ជិះរាល់ថ្ងៃ តិច​មិន​ដឹងថា​រថយន្ត​ខ្លួនជាប្រភេទអ្វីទៅ? (មានវីដេអូ)

  • 2018-07-04 04:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថានៅទីណាក៏ដោយនៅជុំវិញពិភពលោក ការប្រើប្រាស់រថយន្តជារឿងពេញនិយមខ្លាំង ព្រោះមិនត្រឹមតែអាចជូនអ្នកដំណើរបានក្នុងល្បឿនលឿន ក្នុងចម្ងាយឆ្ងាយ ការពារពីកម្ដៅនិងភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចដឹកឬសណ្ដោង​ឥវ៉ាន់​នានា ងាយ​ស្រួល​ជាង​ការ​ប្រើប្រាស់​ម៉ូតូ​ឆ្ងាយ។

ដូចនេះ​ហើយ អ្នក​ប្រើប្រាស់​មួយ​ចំនួន​តែង​តែ​ដឹង​ពី​តម្រូវការ​របស់​ខ្លួន​ច្បាស់​ក្នុង​ការ​ប្រើប្រាស់​រថយន្ត ថា​តើ​គេ​ត្រូវ​ការ​ប្រភេទ​អ្វី ចាំ​បាច់​សម្រាប់​ដឹក​សម្ភារៈ​នានា​ដែរ​ឬ​ទេ ហើយ​តម្រូវ​ចំពោះ​មនុស្ស​ប៉ុន្មាន​អ្នក។ ចំណែក​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត មិន​បាន​ដឹង​ពី​អ្វី​ដែល​រថយន្ត​ខ្លួន​បាន​ទិញ​នោះ ប្រើប្រាស់​ជា​ពិសេស​សម្រាប់​អ្វី​ឡើយ ហើយ​មួយ​ភាគ​តូច មិន​ទំាង​ដឹង​ថា​រថយន្ត​ខ្លួន​ជា​ប្រភេទ​អ្វី​ផង។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាង​លើ​នេះ Sabay សូម​នាំ​មិត្ត​អ្នក​អាន​ឲ្យ​មក​ស្គាល់​រថយន្ត​ទាំង ៥ ប្រភេទ ដែល​ជា​រថយន្ត​ពេញនិយម​បំផុត មិន​ថា​ក្នុង​ស្រុក ឬ​ក៏​នៅ​លើ​ពិភពលោក​ឡើយ៖

១. Sedan

Sedan ជាប្រភេទរថយន្តទាំងឡាយ ដែលមានតួទាប មានទ្វារបួន ហើយទូទៅវាផ្ទុកអ្នកដំណើរបាន ៥ នាក់។ ឃ្លប់ដាក់ឥវ៉ាន់ខាងក្រោយរបស់វា ខ័ណ្ឌចែកដាច់ពីអ្នកដំណើរនៅខាងក្នុង ហើយវាមិនមានកញ្ចក់សម្រាប់ឲ្យពន្លឺចូលឡើយ។ អុីចឹងហើយ វាអាចការពារសម្ភារៈ ដែលដាក់នៅឃ្លប់ក្រោយបានល្អ។

២. Hatchback

Hatchback ជាប្រភេទរថយន្តតួទាប ជាទូទៅដាក់អ្នកដំណើរបាន ៥ នាក់ ហើយមានទ្វារ ៤ ដូចទៅនឹង Sedan អុីចឹងដែរ ខុសត្រង់ថា ឃ្លប់ដាក់ឥវ៉ាន់ខាងក្រោយរបស់វា ជាប់នឹងកៅអីអង្គុយខាងក្រោយតែម្ដង ដោយមិនមានការខ័ណ្ឌចែកឡើយ។ គម្របនៃឃ្លប់ខាងក្រោយរបស់ Hatchback អាចបើកឡើងលើបានទាំងអស់ ដោយវាភ្ជាប់ទៅនឹងកញ្ចក់ខាងក្រោយនៃរថយន្តតែម្ដង។ ដោយសារផ្នែកឃ្លប់ដាក់ឥវ៉ាន់មានកញ្ចក់បែបនេះហើយ ទើបធ្វើឲ្យមានពន្លឹចាំងចូលខាងក្នុង អាចឲ្យឥវ៉ាន់មួយចំនួនខូចគុណភាពបាន។

៣. SUV

SUV ជាប្រភេទរថយន្តដែលមានតួខ្ពស់ មកពីពាក្យពេញថា Sport Utiliy Vehicle។ យានយន្តប្រភេទនេះ អាចបើកបរបានល្អលើផ្លូវលំបាក ដោយសារតែកម្ពស់ខ្ពស់ សាក់ស៊ីរឹងមាំ និងធ្ងន់ជាងប្រភេទ Sedan និង Hatchback។ គុណសម្បត្តិនៃតួខ្ពស់របស់វា អាចឲ្យរថយន្តប្រភេទ SUV រត់បានសឹងតែគ្រប់ស្ថានភាពផ្លូវ និងអាចលុយទឹកជម្រៅគួរសមផងដែរ។ ជាធម្មតារថយន្តប្រភេទនេះ អាចផ្ទុកអ្នកដំណើរបាន ៥ ទៅ ៧ អ្នក អាស្រ័យតាមចំនួនកៅអី ២ ជួរ ឬក៏ ៣ ជួរ។

៤. Pick-Up

Pick-Up ជាប្រភេទរថយន្តចម្បងសម្រាប់ដឹកទំនិញ ដែលប្រជាជនខ្មែរភាគច្រើនហៅថា មួយបាំងកន្លះ ឬក៏ ២ បាំងអាស្រ័យទៅលើចំនួនទ្វារ ២ ឬក៏ ៤។​​ SUV មានផ្នែកដាក់ឥវ៉ាន់ខាងក្រោយចំហ ដោយវាអាចផ្ទុកឥវ៉ាន់សំពីងសំពោង ធំខ្ពស់ បានច្រើនជាងធម្មតា ដោយមិនសូវមានភាពទើសទាល់ឡើយ។ ម៉្យាងទៀត ដោយសារថយន្តប្រភេទនេះជារថយន្តដឹកទំនិញ ដូចនេះម៉ាស៊ីនវាមានថាមពលខ្លាំង ដែលគេអាចយករថយន្ត Pick-Up ទៅសណ្ដោងអ្វីនានាបាន។

៥. Coupe

រថយន្តប្រភេទ Coupe ត្រូវបានគេធ្វើឡើយដោយយកតាមលំនាំប្រភេទរថយន្ត Sedan ឬក៏ Hatchback ប៉ុន្តែខុសត្រង់ថា រថយន្ត Coupe មានទ្វារតែ ២ តែប៉ុណ្ណោះ។ ដូចនេះ គេឧស្សាហ៍ឃើញរថយន្ត Coupe នេះ ជាប្រភេទរថយន្តស្ព័រ និងរថយន្តប្រណីត ដោយវាអាផ្ទកអ្នកដំណើរបានពី ២ ទៅ ៥ នាក់។

ចុច​អាន៖

អត្ថបទ៖ ផាត សុវត្ថិ

អត្ថបទពេញនិយម