ទើប​ដាក់​លក់ iPhone XS ថ្មីៗ​ ហាង​ Apple ត្រូវ​គេ​​ប្លន់​អស់ ១០ ម៉ឺន​ដុល្លារ

  • 2018-09-27 03:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Palo Alto Online បាន​ចុះ​ផ្សាយ​ថា​ហាង​លក់​ Apple នៅ​​ទីក្រុង​ Palo Alto រដ្ឋ​ California ត្រូវ​បាន​ចោរ​ប្លន់​ពីរ​ដង​ក្នុង​រយៈពេល​​មិន​ដល់​​ ១២ ម៉ោង​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

ផ្អែក​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​​ហាង​ Apple នៅ​ទីក្រុង​នេះ​ត្រូវ​បាន​ចោរ​ប្លន់​លើក​ដំបូង​នៅ​វេលា​ម៉ោង ៧ ល្ងាច​ ថ្ងៃ​សៅរ៍​ ដោយ​ជន​សង្ស័យ ៨ នាក់​​បាន​ប្រមូល​យក​​ផលិតផល​ដាក់​តាំង​បង្ហាញ​ដែល​មាន​តម្លៃ​​ប្រមាណ​ ៥៧ ០០០ ដុល្លារ។

​​​​រំលង​ផុត​មិន​ទាន់​បាន​ ១២ ម៉ោង​ផង​ ពោល​នៅ​វេលា​ម៉ោង​ ៥៖៥០ នាទី​ព្រឹក​ ថ្ងៃ​អាទិត្យ​ គេ​ប្រទះ​ឃើញ​ថា​ទ្វារ​​កញ្ចក់​នៅ​ហាង​ដដែល​នេះ​ត្រូវ​គេ​វាយ​ទម្លុះ​។ ម្ដង​នេះ​ក្រុម​ចោរ​បាន​លួច​យក​ផលិតផល Apple ដែល​មាន​តម្លៃ​​ប្រមាណ​ ៥០ ០០០ ដុល្លារ។

ការ​ប្លន់​ទាំង​ពីរ​លើក​នេះ​បាន​កើត​ឡើង​ក្រោយ​ពី iPhone XS/XS Max បាន​ដាក់​លក់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សុក្រ​ទី ២១ កញ្ញា​កន្លង​ទៅ។ មក​ទល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណ​របស់​ចោរ​ប្លន់​ទាំង​ពីរ​ករណី​នេះ​នៅ​ឡើយ​ទេ៕ ​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង