ប្រាសាទ​ព្រះ​វិហារ​ និង ប្រាសាទ​សំបូរ​ព្រៃគុក ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​ច្រើន

  • 2018-07-06 04:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មន្រ្តី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ បាន​សម្រុក​ទៅ​រមណីយដ្ឋាន​​ប្រាសាទ​ព្រះវិហារ ខេត្ត​ព្រះវិហារ និង រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុក ក្នុង​ខេត្ត​កំពង់​ធំ។ ការ​សម្រុក​ទៅ​ច្រើន​ព្រោះតែ​ប្រាសាទ​ទាំង​ពីរ​ខាង​លើ​ ត្រូវ​បាន​​អង្គការ​ UNESCO ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ប៉ុន្តែ​ប្រាសាទ​សំបូរ​ព្រៃ​គុក​មាន​ភ្ញៀវ​ទេស​សម្រុក​ទៅ​ច្រើន​ជាង​គេ គឺ​ភ្ញៀវ​ទេសចរ​ជាតិ​បាន​កើន​ឡើង​រហូត​ដល់​ទៅ ១០ នៅ​ពេល​ប្រាសាទ​នេះ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

សូចចុចអាន៖ ក្រៅពី សំបូរព្រៃគុក នៅមានតំបន់២០ទៀត ដែលដាក់ចូលសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ឯក​ឧត្តម ផាន់ ណាឌី អគ្គនាយក​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ នៅ​សន្និសីទ​សារព័ត៌មាន​​មួយ​នៅ​ក្រសួង​វប្បធម៌ កាល​ពី​ថ្ងៃ​ទី ៥ កក្កដា ម្សិលមិញ​នេះ​ថា ​ថា ក្រោយ​ពី​ប្រាសាទ​សំបូរ​ព្រៃគុក​ ត្រូវ​បាន​​អង្គការ UNESCO សម្រេច​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី ៨ ខែ​កក្កដា ២០១៧ ភ្ញៀវ​ទេសចរ​បាន​សម្រុក​មក​ទស្សនា​ប្រាសាទ​នេះ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង។ ឆ្លើយ​នឹង​សំណួរ​ភ្លាម​ៗ​របស់​អ្នក​កាសែត លោក ផាន់ ណាឌី បាន​បញ្ជាក់​ថា នៅ​មិនទាន់​មាន​តួលេខ​ជាក់លាក់​ក្នុង​ដៃ​នោះ​ទេ ប៉ុន្តែ ជា​រួម​ភ្ញៀវ​ទេសចរ​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក ដោយ​គិត​ត្រឹម​រយៈពេល​ ៦ខែ ឆ្នាំ ២០១៨ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៧ គឺ​ភ្ញៀវ​ជាតិ​បាន​កើន​ឡើង​រហូត​ដល់​ ១០ ដង និង ភ្ញៀវ​ទេសចរ​អន្ដរជាតិ កើន​ឡើង​ ៦៧.៧%។

សូចចុចអាន៖ ថ្ងៃ​ទី១០ ខែ​កក្កដា កម្ពុជា​នឹង​ប្រារព្ធ​​ទិវា​ចងចាំ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​រៀង​រាល់​ឆ្នាំ

ឯក​ឧត្តម ផាន់ ណាឌី អគ្គនាយក​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​

អគ្គនាយក​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក បាន​ប្រាប់​ Sabay ក្រៅ​ពី​អង្គ​សន្និសីទ​ថា បើ​គិត​ជា​តួលេខ​ពេញ​មួយ​ឆ្នាំ កាលពី​ឆ្នាំ​មុន គឺ​ភ្ញៀវ​ទេសចរ​ជាតិ​បាន​មក​ទស្សនា​ប្រាសាទ​សំបូរ​ព្រៃ​គុក ក្នុង​ឆ្នាំ​ ២០១៧ មាន​ ១១ម៉ឺន ១៥០០នាក់ ឯ​ភ្ញៀវ​អន្តរជាតិ ៨ ៣១៨នាក់។ ឆ្នាំ ២០១៨ ដោយ​មិនទាន់​មាន​តួលេខ​ជាក់​ តែ​ភ្ញៀវ​ទេសចរ​កើន​ឡើង​យ៉ាង​គំហុក។

ឯក​ឧត្តម ផាន់ ណាឌី បាន​បន្ថែម​ទៀត​ថា ការណ៍​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​សម្រុក​មក​ទស្សនា​ប្រាសាទ​សំបូរ​ព្រៃគុក ដោយ​សារតែ​មាន​ការ​ផ្សព្វផ្សាយ​ ក្រោយ​ពី​ប្រាសាទ​មួយ​នេះ ត្រូវ​បាន​​អង្គការ​ UNESCO សម្រេច​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ម៉្លោះហើយ​ពួកគេ​ចង់​មក​ស្វែង​យល់​អំពី​សំណង់​ប្រាសាទ​ផង និង​ចង់​​ចូលរួម​គាំទ្រ​ ថែរក្សា សម្បត្តិ​វប្បធម៌​ជាតិ។

