សួន ពិសិដ្ឋ អ្នក​និពន្ធ​ខ្មែរ​ដំបូង​ចារ​ឈ្មោះ​​ជា​ប្រវត្តិសាស្ត្រ​នៅ​កាណាដា!

  • 2014-11-17 17:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​ប្រជាប្រិយភាព​ក្នុង​ប្រទេស​ទស្សនិកជន​​ភាគ​ច្រើន​​​ប្រហែល​ជា​បាន​ស្គាល់ ​លោក សួន ពិសិដ្ឋ ​រួច​ទៅ​ហើយ​តាម​រយៈ​សម្ដែង​ជា​តួឯក​ក្នុង​រឿង "ចៅ​ពស់​កេង​កង" បទ​ចម្រៀង "​សឹក​ហួស​ព្រោះ​ស្នេហ៍" ដែល​ដឹក​នាំ​សម្ដែង​ដោយ​លោក ហ្វៃ សំអាង និង​ ម្ចាស់​ពាន​​​ជា​អ្នក​និពន្ធ​ឆ្នើម​ពីរ​ឆ្នាំ​ជាប់​គ្នា​ពី​កម្មវិធី អាណា​ចក្រ​តារា។

 

ទស្សនិកជន​ខ្លះ​​ប្រហែល​ជា​មិន​ទាន់​ស្គាល់​ច្បាស់​ដែរ​ពី​លោក​ ដែល​ជា​អ្នក​និពន្ធ​​បទ​ភ្លេង​ល្បី​​ឈ្មោះ​ក្នុង​ប្រទេសកម្ពុជា។ ក៏ប៉ុន្តែ​បើ​និយាយ​ពី​​កេរ្តិ៍ឈ្មោះ​នៅ​​ក្រៅ​ប្រទេស ជា​ពិសេស​ប្រទេស​កាណាដា អ្នក​និពន្ធ​រូប​នេះ​ត្រូវ​គេ​ផ្ដល់​តម្លៃ​ថា​ជា​​អ្នក​និពន្ធ​វ័យ​ក្មេង​ឆ្នើម​ម្នាក់​ បាន​​ចារ​ឈ្មោះ​​ជា​ប្រវត្តិសាស្ត្រ​ក្នុង​​ប្រទេស​នេះ​ទៀត​ផង​អំឡុង​ពេល​លោក​សិក្សា​នៅ​ទី​នោះ។

 

លោក សួន ពិសិដ្ឋ កំពុងលេង ព្យាណូ

 

ក្រៅ​តែ​ពី​មាន​ឈ្មោះ​បោះ​សំឡេង​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​លេចធ្លោ​ក្នុង​ប្រទេស​កម្ពុជា ​ពេល​នេះ​ លោក​ សួន ពិសិដ្ឋ ចាប់​ផ្ដើម​ប្រឡូក​វិស័យ​ចម្រៀង​មួយ​ទៀត​ក្នុង​ផលិតកម្ម​ រស្មី​ហង្ស​មាស បន្ទាប់​ពីលាក់​ទុក​ទេពកោសល្យ​មួយ​នេះ​ជាង ១០​ឆ្នាំ​មក។

 

តើ​ជីវិត​របស់​អ្នក​និពន្ធ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​កម្មវិធី​អាណាចក្រ​តារា និង​ ជា​សិល្បករ​​​រូប​នេះ​មាន​ប្រវត្តិ​បែប​ណា​អាច​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​លោក​​គេ​​​កោត​សរសើរ​បែប​នេះ? តោះ! ​អាន​ជីវប្រវត្តិ​របស់​អ្នក​និពន្ធ​លោក សួន ពិសិដ្ឋ ដូច​ខាង​ក្រោម។

 

ឈ្មោះ

ថ្ងៃ​ខែ​ឆ្នាំ​

កំណើត

ទីកន្លែង​កំណើត

កម្ពស់

ទម្ងន់

ឈ្មោះ​Facebook

សួន ពិសិដ្ឋ

Soun Piseth

១២ ធ្នូ ១៩៨០

ភ្នំពេញ

១៧៨ សង់ទីម៉ែត្រ

៦៨

គីឡូក្រាម

https://www.facebook.com/piseth.soun.90?fref=ts

 

ស្ថាន​ភាព​គ្រួសារ

លោក សួន ពិសិដ្ឋ ជា​កូន​ទី​ពីរ​នៅ​ក្នុង​បន្ទុក​គ្រួសារ​ដែល​មាន​បងប្អូន​បួន​​នាក់​ស្រី​បី ប្រុស​មួយ។ ឪពុក​របស់​លោក​ឈ្មោះ អ៊ុយ សាខន ជា​មន្ត្រី​រាជការ​ និង​​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ល្បី​ឈ្មោះ​មួយ​រូប​អំឡុង​ពេល​លោក​នៅ​មាន​ជីវិត។ លោក​មាន​ម្ដាយ​ឈ្មោះ​ សួន សូភី បច្ចុប្បន្ន​ជា​ស្ត្រី​មេផ្ទះ។ តាំង​ពី​តូច​រហូត​ដល់​ធំ​ការ​រស់​នៅ​របស់​លោក​មិន​សូវ​ជា​ជួប​ការ​លំបាក​ប៉ុន្មាន​ទេ ព្រោះ​ឪពុក​ម្ដាយ​របស់​លោក​​មាន​ជីវភាព​អាច​រស់​នៅ​បាន​សមរម្យ។

 

ប្រវត្តិ​ការ​សិក្សា

លោក​ សួន ពិសិដ្ឋ ចាប់​ផ្ដើម​ការ​សិក្សា​ថ្នាក់​ទី​មួយ​នៅ​សាលា​បឋមសិក្សា​សន្ធរមុក តែ​ចូល​ថ្នាក់​ទី​៤​លោក​​បាន​ប្ដូរ​ទៅ​រៀន​នៅ​សាលា​បឋមសិក្សា​ វត្ត​កោះ។ ​ឆ្នាំ​១៩៩១ លោក​បាន​ប្រឡង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ មហាវិទ្យាល័យ​​ដូរ្យតន្ត្រី ជំនាញ​ Piano។

 

ឆ្នាំ ១៩៩៦ លោក សួន ពិសិដ្ឋ ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​កាណាដា​តាម​រយៈ​​ Mr Arne Sahlen ប្រធាន​អង្គការ​គាំទ្រ​កម្ពុជា CSG (Cambodia Support Group)។ នៅ​ក្នុង​ឆ្នាំ​១៩៩៨ លោក​ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ដូរ្យតន្ត្រី ជំនាញ​និពន្ធ​បទ​ភ្លេង និង​ Pianoពី​ប្រទេស​​នេះ។

 

សួន ពិសិដ្ឋ ក្នុង​ថ្ងៃ​ទទួល​ពាន​ពី​កម្មវិធី​អាណាចក្រ​តារាកាល​ពី​ពេល​កន្លង​ទៅ

 

ការ​ការ​តស៊ូ​​រៀន​និពន្ធ​បទ​ភ្លេង​ក្នុង​ប្រទេស

ការ​បោះ​ជំហាន​ទៅ​សិក្សា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​សម្រាប់​លោក សួន ពិសិដ្ឋ ជា​ពិសេស​គឺ​ផ្នែក​ដូរ្យតន្ត្រី​នេះ​តែ​ម្ដង។ នៅ​ឆ្នាំ​១៩៩១ ឆ្នាំ​ដែល​លោក​បោះ​ជំហាន​ទៅ​សិក្សា​ផ្នែក​ដូរ្យតន្ត្រី​នេះ​មាន​សិស្ស​ដាក់​ពាក្យ​ប្រឡង​ពី ​៥ ​ពាន់​ ទៅ​ ៦​ ពាន់ ​នាក់ ប៉ុន្តែ​ជា​លទ្ធផល​គេ​ជ្រើសរើស​យក​តែ​៤០​នាក់​ប៉ុណ្ណោះ​ក្នុង​នោះ​ក៏​មាន​លោក​ម្នាក់​ផង​ដែរ។

 

លោក សួន ពិសិដ្ឋ បាន​និយាយ​ថា​ការ​សិក្សា​ផ្នែក​ដូរ្យតន្ត្រី​​នេះ​ទាមទារ​ត្រូវ​ការ​ទេពកោសល្យ​ខ្ពស់​ខ្លាំង​ ទើប​អាច​រៀន​ជំនាញ​នេះ​ប្រកប​ដោយ​ជោគជ័យ​បាន។ ចាប់​តាំង​ពី​លោក​ចូល​រៀន​ដំបូង ទោះ​​ជា​មាន​មុខ​វិជ្ជា​ខ្លះ​លំបាក​យ៉ាង​ណា​ក៏​ដោយ​លោក​នៅ​តែ​​ព្យាយាម​សិក្សា​ដោយ​មិន​រុញរា​ទេ។ ម្យ៉ាង​ទៀត​ដោយ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្ដាយ​ធ្វើ​ឱ្យ​លោក សួន ពិសិដ្ឋ កាន់​តែ​មាន​កម្លាំង​ចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​សិក្សា។

