ថន លក្ខិណា ត្រៀមទៅផ្សព្វផ្សាយរឿងនាងសម្ដែងជាមួយថៃ ឡាវ និងមីយ៉ាន់ម៉ា ជាលើកទី២!
- 2014-11-14 23:45:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថន លក្ខិណា ត្រៀមទៅផ្សព្វផ្សាយរឿងនាងសម្ដែងជាមួយថៃ ឡាវ និងមីយ៉ាន់ម៉ា ជាលើកទី២!
ចន្លោះមិនឃើញ
បន្ទាប់ពីចប់បេសកកម្មលើកទី១នៅទឹកដីថៃ តារាសម្ដែងខ្មែរ កញ្ញា ថន លក្ខិណា ត្រៀមទៅកាន់ប្រទេសនេះជាថ្មីទៀត ដើម្បីផ្សព្វផ្សាយរឿង "The Return” ដែលនាងបានចូលរួមសម្ដែងជាតួថៃ ឡាវ និងមីយ៉ាន់ម៉ា។
ពិធីការិនីទូរទស្សន៍ CTN រូបនេះ ថ្លែងថា នាងនឹងឡើងយន្តហោះនៅថ្ងៃទី២៣វិច្ឆិកាខាងមុខ ដើម្បីចូលរួមកម្មវិធីផ្សព្វផ្សាយរឿងដែលធ្វើឡើងរយៈពេលដល់ទៅ៣ថ្ងៃចាប់ពីថ្ងៃទី ២៤-២៥ វិច្ឆិកា។ តាម លក្ខិណា កម្មវិធីផ្សព្វផ្សាយរឿងនេះ នឹងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ថែមទៀតផង។
"កម្មវិធីហ្នឹង គេធ្វើរាល់ថ្ងៃចាប់ពីម៉ោង៨:៣០នាទីតទៅ ហើយនៅថ្ងៃទី២៥ នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃទៀតបង"។ កញ្ញា ថន លក្ខិណា វិញ បន្ថែមថា នាងសប្បាយរីករាយមែនទែនចំពោះឱកាសនេះ ត្បិតថាសិល្បករខ្មែរយើង កម្រមានឱកាសចេញមុខលើកញ្ចក់ទូរទស្សន៍ក្រៅស្រុកណាស់។
កាលពីពាក់កណ្ដាលខែមុន សិល្បករ សិល្បការិនីខ្មែរមួយក្រុមដែលសម្ដែងក្នុងរឿង "ស្បែកគង់" មានកញ្ញា ឌុច លីដា និងលោក ញ៉ែម សុគន្ធ ជាដើម ក៏ត្រូវបានប៉ុស្តិ៍ទូរទស្សន៍ថៃមួយនេះហៅទៅធ្វើបទសម្ភាសន៍ពិសេសមួយដែរ។ កាលណោះ សិល្បករយើង តម្រូវឲ្យមានអ្នកបកប្រែដោយសារពួកគេមិនចេះភាសាថៃ។ ប៉ុន្តែតារាស្រីដែលកំពុងទទួលការចាប់អារម្មណ៍ក្នុងរឿង "គំនុំអតីតជាតិ" របស់ CTN រូបនេះ អះអាងថា មិនមានបញ្ហាឡើយ ព្រោះនាងចេះភាសាថៃស្រាប់ហើយ។
កញ្ញា ថន លក្ខិណា និងក្រុមការងារសម្ដែងក្នុងរឿង "The Return" (សកម្មភាពក្នុងបេសកកម្មផ្សព្វផ្សាយលើកទី១)
ភាពយន្តដែលកញ្ញា ថន លក្ខិណា គ្រោងទៅផ្សព្វផ្សាយជាលើកទី២នេះ មានចំណងជើងថា "The Return” ដែលចូលរួមដោយសម្ដែងដោយតារាមកពីប្រទេសផ្សេងៗទៀតដូចជា កម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា។ លក្ខិណា គឺតារាខ្មែរតែម្នាក់គត់ដែលបានសម្ដែងក្នុងរឿងដែលនិយាយពាក់ព័ន្ធនឹងរឿងព្រលឹងខ្មោចនៅតាមប្រទេសនានានេះ ហើយនាងគឺជាតួស្រីគូជាមួយតួប្រុសថៃ។
អត្ថបទ៖ ថន លក្ខិណា ត្រៀមទៅជួប មីយ៉ាន់ម៉ា ឡាវ នៅថៃ
ភាពយន្តនេះ ថែមទាំងបានចុះមកថតដល់ខេត្តសៀមរាបទីក្រុងអង្គររបស់យើងទៀតផង។ ដូច្នេះហើយ ដោយយោងតាមតារាស្រីរូបនេះ "The Return” ក្រោយពីបញ្ចាំងចប់នៅប្រទេសថៃ នឹងយកមកដាក់បញ្ចាំងនៅកម្ពុជាបន្តទៀតមុនពេលទៅឡាវ ឬមីយ៉ាន់ម៉ា៕
http://youtu.be/0OYUN9_lTXU
អត្ថបទ៖ ទារិកា