គង់​ ​សំបូរ​​ រំភើប​ស្ទើរ​និយាយមិន​ចេញរឿងបានទៅសង្វៀន ONE​

  • 2018-12-18 02:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ត្រូវ​បាន​ស្ថាប័ន​ប្រដាល់​កំពូល​ប្រចាំ​តំបន់​អាស៊ី​ One Championship ចុះ​កុងត្រា​ដើម្បី​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ​ អ្នក​ប្រដាល់​កម្ពុជា​ គង់ សំបូរ​ មាន​អារម្មណ៍​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​ទទួល​បាន​ឱកាស​ដ៏​កម្រ​នេះ​ដែល​ធ្វើ​ឲ្យ​រូប​គេ​ស្ទើរ​រក​ពាក្យ​មក​រៀប​រាប់​ឲ្យ​សម​នឹង​ទំហំ​រីករាយ​បាន​ឡើយ។

គង់ សំបូរ (រូបថត៖ ONE)

សំបូរ​បាន​និយាយ​ថា នៅ​ពេល​​ទទួល​បាន​ដំណឹង​ល្អ​ពី​ ONE ​ភ្លាម ​រូប​គេ​ពិត​ជា​រំភើប​ខ្លាំង​​ណាស់​ ។ សូម្បី​តែ​ក្រុម​គ្រូ​បង្វឹក​ និង​គ្រួសារ​​ក៏​រីករាយ​ដែរ។ «​ខ្ញុំ​សប្បាយ​ចិត្ត​ ស្ទើរ​និយាយ​មិន​ចេញ!​ បើ​ម៉ាក់​ខ្ញុំ​ពេល​គាត់​ឮ​ថា​ ខ្ញុំ​បាន​ទៅ​​វ៉ៃ​​​នៅ​ស្រុក​ក្រៅ​អីចឹង​ វិញ​គាត់​យំ​តែ​ម្តង។ ម៉ាក់​ប៉ា​តែង​លើក​ទឹក​ចិត្ត​ខ្ញុំ​រហូត​ ពេល​ដែល​ខ្ញុំ​​ប្រកួត​ម្តង​ៗ។ ពួក​គាត់​តែង​ប្រាប់​ឲ្យ​ខ្ញុំ​ប្រឹង​ហាត់​ប្រកួត​ឲ្យ​បាន​ល្អ​ កុំ​ឲ្យ​ចាញ់​គេ»។

ទោះ​ជា​មាន​ការ​គាំទ្រ​ច្រើន​ពី​គ្រួសារ​ បង​ប្អូន​ជា​ហូរហែ​ក៏​ដោយ​ ក៏​មិន​បាន​ធ្វើ​ឲ្យ​​អ្នក​លេង​គុន​ខ្មែរ​វ័យ​២៣​ឆ្នាំ​រូប​នេះ​​សប្បាយ​ភ្លេច​ខ្លួន​​ឡើយ។ ផ្ទុយ​ទៅ​វិញ​​រូប​គេ​បាន​ប្រមូល​អារម្មណ៍​ និង​ហ្វឹកហាត់​ជា​និច្ច​ដើម្បី​ត្រៀម​ប្រកួត​នា​ពេល​ខាង​មុខ​ ជា​ពិសេស​​ចំពោះ​អ្នក​ដែល​បាន​មើល​ងាយ​​រូប​គេ។

«ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​ធ្លាប់​មើល​ងាយ​ខ្ញុំ​ពី​មុន​ ទទួល​ស្គាល់​ថា​ខ្ញុំ​អាច​មាន​សមត្ថភាព​ទៅ​វ៉ៃ​​ក្រៅ​ប្រទេស​បាន។ គេ​ថា​ខ្ញុំ​គ្មាន​សំណាង​បាន​ទៅ​ប្រកួត​នៅ​ក្រៅ​ដូច​គេ​ទេ​ ឥឡូវ​ក្តី​ស្រម៉ៃ​ខ្ញុំ​ក្លាយ​ជា​ការ​ពិត​ហើយ​ មាន​អី​ត្រូវ​និយាយ​ទៀត?»

«ខ្ញុំ​ទៅ​​ប្រកួត​នៅ​ក្រៅ​ប្រទេស​ គឺ​ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ថា​ក្បាច់​គុន​ខ្មែរ​យើង​មាន​ឈ្មោះ​បោះ​សំឡេង​ដូច​គេ​ដូច​ឯង​។ លោក​គ្រូ​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ឈ្នះ​ ហើយ​ឲ្យ​មាន​ឈ្មោះ​ល្បី​ គាត់​ឲ្យ​ខ្ញុំ​ប្រឹង​ហាត់​ ព្យាយាម​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន»។

ថ្វី​បើ​ពេល​នេះ​កីឡាករ​ដែល​ប្រើ​ជើង​ទាត់​បាន​ល្អ​មិន​ទាន់​បាន​ដំណឹង​ច្បាស់​ថា​ ត្រូវ​បង្ហាញ​ខ្លួន​ប្រកួត​ពេល​ណា​ ក៏​រូប​គេ​បាន​ហ្វឹក​ហាត់​ត្រៀម​កម្លាំង​រួច​ជា​ស្រេច​ ដើម្បី​រង់​ចាំ​មើល​គូ​ប្រកួត​ដែល​គេ​រៀប​ចំ​ឲ្យ​ជា​និច្ច។ «ខ្ញុំ​ត្រៀម​រួច​តាំង​ពី​មួយ​ខែ​មុន​ម្លេះ​!​ ខ្ញុំ​ត្រៀម​រួច​ហើយ​!»។

គង់​ សំបូរ​ ​ជា​កីឡាករ​មួយ​​ក្នុង​ចំណោម​កីឡាករ​ខ្មែរ​មួយ​ចំនួន​​ដែល​ត្រៀម​បង្ហាញ​ខ្លួន​សង្វៀន​ ONE​ Super​ Series ​នា​ពេល​ខាង​មុខ​នេះ។ ចាប់​ផ្តើម​​ហាត់​ប្រដាល់​​តាំង​ពី​ក្មេង​ រូប​គេ​ពិត​ជា​ទទួល​ឥទ្ធិពល​ពី​អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ជា​ច្រើន​ដែល​​ធ្វើ​ឲ្យ​រូប​គេ​​យក​គន្លង​តាម។

សំបូរ​ប្រាប់​ថា​ ៖«កាល​ពី​តូច​ខ្ញុំ​ស្រលាញ់​ប្រដាល់!​ ពី​ជំនាន់​នោះ​មាន​លោក​គ្រូ​ អេ​ ភូថង​ និង​ធន់​ សុភា​ ជា​ដើម​ ពួក​គាត់​ល្បី​ពេល​ឡើង​វ៉ៃ​​ម្តង​ៗ​​ មាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ ពី​ព្រោះ​ពួក​គាត់​ពិត​ជា​ខ្លាំង​ ហើយ​យូរ​​ៗ​ទើប​មាន​​ប្រដាល់​អន្តរជាតិ​ម្តង»។

សុខ ធី បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី​១​ដែល​បាន​ប្រកួត​ប្រដាល់​សេរី​នៅ​សង្វៀន ONE​ Super​ Series របស់​ ONE បន្ទាប់​ពី​កីឡាករ​ កីឡា​ការិនី​ជា​ច្រើន​បាន​ប្រកួត​ជា​លក្ខណៈ​គុន​ចម្រុះ​ MMA៕

គង់ សំបូរ (រូបថត៖ ONE)

អត្ថបទ៖ Matias Andres