់​តែ​រឿង​ធំ ឬ​តូច​ប៉ុណ្ណោះ។ ករណី​គ្រាន់​អន់​ចិត្ត ឬ​ឈ្លោះ​គ្នា​ក្នុង​កម្រិត​មធ្យម មិន​មែន​ដល់​ថ្នាក់​ក្បត់​ផិត​គ្នា ប្ដី​ប្រពន្ធ​គួរ​ធ្វើ​រឿង​រឿង​៦​យ៉ាង​នេះ មិន​យូរ​ទេ​នឹង​ត្រូវ​គ្នា​វិញ ហើយ​កាន់​តែ​ផ្អែមល្ហែម​ឡើង។ ​

១. ប្រពន្ធ​នៅ​តែ​ធ្វើ​ម្ហូប​ឲ្យ​ស្វាមី​ដូច​ដើម ចំណែក​ស្វាមី​ក៏​ត្រូវ​មក​ញ៉ាំ​ជាមួយ​គ្នា

ភរិយា​ខ្លះ​ពេល​ឈ្លោះ​គ្នា​ជាមួយ​ស្វាមី​ហើយ អាច​ឈប់​ធ្វើ​ម្ហូប​ឲ្យ​ញ៉ាំ លែង​បោក​សំលៀក​បំពាក់​ឲ្យ ជា​ដើម។ ដូចនេះ​ហើយ មិន​ងាយ​នឹង​ត្រូវ​គ្នា​វិញ​ទេ ភាព​សោះកក្រោះ​អាច​អូស​បន្លាយ​កាន់​តែ​យូរ។ ភរិយា​វ័យ​ឆ្លាត គេ​មិន​ធ្វើ​បែប​នេះ​ឡើយ ចំណែក​ស្វាមី​ក៏​ដូច​គ្នា បើ​ឃើញ​ថា​ប្រពន្ធ​នៅ​តែ​ធ្វើ​ម្ហូប​ឲ្យ​គួរ​តែ​ទៅ​ញ៉ាំ​តុ​រួម​គ្នា​ទៅ​កុំ​ប្រកាន់​ថា មិនឭ​ប្រពន្ធ​ហៅ ព្រោះ​ទើប​តែ​ឈ្លោះ​គ្នា​ហើយ មិន​អាច​នៅ​តែ​ហៅ​បងៗ​ ពេញ​មាត់​ទេ។ ​

រូបតំណាង

**២. នៅ​តែ​គេង​គ្រែ​រួម​គ្នា ទោះ​បែរ​ខ្នង​ដាក់​គ្នា​បន្តិច​ក៏​មិន​អី**

គេង​បែក​គ្រែ​គ្នា ឬ​ចែក​បន្ទប់​គ្នា ជា​ទង្វើ​បង្ហាញ​ពី​ចរិត​នៅ​ខ្ចី​នៅ​ឡើយ​សម្រាប់​ប្ដី​ប្រពន្ធ។ បើ​ហ៊ាន​គេង​បែក​គ្នា ប្រាកដ​ណាស់​មិន​ងាយ​ត្រូវ​គ្នា​ឡើយ​ព្រោះ​ម្នាក់ៗ ចាំ​មើល​បំណាំ​គ្នា​រៀង​ខ្លួន​ (គេ​មិន​មក​យើង​មិន​ទៅ)។ បើ​នៅ​តែ​គេង​ជាមួយ​គ្នា​យ៉ាង​យូរ​បែរ​ខ្នង​ដាក់​គ្នា​តែ​២ ទៅ​ថ្ងៃ ព្រោះ​ពេល​គេង​លក់​ម្នាក់ៗ​គេង​រើ​រៀង​ខ្លួន ហើយ​ប្រាកដ​ជា​ឱប​គ្នា​មិន​ខាន។ ដល់​ព្រឹក​ឡើង​ឃើញ​ឱប​គ្នា​ឡើង​ពេញ​ដៃ រឿង​អី​មិន​អៀន​គ្នា កាល​ណា​តែ​អៀន​ហើយ​នឹង​សើច​ដាក់​គ្នា ពេល​សើច​ទៅ ចប់​រឿង​បាត់។

