ផលប៉ះពាល់ ៤យ៉ាង អ្នកញៀនទូរសព្ទដឹងហើយ តែឈប់មិនបាន

  • 2018-07-30 08:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​ទូរសព្ទ ​​Smartphone មាន​ការ​ប្រើ​យ៉ាង​ច្រើន​កុះករ​ពី​អ្នក​ប្រើប្រាស់​នៅ​ជុំវិញ​ពិភព​លោក​ ដោយ​សារ​តែ​វា​បាន​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ពួក​គេ។ ប៉ុន្តែ​វា​ក៏​បាន​បង្ក​ផល់​ប៉ះ​ពាល់​ដល់​អ្នក​ប្រើប្រាស់​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​រក​ឃើញ​ចុង​ក្រោយ​នៃ​ផល​​ប៉ះពាល់​​ទៅ​លើ​រាង​កាយ​នៃ​ការ​ប្រើ​ប្រាស់​ Smartphone ៖

១. ប៉ះពាល់​ដល់​ឆ្អឹង​កញ្ចឹង​ក

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ពី​ក្រុមហ៊ុន​Surgical Technology International បាន​ឲ្យ​ដឹង​ថា​ការ​​ឱន​សម្លឹង​មើល​ទៅ​កាន់​អេក្រង់​ Smartphoneយូរ នឹង​​បង្ក​នូវ​ការ​ប៉ះ​​ពាល់​​ច្រើន​​ដល់​ឆ្អឹង​កញ្ចឹង​ក​។ ពេល​​ដែល​អ្នក​បាន​ឱន​​ក្បាល​សម្លឹង​ទៅ​កាន់​អេក្រង់​Smartphone ​អ្នក​​នឹង​បន្ត​ដាក់​ទម្ងន់​នៅ​លើ​ឆ្អឹង​កញ្ចឹង​ក​របស់​អ្នក។ ការ​​ឱន​ក្បាល​ចុច​ទូរសព្ទ​ជា​ទម្រង់ ​ ១៥​ដឺក្រេ​គឺ​មាន​ទម្ងន់១២​គីឡូក្រាម ហើយ​បើ​ឱន​ក្នុង​ទម្រង់៦០​ដឺក្រេ​គឺ​មាន​ទម្ងន់​ប្រហែល​ជា​២៧​គីឡូក្រាម​។ លោក​ Kenneth Hansraj ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​បាន​ធ្វើ​ការ​សន្និដ្ឋាន​ទៅ​លើ​ការ​សិក្សា​នេះ​ថា ​បើ​​សកម្មភាព​នេះ​នៅ​តែ​បន្ត នោះ​ផល​ប៉ះ​ពាល់​នេះ​នឹង​​បង្ក​គ្រោះថ្នាក់​នៅ​ថ្ងៃ​មុខ​​ដែល​អាច​​ឈាន​ទៅដល់​ការ​វះកាត់​​​។

  ២.​ 3G networks បង្ក​គ្រោះ​ថ្នាក់​ដល់​កុមារ

 

តាម​ការ​សិក្សា​​ថ្មី​មួយ​ផ្សេង​ទៀត​បាន​អោយ​ដឹង​ថា​ការ​ប្រើ​​​ប្រាស់អ៊ីធើណិត ឬ 3G networks គឺ​បង្ក​នូវ​ផល​ប៉ះ​ពាល់​ដល់កុមារ។ និស្សិត​បញ្ចប់​ផ្នែក​សេដ្ឋកិច្ច​នៅ​សកល​វិទ្យាល័យ​ Yale University បាន​ធ្វើ​ការ​ចេញ​ផ្សាយ​នូវ​របាយ​ការណ៍​​​ការ​សិក្សា​​មួយ​កាល​ពី​ខែ​មុន​​​ថា​ ទំនាក់​ទំនង​នៃ​ការ​ដាក់​បញ្ចូល​ 3G networks នៅ​តាម​ទីក្រុង​មួយ​ចំនួន និង​ អត្រា​កើន​ឡើង​​​នៃ​​​កុមារ​​​រង​របួស​នៅ​មន្ទីរពេទ្យ​គឺ​មានការ​កើន​ឡើង​ដូច​គ្នា​។ នៅ​ក្នុង​របាយ​ការណ៍ អះអាងថា​ មាន​​កុមារ​ក្រោម​អាយុ​៥ឆ្នាំ​បាន​កើន​ឡើង​១០​ភាគរយ​នៅ​ក្នុង​មន្ទីរពេទ្យ ក្រោយទីក្រុង​បាន​ដាក់​អោយ​ប្រើ ​​3G network ព្រោះតែឪពុកម្ដាយ​មាន​ប្រព័ន្ធ​ 3G ​ប្រើ​ប្រាស់​ ខ្វះ​ការយក​ចិត្ត​ទុក​ដាក់​​មើល​ថែ​កុមារ​ ​ដែល​បណ្ដាល​ឲ្យ​ពួកគេ​រងរបួស​ជាយថាហេតុ។