 

លោក​និយាយ​ទៀត​ថា​មាន​ពេល​ខ្លះ​លោក​រក​ពេល​ញ៉ាំ​បាយ ឬ​ដេក​គ្មាន​ទេ​ដោយសារ​តែ​ខិតខំ​រៀន​ពេក​ព្រោះ​ខ្លាច​​ប្រឡង​ធ្លាក់។ លោក​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​អក្សរ​ភ្លេង​ និង​វិជ្ជា​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ។ លោក សួន ពិសិដ្ឋ ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ហាត់​រៀន​លេង​ឧបករណ៍​ Piano ​ក្នុង​មួយ​ថ្ងៃ ៤​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ មាន​ពេល​ខ្លះ​លោក​រៀន​ Piano ​រហូត​ដល់​គ្រុន​ក្ដៅ​ ថ្ងៃ​ខ្លះ​សន្លប់​ក៏​មាន។​

 

លោក​បាន​បន្ត​ថា​ដោយសារ​តែ​មាន​ទេពកោសល្យ និង​ការ​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្ដាយ​​ការ​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​លោក​តែង​រៀន​ជាប់​​ចំណាត់​ថ្នាក់​លេខ​មួយ​រហូត​រៀងរាល់​ឆ្នាំ ហើយ​ទទួល​បាន​ការ​កោត​សរសើរ​ជា​ខ្លាំង​ពី​សាស្ត្រាចារ្យ​ដែល​បង្រៀន​លោក​ទាំង​ខ្មែរ​ និង​បរទេស។ លទ្ធផល​បែប​នេះ​ហើយ​ទើប​នាំ​ឱ្យ​លោក សួន ពិសិដ្ឋ ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​កាណាដា។

 

ការ​ពុះពារ​នៅ​ប្រទេស​កាណាដា

ការ​ទៅ​សិក្សា​នៅ​ប្រទេស​កាណាដា​ដំបូង​​មាន​ពេល​ខ្លះ​លោក​ សួន ពិសិដ្ឋ មិន​សូវ​ជា​មាន​អារម្មណ៍​រៀន​ប៉ុន្មាន​ទេ ព្រោះ​លោក​នឹក​ស្រុក​កំណើត ​ឪពុក​ម្ដាយ​ បងប្អូន និង​មិត្តភ័ក្ដិ​របស់​លោក​នៅ​កម្ពុជា។ ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ពី​ Mr Arne Sahlen ត្រូវ​ជា​ឪពុក​ធម៌​​ និង​ជា​គ្រូ​បង្រៀន​ផង បញ្ហា​ទាំង​នេះ​លោក​ព្យាយាម​បំភ្លេច​ ហើយ​ខិតខំ​ប្រឹងប្រែង​រហូត​ទទួល​បាន​ជោគជ័យ។

 

លោក​អះអាង​ថា​មាន​សិស្ស​ជា​ច្រើន​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​មក​រៀន​ជុំ​គ្នា​នៅ​កាណាដា។ ប៉ុន្តែ​លោក​នៅ​តែ​អាច​រៀន​បាន​លេខ​មួយ​ដដែល​នៅ​ប្រទេស​នេះ​លើ​ជំនាញ​ Piano ​ដោយ​ទទួល​បាន​ការ​កោត​សរសើរ​ជា​ខ្លាំង​ពី​សាស្ត្រាចារ្យ​ដែល​បង្រៀន​នៅ​ទី​នោះ។

 

សួន ពិសិដ្ឋ កាល​នៅ​ជា​អ្នក​និពន្ធ និង​ដឹក​នាំ​ក្នុង​ផលិតកម្ម Rock

 

នៅ​ក្នុង​ឆ្នាំ​១៩៩៨ លោក សួន ពិសិដ្ឋ ល្បី​ឈ្មោះ​ពេញ​ប្រទេស​កាណាដា​ដោយ​គេ​ឱ្យ​រហ័ស​នាម​ថា​ជា​កុមារ​អច្ឆរិយ​ដែល​មាន​ទេពកោសល្យ​ខ្ពស់​នៅ​ក្នុង​ការ​លេង​ឧបករណ៍​ Piano ​​ជា​តួអង្គ Solo។ កោត​សរសើរ​​ខ្លាំង​ដោយសារ​តែ​លោក​អាច​លេង​ភ្លេង​នៅ​ក្នុង​វង់តន្ត្រី Orchestra ដែល​ជា​វង់​តន្ត្រី​បស្ចិម​ប្រទេស​មាន​មនុស្ស​លេង​រាប់​រយ​នាក់។

 

មនុស្ស​អាច​លេង​ក្នុង​វង់​តន្ត្រី​នេះ​បាន​ទាល់តែ​កម្រិត​ អនុបណ្ឌិត និង​បណ្ឌិត​ដូរ្យតន្ត្រី​ទើប​អាច​មាន​សមត្ថភាព​លេង​បាន​ប៉ុន្តែ​លោក សួន ពិសិដ្ឋ អាច​ប្រគំ​ក្នុង​វង់​តន្ត្រី​នេះ​បាន​ជា​មួយ​បណ្ឌិត​ដូរ្យតន្ត្រី​​ដទៃ​ទៀត​បាន​ទាំង​ខ្លួន​នៅ​ក្មេង និង​មិន​ទាន់​រៀន​ចប់​​ផ្នែក​ដូរ្យតន្ត្រី​នេះ​នៅ​ឡើយ។

 

ដោយ​ហេតុ​តែ​សមត្ថភាព​ខ្ពស់​បែប​នេះ​​ហើយ​ទើប​លោក សួន ពិសិដ្ឋ ត្រូវ​គេ​ចារ​ឈ្មោះ​ជា​អ្នក​លេង​ភ្លេង​ឆ្នើម​ក្នុង​ប្រទេស​កាណាដា​ឆ្នាំ​១៩៩៨។ នៅ​ប្រទេស​កាណាដា​ចាប់​តាំង​ពី​​ឆ្នាំ​១៩១២​មក​ ប្រសិន​ណា​បើ​មាន​តន្ត្រីករ​ណា​ឆ្នើម​គេ​នឹង​ចារ​ឈ្មោះ​នៅ​លើ​ផ្ទាំង​មាស​​នៃ​ពាន​រង្វាន់​ថ្នាក់​លេខ​១​​ជា​រៀង​រាល់​ឆ្នាំ​ថា​ជា​អ្នក​ឆ្នើម​បំផុត​ផ្នែក​ដូរ្យតន្ត្រី​ក្នុង​ប្រទេស​របស់​គេ លុះ​ដល់​ឆ្នាំ​១៩៩៨ លោក​បាន​ជាប់​ឈ្មោះ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​នេះ ដោយ​គេ​ចារ​​ឈ្មោះ​លោក សួន ពិសិដ្ឋ និង​ប្រទេស​កម្ពុជា ព្រម​ទាំង​កាន់​ពាន​មាស​រយៈ​ពេល​មួយ​ឆ្នាំ។

 

រយៈ​ពេល​ពីរ​ឆ្នាំ​ដែល​លោក​សិក្សា​នៅ​ប្រទេស​កាណាដា​លោក​បាន​ដើរ​ប្រគំតន្ត្រី​គ្រប់​ទិសទី​ពេញ​ប្រទេស​កាណាដា​ដើម្បី​ស្វែង​រក​មូលនិធិ​មក​ជួយ​ការ​ងារ​សប្បុរសធម៌​ក្នុង​ប្រទេស​កម្ពុជា​​ដើម្បី​​ជួយ​មក​ដល់​កុមារ​កំព្រា ចាស់ជរា និង​ជន​ពិការ។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នេះ​ដែរ​​លោក​រក​ចំណូល​មូលនិធិ​បាន​ជាង​២០​ម៉ឺន​ដុល្លារ​ពី​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​នោះ។

 

 