៣.មិន​រត់​ចោលផ្ទះ​មិន​ថា ទៅ​ផឹក​ដាច់​យប់ ឬ​គេង​ផ្ទះ​ឪពុក​ម្ដាយ

ចំណុច​នេះ​កាន់​តែ​ធ្ងន់ក​ជាង​ខាង​លើ​ទៀត អាច​មាន​ភាគី​ចិត្ត​សឿង​ណា​ម្នាក់ ហ៊ាន​វេច​បង្វេច​ទៅ​ផ្ទះ​ឪពុក​ម្ដាយ ឬ​ដើរ​ចោល​ផ្ទះ​គ្មាន​ប្រាប់​ដំណឹង​គ្នា​មួយ​ម៉ាត់។ គេច​ពី​បញ្ហា​មិនមែន​ជា​ដំណោះ​ស្រាយ​ឡើយ ជម្រើស​ដ៏​ត្រឹមត្រូវ​គួរ​រៀន​ដោះស្រាយ​គ្នា​ក្នុង​រង្វង់​គ្រួសារ​ខ្លួន​ឯង ហើយ​ការ​គេច​ចេញ​ពី​ផ្ទះ​ប្រៀប​ដូច​បន្ថែម​សាំង​លើ​ភ្លើង​ឲ្យ​ឆេះ​កាន់​តែ​ខ្លាំង​ឡើង។ បើ​ម្នាក់​ដើរ​ចេញ ហើយ​ម្នាក់​ទៀត​មិន​ទៅ​តាម​ រឿងរ៉ាវ​មិន​ងាយ​បញ្ចប់​នោះ​ទេ។

រូបតំណាង

៤. បើ​មាន​កូន​គួរ​ឲ្យ​កូន​ធ្វើ​ជា​មេអណ្ដើក

អាច​ជា​វិធីសាស្ត្រ​មួយ​កម្រ​មាន​ប្ដី​ប្រពន្ធ​ណា​ដឹង​ណាស់។ ករណី​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា មិន​ហ៊ាន​និយាយ​រក​គ្នា គួរ​ឲ្យ​កូន​តូច​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក ហើយ​កុំ​ឲ្យ​កួន​ដឹង​ថា​ឈ្លោះ​គ្នា គ្រាន់​តែ​ប្រាប់​ថា លេង​ស៊ើប​ការ​ទៅ​បាន​ហើយ។ វិធីសាស្ត្រ​នេះ អាច​ត្រូវ​គ្នា​វិញ​ឆាប់​ ព្រោះ​ចង់​មិន​ចង់​ម្នាក់​ប្រាកដ​ជា​ធ្វើ​បែប​នេះ​មិន​បាន​យូរ​ឡើយ ម្យ៉ាង​ខ្លាច​កូន​ហត់​ផង​ក៏​និយាយ​ខ្លួន​ឯង​បាត់។

៥. រក្សា​ទឹក​មុខ​ កាយ​វិការ​ដូច​គ្មាន​រឿង​អ្វី​កុំ​បោក​នេះ បោក​នោះ​ចោល ឬ​បិទ​ទ្វា​ខ្លាំងៗ

ទង្វើ​បែប​នេះ​ គឺ​អាច​ធ្វើ​ឲ្យ​ជម្លោះ​ត​ភាគ​កាន់​តែ​យូរ បើ​ភាគី​ណា​ម្នាក់​បញ្ចេញ​ទង្វើ​ធ្វើ​មុខ​ក្រញូវ ហើយ​បើ​ហ៊ាន​ដល់​ថ្នាក់​យក​របស់​របរ​បោក​ចោល ឬ​បិទ​ទ្វា​ឮ​គ្រិងគ្រាំង​ទៀត ប្រាកដ​ជា​ធ្វើ​ភាគី​ម្ខាង​ទៀត​ទ្រាំ​មិន​បាន​ឡើយ។ ដូច្នេះ​ទង្វើ​នេះ​គួរ​ជៀសវាង​ដាច់​ខាត បើ​មិន​ចង់​មើល​មុខ​គ្នា​មិន​ត្រង់​រយៈពេល​យូរ។

៦. ទទួល​ស្គាល់​កំហុស​រៀង​ខ្លួន ហើយ​អត់ឱន​ឲ្យ​គ្នា ដើម្បី​បញ្ចប់​រឿង

ពាក្យ​ថា​លើកលែង​ទោស​ឲ្យ​គ្នា អត់​ឱន​ឲ្យ​គ្នា ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ មិន​ថា​រឿង​តូច​ រឿង​ធំ​ប៉ុណ្ណា​ក៏​ទៅ​ជា​អត់​រឿង​បាន​ដែរ ឲ្យ​តែ​មាន​ចិត្ត​សន្ដោស មេត្តា​ឲ្យ​គ្នា។ គ្មាន​ប្ដី​ប្រពន្ធ​ណា​ដែល​ថា មិន​ធ្លាប់​ឈ្លោះ​គ្នា តែ​ចុង​ក្រោយ​នៅ​តែ​ផ្អែម​ល្ហែម​ ប្រសិន​បើ​នៅ​តែ​មាន​ក្ដី​ស្រលាញ់ ក្ដី​អាណិត​ចំពោះ​គ្នា​ទៅវិញ​ទៅមក៕

បញ្ជាក់៖ ទាំង​៦​យ៉ាង​ខាង​លើ​នេះ Sabay បាន​សាកសួរ​ប្ដីប្រពន្ធ​៣​គូ ដែល​ធ្លាប់​មាន​រឿង​ល្អក់​កករ​ក្នុង​គ្រួសារ​ហើយ​តែង​ធ្វើ​បែប​នេះ​ពេល​ឈ្លោះ​គ្នា​ហើយ និង​នៅ​តែ​ស្រលាញ់​គ្នា​ដូច​ដើម៕ ​​

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម