ស​ សុខា​៖ កីឡាករ​ត្រូវ​មាន​វិន័យ​ និង​យោគយល់​គ្នា​ក្នុង​អំឡុង​ពេល​ប្រមូល​ផ្ដុំ​នេះ​

  • 2019-05-15 08:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ឯកឧត្ដម​ ស​ សុខា​ ថា​កីឡាករ​ កីឡា​ការិនី​ដាច់​ខាត​ត្រូវ​តែ​គោរព​វិន័យ​បាន​ល្អ​ និង​ចេះ​យោគយល់​គ្នា​អំឡុង​ដែល​ក្រសួង​ប្រមូល​ផ្ដុំ​ទាំង​ជម្រើស​ជាតិ​ និង​ថ្នាល​រយៈពេល​ប៉ុន្មាន​ខែ​នេះ។​

ទិដ្ឋភាពក្នុងពិធីជួបជុំ

តំណាង​ក្រសួង​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ពេល​ប្រជុំ​ប្រមូល​ផ្ដុំ​កីឡាករ​ កីឡា​ការិនី​ ជម្រើស​ជាតិ​ រួម​ទាំង​ក្រុមថ្នាល​ទាំង​អស់​ថា​ កីឡាករ​គ្រប់​រូប​ដែល​បាន​ប្រមូល​ផ្ដុំ​នេះ​ សូម​គោរព​ចាប់​ទម្លាប់​ឲ្យ​បាន​ល្អ​ មិន​ថា​វិន័យ​ក្នុង​ការ​ហ្វឹកហាត់​ ឬ​វិន័យ​ក្នុង​ការ​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​នោះ​ទេ​ ដើម្បី​ពង្រឹង​សមត្ថភាព​ គុណភាព​ឲ្យ​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត។​

ទិដ្ឋភាពក្នុងពិធីជួបជុំ

ឯកឧត្ដម​ លើក​ឡើង​ទៀត​ថា​ ស៊ីហ្គេម​ឆ្នាំ​២០២៣​ គិត​ទៅ​សល់​ពេល​ច្រើន​ឆ្នាំ​ទៀត​ ប៉ុន្តែ​គិត​ពី​ពេល​វេលា​សម្រាប់​ការ​ហ្វឹកហាត់​ត្រៀម​ខ្លួន​មិន​យូរ​ទេ​ ភ្លេច​ៗ​ខ្លួន​គឺ​ដល់​វេលា​ហើយ​។ ដូច្នេះ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ត្រូវ​តែ​ខំប្រឹង​ប្រែង​ ឬ​បន្សំ​ខ្លួន​ឲ្យ​បាន​ល្អ​ពី​ពេល​នេះ​តទៅ​ទាំង​សមត្ថភាព​ និង​វិន័យ។​ ផ្នែកខាងកីឡា​នេះ មិនថា​យុទ្ធសាស្ត្រ​ កលល្បិច​ តិចនិក​ផ្សេងៗ​មិន​អាច​រៀន​ត្រឹម​ ១-២​ថ្ងៃ​ ឬ​១-២​ខែ​ បាន​នោះ​ទេ​ ត្រូវ​ការ​ពេល​វេលា​ច្រើន​ ដើម្បី​ឲ្យ​មាន​សមត្ថភាព​ ដូច្នេះ​​កីឡាករ​ទាំង​អស់​ត្រូវ​តែយក​ចិត្ត​ទុកដាក់​បំផុត។​

ទិដ្ឋភាពក្នុងពិធីជួបជុំ

រំលឹក​ដែរ​ថា​ កីឡាករ​ចំនួន​ ១០០៤​នាក់​ បាន​ចូលរួម​ពិធី​បើក​យុទ្ធនាការ​ហ្វឹកហ្វឺន​ក្រុម​ជម្រើស​ជាតិ​ឆ្នាំ​២០១៩​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​ឧសភា​ នៅ​វិទ្យាស្ថាន​អប់រំ​កាយ​ ក្បែរ​វិមាន​ឯករាជ្យ។​ ការ​ជួបជុំ​នេះ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ស​ សុខា ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា៕​

អត្ថបទ៖ នួន ស៊ីណា​