អីយ៉ាស់! តិចទៀតមានជនជាតិអារ៉ាប់រួម ឡើងអវកាសដែរហើយ
- 2019-04-11 03:57:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ាស់! តិចទៀតមានជនជាតិអារ៉ាប់រួម ឡើងអវកាសដែរហើយ
ចន្លោះមិនឃើញ
ប្រទេសអារ៉ាប់រួម គ្រោងទិញយានអវកាសរុស្ស៊ី Soyuz មួយគ្រឿង ដើម្បីបញ្ជូនអ្នកអវកាសរបស់ខ្លួនទៅកាន់គន្លងផែនដី។ ការបាញ់បង្ហោះនេះ នឹងធ្វើឡើងក្នុងរយៈពេល២ឆ្នាំខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក Sergey Krikalev នាយកផ្នែកអវកាសដែលគ្រប់គ្រងដោយមនុស្ស នៃសាជីវកម្មអវកាសរុស្ស៊ី ROSCOSMOS ថ្លែងទៅកាន់ Sputnik News ក្នុងកិច្ចសម្ភាសមួយ ដោយត្រូវបានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «**ពួកគេ (អារ៉ាប់រួម) ពិចារណាទិញយានអវកាស Soyuz ពីយើង ដែលក្នុងយាននេះ មាន២កៅអី។ ដោយសារតែយោងតាមច្បាប់រុស្ស៊ី មេបញ្ជាការយាន Soyuz ត្រូវតែមានជនជាតិរុស្ស៊ីម្នាក់**»។
លោក Sergey Krikalev បន្ថែមថា ប្រសិនបើអារ៉ាប់រួមចុះកុងត្រាជាមួយ ROSCOSMOS នោះយានអវកាស Soyuz នឹងត្រូវផលិតឡើងថែមមួយគ្រឿងទៀត ហើយវាមិនមែនជាផ្នែកនៃកម្មវិធីអវកាសរបស់រុស្ស៊ី ក្នុងការបញ្ជូនអវកាសយានិករុស្ស៊ីទៅកាន់ស្ថានីយអវកាសអន្តរជាតិនោះទេ។
បើតាមលោក Vladimir Ustimenko អ្នកនាំពាក្យ ROSCOSMOS បានលើកឡើងកាលពីខែមុនថា អ្នកអវកាសអារ៉ាប់រួមទី១ អាចធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិនៅលើយាន Soyuz នាចុងខែកញ្ញាខាងមុខ។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៨ បេក្ខជនអវកាសអារ៉ាប់រួម២រូប គឺលោក Hazza Mansouri និង លោក Sultan Niyadi បានចាប់ផ្តើមហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកអវកាសរុស្ស៊ី Yuri Gagarinក្នុងក្រុងមូស្គូ ដើម្បីត្រៀមធ្វើដំណើរជាប្រវត្តិសាស្រ្តទៅកាន់ស្ថានីយអវកាសអន្តរជាតិ៕