បុរសវៀតណាម ភ្នាល់បាល់ចាញ់ច្រើនពេក បែកគំនិតលួចឡានពេទ្យ

  • 2018-06-27 03:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​អនាថា​រស់​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន បន្ទាប់​ពី​ព្យាយាម​លួច​យក​ឡាន​ពេទ្យ​ពី​មន្ទីរពេទ្យ បម្រុង​លក់​យក​លុយ​សង​បំណុល​ដែល​ខ្លួន​បាន​ចាញ់​ការ​ភ្នាល់​បាល់ នា​រដូវ​កាល World Cup នេះ។

ប៉ូលិស​នៅ​ក្នុង​សង្កាត់ Binh Tan បាន​ឃាត់​ខ្លួន​បុរស​ជនជាតិ​វៀតណាម​ខាងលើ ដែល​មាន​ឈ្មោះ​ថា Nguyen Minh Ho អាយុ​៣៨ឆ្នាំ បន្ទាប់​ពី​រូប​គេ​បាន​លួច​ឡាន​ពេទ្យ ពី​មន្ទីរពេទ្យ​ក្នុង​តំបន់​មួយ​កន្លែង កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

លោក Ho ដែល​ជា​ជនអនាថា​រស់​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​ហូជីមិញ បាន​ទៅ​កាន់​មន្ទីរពេទ្យ Trieu An Hospital នៅ​វេលា​ម៉ោង ៥ និង ១៥នាទី​ព្រឹក កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​សុំ​អាហារ​គេ​ហូប។ បន្ទាប់​ពី​ហូប​ឆ្អែត លោក​ក៏​បាន​ប្រទះ​ឃើញ​ឡាន​ពេទ្យ​មួយ​គ្រឿង ចត​នៅ​ចំណត​ដោយ​ទុក​សោ​នៅ​ក្នុង​ឡាន​ស្រាប់។

បើ​យោង​តាម​មន្ត្រី​ប៉ូលិស បាន​ឲ្យ​ដឹង​ថា ឡាន​ពេទ្យ​នោះ​មាន​តម្លៃ​ប្រហែល ៣២០លាន​ដុង ឬ ១៤ ០០០ដុល្លារ។ ដោយ​ឃើញ​ឱកាស​ល្អ លោក Ho បាន​ឡើង​ឡាន​រួច​បើក​ចេញ​ទៅ ក្នុង​បំណង​យក​ទៅ​លក់​ដើម្បី​ដោះ​បំណុល។

ទោះ​បី​ជា​យ៉ាង​ណា គម្រោង​របស់​លោក​បាន​បរាជ័យ បន្ទាប់​ពី​បុគ្គលិក​នៅ​ស្ថានីយ​បង់​ប្រាក់ លើ​កំណាត់​ផ្លូវ Trung Luong Expressway ក្នុង​ទីក្រុង​ហូជីមិញ មាន​ការ​សង្ស័យ និង​មិន​ព្រម​ឲ្យ​លោក​ឆ្លង​កាត់ ហើយ​ថែម​ទាំង​បាន​ជូន​ដំណឹង​ដល់​សមត្ថកិច្ច​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ សេង ឡុង