Grab និង Mastercard សហការ​គ្នា​ចេញ​គណនី​បង់​ប្រាក់​មុន សម្រាប់​ប្រជា​ជន​អាស៊ីអាគ្នេយ៍

  • 2018-10-30 10:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Grab កម្មវិធី​ផ្ដល់​សេវាកម្ម​តាម​អនឡាញ​ទៅ​សេវាកម្ម​ដោយ​ផ្ទាល់ (O2O) និង​ក្រុមហ៊ុន Mastercard បាន​ប្រកាស​ភាព​ជា​ដៃគូ កាលពីថ្ងៃទី២៥ តុលា ដើម្បី​ដាក់​ឲ្យ​ដំណើរ​ការ​ប័ណ្ណ​បង់​ប្រាក់​មុន ដោយ​បង្កើត​ឡើង​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​ការ​អភិវឌ្ឍ​លឿន និង​មាន​ប្រជា​ជន​ជាង ៦៤០លាន​នាក់ ភាគច្រើន​នៅ​តែ​ប្រើ​ក្រដាស​ប្រាក់​នៅ​ឡើយ។

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ Grab នឹង​ចេញ​ប័ណ្ណ​បង់​ប្រាក់​មុន ជា​ប្រភេទ​ប័ណ្ណ​និម្មិត និង​ប័ណ្ណ​រូបវន្ត​ជាក់​ស្ដែង ដោយ​អ្នក​ប្រើ​អាច​បញ្ចូល​ប្រាក់​ទៅ​ក្នុង​ប័ណ្ណ​របស់​ខ្លួន ដើម្បី​ចាយវាយ​នៅ​តាម​ទីតាំង​អាជីវករ ណា​ដែល​ទទួល​យក​ប័ណ្ណ Mastercard ទាំង​ការ​ចំណាយ​តាម​លើ​អនឡាញ និង​នៅ​ទីតាំង​ផ្ទាល់​ទូទាំង​ពិភព​លោក។

លោក Reuben Lai នាយក​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​របស់ Grab បាន​និយាយ​ថា ភាព​ជា​ដៃគូ​នេះ មិន​ត្រឹម​តែ​ពង្រឹង​តួនាទី​ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈាន​មុខ​ផ្នែក​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដល់​លទ្ធភាព​ដល់​ប្រជា​ជន​ក្នុង​តំបន់ ៤០០លាន​នាក់ ដែល​គ្មាន​គណនី​ធនាគារ និង​អ្នក​ដែល​ទទួល​បាន​សេវា​តិច​តួច បាន​ទិញ​ទំនិញ និង​សេវាកម្ម​នានា​តាម​អនឡាញ​ផង​ដែរ។

អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​តំបន់​ទាំង​អស់ អាច​ដាក់​ពាក្យ​សុំ​បើក​គណនី​បង់​ប្រាក់​ជាមុន​ដោយ​ផ្ទាល់​ពី​កម្មវិធី Grab ហើយ​ទទួល​បាន​ប័ណ្ណ​និម្មិត​មួយ​នៅ​ក្នុង​គណនី GrabPay របស់​ខ្លួន។ រីឯ​ការ​បញ្ចូល​ប្រាក់​ទៅ​ក្នុង​ប័ណ្ណ​អាច​ធ្វើ​ទៅ​បាន​ជាមួយ​សហគ្រិន​ខ្នាត​តូច​របស់ Grab ដែល​មាន​ជាង ៨លាន​នាក់។

លោក​ស្រី Rama Sridhar អនុប្រធាន​ប្រតិបត្តិ​ផ្នែក​ឌីជីថល និង​ភាព​ជា​ដៃគូ និង​លំហូរ​ការ​ទូទាត់​ថ្មី​របស់ Mastercard បាន​លើក​ឡើង​ថា សហការ​ជាមួយ Grab ពិតជា​បាន​បង្កើន​វិសាលភាព​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ស្របតាម​គោលដៅ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ពង្រីក​សេវា​ទូទាត់​ឌីជីថល​ដល់​អ្នក​ប្រើប្រាស់ និង​ពាណិជ្ជករ​ទាំង​អស់។

Grab និង Mastercard រំពឹង​ថា​នឹង​ផ្តល់​ជូន​ប័ណ្ណ​គណនី​នេះ នៅ​ឆមាស​ទី​មួយ ឆ្នាំ ២០១៩ ដោយ​ចាប់​ផ្ដើម​ដំបូង​ក្នុង​ប្រទេស​សិង្ហ​បុរី និង​ហ្វីលីពីន ដែល​សិង្ហ​បុរី​តំណាង​ឲ្យ​ប្រទេស​ដែល​មាន​ប្រជា​ជន​ប្រើ​គណនី​ធនាគារ​ច្រើន​ជាង​គេ​បំផុត (៩៨%) ហើយ​ហ្វីលីពីន​មាន​ប្រជាជន​ប្រើ​គណនី​ធនាគារ​តិច​ជាង​គេ​បំផុត (៣៤%) ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​វិបសាយ www.grab.com

អត្ថបទ៖ វិទូ

អត្ថបទថ្មី