ភ្ញៀវ​ទេសចរណ៍​ដែល​បាន​សម្រុក​មក​ទស្សនា​នៅ​ប្រាសាទ​សំបូរ​ព្រៃគុក​កាន់តែ​ច្រើន​បាន​ទម្លាក់​លុយ​ដល់​ដៃ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក៏​កាន់តែ​ច្រើន​ដែរ។ ចង់​មិន​ចង់​ ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ទស្សនា​ប្រាសាទ​ត្រូវ​ចំណាយ​លុយ​លើ​ការ​ទិញ​ម្ហូប​អាហារ ភេសជ្ជៈ​ផ្សេងៗ ដែល​ជា​ផ្នែក​សំខាន់​នៅ​ក្នុង​ការ​បង្កើន​ចំណូល​របស់​អ្នកភូមិ។ លោក ផាន់ ណាឌី បន្ថែម។

ឯក​ឧត្ដម​បាន​បន្ត​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ដើម្បី​ជា​ផល​ប្រយោជន៍​របស់​បង​ប្អូន​នៅ​មូលដ្ឋាន អាជ្ញាធរ​នឹង​បង្កើន​ការ​ផ្សព្វផ្សាយ​លើ​ការ​ពង្រឹង​ផ្នែក​សេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ​ បរិស្ថាន និង​សន្តិសុខ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ហើយ​ជា​ពិសេស​ការ​រៀប​ចំ​ឲ្យ​អ្នក​លក់​ដូរ​ ឲ្យ​មាន​តែ​អ្នក​នៅ​​ក្នុង​ស្រុក​ភូមិ មិន​ចង់​ឲ្យ​អ្នក​ស្រុក​ផ្សេង​មក​លក់ដូរ ដែល​អាច​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​អ្នក​ភូមិ​ឡើយ។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​គណៈកម្មាធិការ​អង្គការ​យូណេស្កូ (UNESCO) សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា នៅ​ទីក្រុង​ក្រាកូវ (Kracow) ប្រទេស​ប៉ូឡូញ។

សូចចុចអាន៖ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ថ្មី​នៅ​កម្ពុជា សំបូរព្រៃគុក មាន​អាយុកាល​ជាង ១​ពាន់​ឆ្នាំ​ហើយ

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ក្នុង​ឃុំ​សំបូរ ស្រុក​ប្រាសាទសំបូរ មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ធំ។ រមណីយដ្ឋាន​នេះ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​សន្និដ្ឋាន​ថា គឺ​ជា​រាជធានី​របស់​ខ្មែរ​ក្នុង​សម័យ​ចេនឡា ដែល​មាន​ឈ្មោះ​ថា ឥសាន​បុរៈ ឬ ឥសាន​បុរី ក្នុង​រាជ្យ​ព្រះបាទ​ឥសានវរ្ម័នទី១ នា​ដើម​សតវត្ស​ទី​៧ ដោយ​ដាក់​ឈ្មោះ​ស្រប​តាម​ព្រះនាម​របស់​ទ្រង់។ ចំណែក​អ្នក​កសាង​បន្ត​ទៀត គឺ​ព្រះបាទ​ភវវរ្ម័នទី២ ដោយ​ដាក់​នាម​ថា ភវបុរៈ គឺ​ដូច​គ្នា​ទៅ​នឹង​បច្ឆាមរណៈ​នាម​របស់​ព្រះអង្គ​ដែរ រួម​នឹង​ក្សត្រ​មួយ​ចំនួន​ទៀត។ នៅ​ក្នុង​បរិវេណ​រាជធានី​បុរាណ​ខ្មែរ​មួយ​នេះ គឺ​មាន​ប្រាសាទ​ជិត ៣០០​ប្រាសាទ (២៩៣) លើ​ទំហំ​ផ្ទៃដី​ប្រមាណ ៣០​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បច្ចុប្បន្ន ប្រាសាទ​ដែល​អាច​ទស្សនា​បាន គឺ​នៅ​សល់​ជាង ៤០​ប្រាសាទ​ប៉ុណ្ណោះ។ ប្រាសាទ​ទាំងនោះ ត្រូវ​បាន​គេ​បាន​បែងចែក​ជា​បី​ក្រុម​ធំៗ រួម​មាន​ក្រុម​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទ​តោ និង​ក្រុម​ប្រាសាទ​យាយ​ព័ន្ធ។ លើស​ពី​នេះ​ទៀត គេ​បែងចែក​ជា​បី​តំបន់ គឺ​តំបន់​ស្នូល តំបន់​ទ្រនាប់ និង​តំបន់​រណប។