នៅ​ក្នុង​ឆ្នាំ​ ១៩៩៨ នោះ​ផង​ដែរ​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​​កាណាដា​បាន​សរសេរ​លិខិត​មក​ជូន​ Mr Arne Sahlen ដែល​ត្រូវ​ពុក​ធម៌ និង​ជា​អ្នក​នាំ​លោក សួន ពិសិដ្ឋ ទៅ​សិក្សា​នៅ​ទី​នោះ​ដោយ​បាន​កោត​សរសើរ​ចំពោះ​ស្មារតី និង​ទឹក​ចិត្ត​របស់​លោក សួន ពិសិដ្ឋ មាន​ឆន្ទៈ​​ធ្វើ​ការងារ​មនុស្ស​ធម៌ និង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​ពាំនាំ​ចំណេះ​ដឹង​ខ្លួន​បាន​រៀន​មក​ចែក​រំលែក ព្រម​ទាំង​លើក​ស្ទួយ​​វិស័យ​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា។

 

ដោយហេតុ​តែ​ចង់​ពង្រឹង​វិស័យ​ដូរ្យតន្ត្រី​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​ជួយ​លើក​កម្ពុជា​វិស័យ​នេះ​ឱ្យ​ល្បី​ដូច​ជា​បណ្ដា​ប្រទេស​​នានា​នៅ​លើ​សកលលោក​ សួន ពិសិដ្ឋ បាន​ជម្នះ​បញ្ហា​ទាំង​នេះ​ដើម្បី​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ទោះ​​ជា​រដ្ឋមន្ត្រី​ប្រទេស​នេះ​ចង់​ឱ្យ​រស់​នៅ​កាណាដា​ក៏​ដោយ។

 

សួន ពិសិដ្ឋ ក្នុង​បន្ទប់​និពន្ធ​បទ​ចម្រៀង​ជា​មួយ​លោក ព្រាប សុវត្ថិ

ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ចាប់​អាជីព​ជា​អ្នក​និពន្ធ

នៅ​ដើម​ឆ្នាំ​១៩៩៨ លោក សួន ពិសិដ្ឋ បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ អ្វីៗ​មិន​ដូច​ជា​លោក​គិត​ទេ​ផលិតកម្ម​​ជា​ច្រើន​នៅ​​ក្នុង​ប្រទេស​កម្ពុជា​មិន​សូវ​ផ្ដល់​តម្លៃ​ការ​បង្កើត​ស្នាដៃ​ថ្មី​នោះ​ទេ គឺ​គេ​ចូលចិត្ត​តែ​រឿង​លួច​ចម្លង​ទាំង​ស្រុង​ពី​បរទេស​។ ប្រការ​នេះ​ធ្វើ​ឱ្យ​​លោក​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង​ដោយ​ខំ​រៀន​បាន​សិក្សា​ខ្ពង់ខ្ពស់​រហូត​ដល់​ថ្នាក់​បរទេស​គេ​ទទួល​ស្គាល់​តែ​មក​ដល់​ប្រទេស​កំណើត បែរ​ជា​​គេ​មិន​ទាន់​​ផ្ដល់​តម្លៃ​ទៅ​វិញ។

 

ទោះ​ជា​មាន​ពេល​ខ្លះ​ផលិតករ​ខ្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​សំណូម​ពរ​ឱ្យ​លោក​​ធ្វើ​ភ្លេង​ឱ្យ​គេ​ដោយ​ចំលង​ស្នាដៃ​​ពី​បរទេស​យ៉ាង​ណា​ក៏​ដោយ​លោក សួន ពិសិដ្ឋ មិន​ធ្វើ​តាម​ទេ។ អះអាង​ថា​ប្រសិន​ណា​បើ​លោក​ធ្វើ​ដូច្នេះ​នោះ​តម្លៃ​ដែល​លោក​បាន​សិក្សា និង​ការ​ទទួល​ស្គាល់​កន្លង​​នៅ​ឯ​បរទេស​កន្លង​មក​នឹង​ប្រែ​ទៅ​ជា​គ្មាន​ន័យ។

 

លោក សួន ពិសិដ្ឋ បាន​កែប្រែ​កាលៈទេសៈ​នៅ​ពេល​នោះ​ទៅ​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​វិញ ដោយ​ទុក​ចំណេះដឹង​ដែល​បាន​សិក្សា​កន្លង​មក​​មួយ​អន្លើ​សិន ទម្រាំ​មាន​ផលិតកម្ម​ណា​ដែល​ផ្ដល់​តម្លៃ​លើ​ការ​បង្កើត​ថ្មី​នោះ​លោក​នឹង​​ប្រឡូក​ឡើង​វិញ។

 