  ៣. ការ​ប្រើ​ Smartphone ខ្លាំង​ធ្វើ​ឲ្យ​ឈឺ​សន្លាក់​កែង​ដៃ

​យោង​តាម​សេចក្ដី​រាយការណ៍​មួយ​ពី​ Good Housekeeping បាន​អោយ​ដឹង​ថា Carpal tunnel (ឈឺ​សន្លាក់​កែង​ដៃ) គឺ​បង្ក​ឡើង​ដោយ​សារ ការងារ​ការិយាល័យ​ដូចជា​ការងារ​វាយ​អត្ថបទ​ជាដើម​ ហើយ​ផង​ដែរ​វា​ក៏​បង្ក​មក​ពី​ការ​ប្រើ​ប្រាស់​​ Smartphone ដែរ។ ​ការ​​លើក​ដៃ​ចុះ​ឡើង​ប្រើ​​ទូរសព្ទ​ច្រើន​ហួស​នឹង​ធ្វើ​ឲ្យ​​រលាក​ ឬ​ ហើម​សន្លាក់​ដៃ ​និង​​​ស្ពឹក​ស្រ​ពន់​ជា​ដើម។

  ៤. ផល​ប៉ះពាល់​ភ្នែក​

  មនុស្ស​ភាគ​ច្រើន​តែ​ទម្លាប់​មើល​ Smartphone ដូច​ជា​លេង ហ្គេម​ Facebook និង​ការ​ងារ​ផ្សេង​ទៀត​មុន​ពេល​ចូល​គេង។​ ប៉ុន្តែ​អ្នក​ធ្លាប់​គិត​ទេ​ថា​ការ​ធ្វើ​បែប​នេះ​វា​បង្ក​នូវ​ផល​ប៉ះ​ពាល់​ដល់​យើង។ យោង​តាម​របាយ​ការណ៍​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ទម្លាប់​មើល​ទូរសព្ទ​ Smartphone មុន​ពេល​ចូល​គេង​គឺ​វា​បាន​បង្ក​នូវ​ផល​ប៉ះ​ពាល់​ដំណេក​ដូច​ជា​ការ​ដេក​មិន​លក់​ ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​វា​នឹង​បង្ក​​​ផល​ប៉ះ​ពាល់​ធ្ងន់​ដល់​ភ្នែក​។ ជា​មួយ​គ្នា​នេះ​ដែរ​គេហទំព័រ​ Businessinsider ក៏​បាន​ធ្វើការ​រាយ​ការណ៍​ផង​ដែរ​ថា ភ្លើង​ពណ៌ខៀវ​ដែល​​ចេញ​ពី​ឧបករណ៍​អេឡិចត្រូនិក​គឺ​វា​បាន​បង្ក​បញ្ហា​ទៅ​លើ​សុខភាព​រាង​កាយ​និង​ផ្លូវចិត្ត​​ រួម​ទាំង​ជំងឺ​ភ្នែក​ឡើង​បាយ​ ការ​ធ្លាក់​ចុះ​សមត្ថភាព​ភ្នែក និង​ មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើន​ឡើង​នៃ​ជំងឺ​មហារីក៕

អត្ថបទ៖ ស៊ិន សាវ៉េត