សូមស្ដាប់​ប្រសាសន៍​របស់​ ឯកឧត្តម ផាន់ ណាឌី

ដោយ​ឡែក​នៅ​ឯ​អង្គ​សន្និសីទ​សារព័ត៌មាន ស្ដីពី​​ការ​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍​អបអរ​ប្រាសាទ​ព្រះវិហារ និង ប្រាសាទ​សម្បូរ​ព្រៃគុក​ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ក្រសួង​វប្បធម៌​ និង​ចិត្រ​សិល្បៈ កាល​ពី​ម្សិលមិញ​នេះ ឯកឧត្ដម គឹម សេដារ៉ា អគ្គនាយក​អាជ្ញាធរ​​ជាតិ​ព្រះវិហារ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ដែរ​ថា ភ្ញៀវ​ទេសចរ​បាន​មក​ទស្សនា​ប្រាសាទ​មាន​ចំនួន​កើន​ឡើង​ បើ​គិត​ត្រឹម​រយៈពេល ៦​ខែ ឆ្នាំ ២០១៨ នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ភ្ញៀវ​ទេសចរ​ជាតិ​បាន​កើន​ឡើង​ប្រមាណ​ជា ៦-៧ % ប៉ុន្តែ​ភ្ញៀវ​អន្តរជាតិ​នៅ​ទ្រឹង។ គិត​ជាមធ្យម ភ្ញៀវ​ទេសចរ​ជាតិ​បាន​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​មាន​ចំនួន ១៣ម៉ឺននាក់​ក្នុង​១ឆ្នាំ និង​ ២ម៉ឺន​នាក់ ជា​ភ្ញៀវ​អន្តរជាតិ។

សូមស្ដាប់​ប្រសាសន៍​របស់​ ឯកឧត្តម គឹម សេដារ៉ា

ចំពោះ​ភ្ញៀវ​ទេស​ជាតិ​ការ​ទៅ​ទស្សនា​មិន​មាន​លក់​សំបុត្រ​នោះ​ទេ គឺ​លក់​តែ​ភ្ញៀវ​បរទេស ដែល​ក្នុង​១នាក់​ តម្លៃ​សំបុត្រ​ ១០ដុល្លារ។ ភ្ញៀវ​ភាគច្រើន​មក​តាម​ច្រក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ និង ខេត្ត​សៀមរាប។ ឯកឧត្តម គឹម សេដារ៉ា ប្រាប់​ឲ្យ​ដឹង។

​ប្រាសាទ​ព្រះវិហារ​វិញ អង្គការ​យូណេស្កូ (UNESCO) បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ កាល​ពី​​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។

ទាក់​ទឹង​នឹង​ប្រាសាទ​ទាំងពីរ​ខាង​លើ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ ដើម្បី​អបអរសាទរ​ខួប​ ១០ឆ្នាំ នៃ​ប្រាសាទ​ព្រះវិហារ និង​ខួបលើក​ទី ១ នៃ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

សូចចុចអាន៖ នាំមកជូនដោយ វត្តអារាម​ជិត ៥ ០០០ទូទាំងប្រទេសកម្ពុជា នឹង​ទូងស្គរ​ព្រមៗ​គ្នា នៅ​ព្រឹកថ្ងៃ​ទី ១៥ ខែកក្កដា ២០១៨

ឯកឧត្ដម ជុច ភឿន លោក​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ម្សិលមិញ​នេះ​ថា រាជរដ្ឋាភិ​បាល​កម្ពុជា ដែល​មាន​ក្រសួង​វប្បធម៌​ជា​សេនាធិការ រៀប​ចំ​កម្មវិធី​ខាង​លើ​ព្រម​គ្នា​នា​ថ្ងៃទី ១៥ ខែ​កក្កដា​ ខាងមុខ ចាប់​ពី​ម៉ោង​ ៤​រសៀល នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា រាជធានី​ភ្នំពេញ។ ពិធី​អបអរសាទរ នេះ ក៏​នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា និង សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រៅពី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​មន្ត្រីទូត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​យុវជន​ប្រមាណ ៩ពាន់នាក់​ផង​ដែរ៕

សូចចុចអាន៖ រាជរដ្ឋាភិបាល​ចេញ​សារាចរ​ ៨ចំណុច ដើម្បី​ត្រៀម​រៀប​ចំ​ខួប​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​សំបូរព្រៃគុក

អត្ថបទ៖ ប៊ិន ប៊ុណ្ណា