​​​ជា​លទ្ធផល​នៅ​ឆ្នាំ​២០០៧ ផលិតកម្ម​ Rock បាន​បង្កើត​ឡើង​ដោយ​ផ្ដល់​តម្លៃ​ទៅ​លើ​ការ​បង្កើត​ស្នាដៃ​ថ្មី​​របស់​កូន​ខ្មែរ​ក្រោម​ការ​គ្រប់គ្រង និង​ដឹក​នាំ​​របស់​អ្នក​​ឧកញ៉ា គិត ធាង។ ពេល​វេលា​នោះ​ហើយ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​ជា​អ្នក​និពន្ធ​របស់​លោក សួន ពិសិដ្ឋ ល្បី​ពាស​ពេញ​ប្រទេស​តាម​រយៈ​ការ​និពន្ធ​បទ​ចម្រៀង និង​ភ្លេង​ថ្មី​​ឱ្យ​តារា​ចម្រៀង​ដូច​ជា​​លោក ខាន់ ជេមន៍ លោក ញឹម ចំរើន និង​តារា​ផ្សេងៗ​ទៀត​ក្នុង​ផលិតកម្ម​​នេះ។

 

សួន ពិសិដ្ឋ ក្នុង​ឈុត​រឿង ចៅពស់​កេងកង ជា​មួយ ចន ច័ន្ទលក្ខិណា

 ពាន​រង្វាន់​​ទទួល​បាន

ក្រៅ​តែ​ពី​ការ​រៀន​ជាប់​ចំណាត់​ថ្នាក់​លេខ១​រហូត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឯ​ប្រទេស​កាណាដា​ឯណោះ​វិញ​រយៈ​ពេល​ពីរ​ឆ្នាំ​​លោក សួន ពិសិដ្ឋ ទទួល​លិខិត​សរសើរ​ចំនួន​១៨ ​មេដាយ​មាស​ចំនួន​៦ និង​ពាន​មាស៣ ពី​ការ​ប្រកួត​ប្រជែង​ Pianoនៅ​ប្រទេស​នេះ។

 

ដោយ​ឡែក​នៅ​ក្នុង​ស្រុក​វិញ​អ្នក​និពន្ធ​បទ​ភ្លេង​ថ្មី​​​រូប​នេះ​ទទួល​បាន​ពាន​បី​ផ្នែក​អ្នក​និពន្ធ​ឆ្នើម​ប្រចាំ​ប្រទេស​គឺ​ពី​ក្រសួង វប្បធម៌ និង​វិចិត្រ​សិល្បៈ​មួយ និង​ពាន​ពីរ​ទៀត​ពី​កម្មវិធី​អាណាចក្រ​តារា​នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣​នេះ។

 

បច្ចុប្បន្ន​អ្នក​និពន្ធ​បទ​ភ្លេង​ឆ្នើម​រូប​នេះ​កំពុង​តែ​និពន្ធ​បទ​ភ្លេង​ និង​ទំនុក​ច្រៀង​ថ្មី​ឱ្យ​តារា​មួយ​ចំនួន​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ដូច​ជា​លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធ​កញ្ញា លោក ឆន សុវណ្ណារាជ កញ្ញា ពេជ្រ សោភា កញ្ញា សួស វីហ្សា និង​ផលិតកម្ម​ថ្មី​មួយ​ចំនួន​ទៀត។

 

បទ​ចម្រៀង​ថ្មី និង ​ល្បី​តាក់តែង​កន្លង​មក

រយៈ​ពេល​៦​ឆ្នាំ​នៃ​ការ​ក្លាយ​ជា​អ្នក​និពន្ធ​តាំង​ពី​ប្រឡូក​ក្នុង​ផលិតកម្ម​ Rock មក​លោក​ សួន ពិសិដ្ឋ បាន​និពន្ធ​បទ​ភ្លេង​ និង​ទំនុក​ភ្លេង​ថ្មី​ជាង​១០០​បទ ក្នុង​នោះ​បទ​ល្បីៗ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មាន​ដូច​ជា​បទ "យុវជន​ខ្មែរ" “ខ្មែរ​ដើម្បី​ខ្មែរ" “ ប្រាសាទ​ព្រះវិហារ​មរតក​ខ្មែរ" សម្រែក​បេះ​ដូង" “ស្ដាយ​ក្រោយ" “រយ​ពាន់​ផ្ញើសារ" “មោទនភាព​ជា​ខ្មែរ" “Cambodia Kingdom Of Wonder” “ស្រលាញ់​ប៉ុណ្ណា​ដែល​ធ្វើ​ឱ្យ​អូន​មិន​ក្បត់​បង" “យំ​មិន​ឆ្អែត" “លួច​ស្នេហ៍" “គ្មាន​លើក​ទី​ពីរ" សន្យា​ប្រយោល" “ស្អាត​អី ស្អាត​យ៉ាង​នេះ!” “ស្រី​កំសាក" “បង​ផឹក​ដើម្បី​អូន" “អូន​ផឹក​មិន​ឆ្អែត" “បើ​មិន​ស្រលាញ់ អាណិត​ធ្វើ​អ្វី?”

