លទ្ធផល​​ KRE League សប្ដាហ៍​ទី​៩​ ខណៈ​ Khmer United ស៊ុត​​ដៃ​គូ​ចាស់​ដៃ​

  • 2018-06-18 04:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​មិន​អាជីព​ Khmer Real Estate League 2018 បាន​បញ្ចប់​សប្តាហ៍​ទី​៩​ហើយ​​ដោយ​​ក្រុម​ Khmer United ដែល​ជា​ក្រុម​របស់​ស្ថាបនិក​ពាន​រង្វាន់​មួយ​នេះ​បាន​លត់​ក្រុម​ Giant FC ​យ៉ាង​ចាស់​ដៃ​តែ​ម្តង​រហូត​ដល់​ ៧-២។

លោក គឹម ហ៊ាង​លេខ​១០

តាម​រយៈ​លទ្ធផល​ ៧-២ នេះ ​ក្រុម​របស់​លោក​បណ្ឌិត គឹម ហ៊ាង​ នៅ​តែ​រក្សា​​កំណត់​ត្រា​​មិន​ស្គាល់​ពាក្យ​បរាជ័យ​ បន្ទាប់​ពី​ឈ្នះ​ទាំង​៩​ប្រកួត​ដោយ​មាន​២៧​ពិន្ទុ​ពេញ​​ពោល​គឺ​គ្មាន​ការ​ប្រកួត​មួយ​ណា​ដែល​​​ធ្វើ​ឲ្យ​ Khmer United បាត់​បង់​ពិន្ទុ​ឡើយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ លោក​ម្ចាស់​ក្រុម​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ​ បើ​ទោះ​ជា​វ័យ​របស់​លោក​កាន់​តែ​ជ្រេ​ហើយ​ក្តី។

Khmer United នៅ​បន្ត​ឈរ​​លើ​កំពូល​តារាង​ ខណៈ​ក្រុម​​​ឈរ​លេខ​២​ Blue Dragon ​មាន​​២១​ពិន្ទុ​​​នោះ​បាន​ភ្លាត់​ចាញ់​​ដែល​ធ្វើ​ឲ្យ​ការ​ដេញ​តាម​ពី​ក្រោយ​កាន់​តែ​ឆ្ងាយ។ ចំណែក​ក្រុម​លេខ​៣​ Avatar មាន​២១​ពិន្ទុ​ដែរ​នោះ​ក៏​បាន​​ស្មើ​ថែម​ទៀត​​សប្តាហ៍​នេះ​ ប៉ុន្តែ​ក្រុម​លេខ​៤​​ដែល​មាន​២១​ពិន្ទុ​បាន​ហក់​ឡើង​ទៅ​ឈរ​លេខ​២​ដោយ​​មាន​​២៤​ពិន្ទុ​ បន្ទាប់​ពី​ឈ្នះ​សប្តាហ៍​ទី​៩​នេះ។​

ដូច្នេះ​មាន​ន័យ​ថា​ គម្លាត​ពិន្ទុ​​រវាង​ក្រុម​កំពូល​តារាង​ Khmer United និង​ក្រុម​លេខ​២​ Avatar សុខ​គ្នា​​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​​គិត​ត្រឹម​សប្តាហ៍​ទី​៩​​នេះ។ ប្រសិន​បើ​ក្រុម​របស់​ស្ថាបនិក​ពាន​មួយ​នេះ​​នៅ​តែ​រក្សា​លទ្ធផល​​ល្អ​បែប​នេះ​រហូត​ដល់​ចប់​​ការ​ប្រកួត​នឹង​ក្លាយ​ជា​ជើង​ឯក​លើក​ដំបូង ពី​ព្រោះ​​រដូវ​កាល​នេះ​មិន​មាន​ការ​ប្រកួត​ជើង​ទី​២​ ឬ​វគ្គ​ខ្វែង​ឡើយ​​ដោយ​ក្រុម​​ទាំង​២០​ជួប​គ្នា​ម្តង​ម្នាក់​​ចប់​តែ​ម្តង។

សកម្មភាព​ប្រកួត

(រូបថត វឌ្ឍនា)

លទ្ធផល​សប្តាហ៍​ទី​៩​

  • RFL ៥-០ ​កូន​ខ្មែរ

  • Mambo PP ២-១ យុវជន​ស្នោរ

  • Avatar​ ២-២ ​បាសាក់

  • ទន្សោង​អែហ្វស៊ី​ ៤-១ V.Train

  • Bayon Wanderers ៤-០ Blue Dragon

  • Khmer United ៧-២ Giant

  • Anvaya ២-២ អាណាចក្រ​ទួលគោក

  • យុវជន​ខេត្ត​កំពង់ចាម​ ៥-៤ HHK

  • យុវជន​ច្បាប់​ ៥-២ តាំង​គោក

  • Reil PP Vs យុវជន​វត្ត​កោះ​ លើក​ការ​ប្រកួត​ទៅ​ថ្ងៃ​ក្រោយ

ក្រុម Khmer United (រូបថត វឌ្ឍនា)

អត្ថបទ៖ ជាន ចាន់រ៉ា