ចេញ Macbook Pro ថ្មីភ្លាម Apple លែងលក់ Macbook Pro ឆ្នាំ ២០១៥ បាត់
- 2018-07-13 10:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញ Macbook Pro ថ្មីភ្លាម Apple លែងលក់ Macbook Pro ឆ្នាំ ២០១៥ បាត់
ចន្លោះមិនឃើញ
បើសិនជាអ្នកកំពុងរកមើលចង់ទិញ Macbook Pro ដែលមានរន្ធច្រើនប្រភេទ និងមានកម្លាំងខ្លាំងគួរសមនោះ អ្នករាងយឺតបន្តិចហើយ ព្រោះក្រោយពីពេល Apple បានបញ្ចេញ Macbook Pro ឆ្នាំ ២០១៨ កាលពីយប់មិញ វាក៏ជាពេលដែល Apple បានដក Macbook Pro ឆ្នាំ ២០១៥ ដែលជាស៊េរីចុងក្រោយបំផុត ដែលនៅមានរន្ធច្រើនមុខ មិនត្រូវការឌុយតច្រើនមុខ។
ចាប់តាំងពីចុងឆ្នាំ ២០១៦ មក Apple បានបញ្ចេញ Macbook Pro ស៊េរីថ្មី ដែលប្រើប្រាស់រន្ធ Thunderbolt 3 (ក្រោមទម្រង់ជា USB-C) សុទ្ធតែម្ដង ហើយវាក៏មានពណ៌ប្រផេះក្រម៉ៅមកជាជម្រើសមួយទៀតក្រៅពីពណ៌ទឹកប្រាក់ផងដែរ។ បើតាមគេហទំព័រ 9to5Mac នាថ្ងៃនេះ Macbook Pro ស៊េរីឆ្នាំ ២០១៥ ដែលមានរន្ធ HDMI, USB-A (USB ដែលពេញនិយមបំផុត), និងមានរន្ធដោតអង្គចងចាំប្រភេទ SD ពេញទំហំតែម្ដងនោះ ត្រូវបានដកចេញពីលើគេហទំព័ររបស់ Apple ហើយ ដោយជំនួសមកវិញដោយ Macbook Pro ស៊េរីឆ្នាំ ២០១៨ ដែលមានត្រឹមតែរន្ធប្រភេទ USB-C Thunderbolt 3 មួយមុខ តែប៉ុណ្ណោះ។
គួររំឭកផងដែរថា Macbook Pro ឆ្នាំ ២០១៥ ក៏ជាស៊េរីចុងក្រោយរបស់ Macbook Pro ដែលប្រើខ្សែសាកប្រភេទ MagSafe ដែលជាប្រភេទក្បាលឆក់ អាចផ្ដាច់ឬភ្ជាប់នឹងរន្ធបញ្ចូលថ្មដោយមិនភ័យខ្លាចរឿងដាច់ក្បាលសាក ឬក៏ខូចរន្ធនោះដែរ។
រឿងមួយទៀតនោះគឺ Macbook Pro ចាប់ពីឆ្នាំ ២០១៦ មកប្រើប្រាស់ក្ដារចុចប្រភេទ Butterfly Mechanism ដែលមានភាពស្អិត និងពេលខ្លះមានបញ្ហាមិនដើរតែម្ដង ដែលក្រុមហ៊ុន Apple ផ្ទាល់ទើបតែចេញមុខសារភាពរឿងនេះ ហើយខ្លួននឹងទទួលជួសជុលរាល់ក្ដារចុចប្រភេទ Butterfly Mechanism 1 និង ២ ដែលមានបញ្ហាកើតឡើង។
ដូចនេះ ចំពោះអ្នកដែលចង់ប្រើកុំព្យូទ័រយួរដែរបស់ Apple ហើយចង់បានរន្ធសម្បូរបែប គឺនៅសល់តែ Macbook Air តែប៉ុណ្ណោះ ហើយ Macbook Air នេះទៀតសោត ថ្វីត្បិតតែថ្មីចេញពី Apple មែន តែកម្លាំងម៉ាស៊ីនគឺនៅខ្សោយខ្លាំងណាស់ បើសិនជាប្រៀបធៀបជាមួយ Macbook ស៊េរីដទៃទៀត។ សម្រាប់ហាងកុំព្យូទ័រនៅក្នុងស្រុក អាចនៅមានកុំព្យូទ័រ Macbook Pro ឆ្នាំ ២០១៥ ទាំងថ្មីនិងមួយទឹក សម្រាប់អ្នកប្រើប្រាស់ ដែលមិនចង់លង់ខ្លួនទិញឌុយបំបែកពីរន្ធ USB-C របស់ Macbook Pro ស៊េរីថ្មីទេនោះ។
ចុចអាន៖