 

 

ចំណុច​ពិសេស​ដើម្បី​រៀន​និពន្ធ​ភ្លេង​បាន​ល្អ

លោក សួន ពិសិដ្ឋ បាន​បញ្ជាក់​ថា​ប្រសិន​បើ​មិត្ត​យុវវ័យ​ចង់​រៀង​ជំនាញ​បទ​ភ្លេង​ឱ្យ​បាន​ល្អ​ត្រូវ​តែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ហាត់​ដំ​ផ្លូវ​ចិត្ត​ឱ្យ​បាន​ល្អ​ស្រលាញ់ និង​ចូល​ចិត្ត​ មាន​ការ​តាំង​ចិត្ត​ខ្ពស់​ មិន​ចុះ​ចាញ់​រាល់​ឧបសគ្គ​ទាំង​ឡាយ​កើត​មាន​ចំពោះ​ខ្លួន។

 

អ្វី​ដែល​ពិសេស​ត្រូវ​មាន​ទេពកោសល្យ​ខ្ពស់​ទើប​អាច​រៀន​ជំនាញ​នេះ​បាន​លឿន​ចប់​ចេះ​មាន​កម្រិត​ខ្ពស់។ ម្យ៉ាង​ការ​និពន្ធ​បទ​ភ្លេង​បាន​ល្អ​ លុះ​ណា​តែ​បុគ្គល​នោះ​ចេះ​លេង ​Piano ​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន ទើប​អាច​ចាប់​ផ្ដើម​រៀន​តែង​និពន្ធ​បទ​ភ្លេង​បាន​ល្អ។

 

 

គោល​បំណង​ទៅ​ថ្ងៃ​អនាគត

គោល​ដៅ​ចម្បង​ទៅ​ថ្ងៃ​អនាគត​លោក សួន ពិសិដ្ឋ ចង់​ធ្វើ​យ៉ាង​ណា​​ជួយ​ជំរុញ​លើក​កម្ពស់​វិស័យ​សិល្បៈ​ឱ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​ខ្លាំង​តាម​រយៈ​ការ​បង្កើត​ស្នាដៃ​ថ្មី​ក្នុង​វិស័យ​តែង​និពន្ធ​បទ​ភ្លេង និង​​បទ​ចម្រៀង​ថ្មី និង​ការ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត ជា​តួ​សម្ដែង និង​ជា​អ្នក​ដឹក​នាំ​​មួយ​រូប​ផង​ដែរ។ ម្យ៉ាង​ទៀត​លោក​ក៏​មាន​គម្រោង​បើក​បង្រៀន​សាលា​ដូរ្យតន្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ប៉ុន្តែ​លោក​មិន​ទាន់​បង្ហើប​ពី​កាល​បរិច្ឆេទ​ច្បាស់​នៅ​ឡើយ​ទេ៕

 

អានអត្ថបទបន្ត៖ តោះ…មើល​វីដេអូ ប៊ុត សីហា លើក​ពាន The Voice Cambodia យប់​មិញ

អានអត្ថបទបន្ត៖ អ្វី​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់ គង់ សុជាតិ ពី​អ្នក​លក់​ចេក​ឆឹង ក្លាយ​ជា​ពិធី​ការិនី​ល្បី និង ជា​ថៅកែ​ហាង​កែ​សម្ផស្ស?

អានអត្ថបទបន្ត៖ ជយោ…អ្នកកំពង់​ស្ពឺឈ្នះ​ពាន The Voice Cambodia ហើយ…!!!

 

អត្ថបទ៖ អ៊ីង សុឡា

 

អត្ថបទថ្មី