អ៊ូច​ ធារិទ្ធ ធ្វើ​ឲ្យ​កក្រើក​កម្មវិធីថ្មី ​វើក​សង្វៀន​គុន​ខ្មែរ​ របស់​បាយ័ន​យប់​មិញ​

  • 2019-06-02 07:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ អ៊ូច​ ធារិទ្ធ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ខ្លាំង​ និង​ហើប​គូថ​ពី​កៅអី​អង្គុយ​តែ​ម្ដង​ ស្រែក​ហ៊ោ​ទៅ​តាម​ចង្វាក់​ប្ដូរ​ទៅ​ប្ដូរ​មក​ យប់​មិញ​នេះ​ក្នុង​ថ្ងៃ​បើក​ឆាក​សង្វៀន​ថ្មី​ វើក​ របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។​

អ៊ូច ធារិទ្ធ

ធារិទ្ធ​ ប្រើ​ពេល​ត្រឹម​៣ទឹក​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ដួល​ដៃគូ​ដែល​ជា​ជន​ជាតិ​មីយ៉ាន់ម៉ា​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​សង្វៀន​វើក។​ កីឡាករ​ Phadam​ ក៏​ដូច​ជា​ អ៊ូច​ ធារិទ្ធ​ គឺ​មិន​បាច់​ស្ទាបស្ទង់​គ្នា​ច្រើន​នោះ​ឡើយ​ គឺ​បើក​ឆាក​ប្រយុទ្ធ​ខ្លាំង​ៗ​តែ​ម្ដង​ កណ្ដាប់ដៃ​ទៅ​មក​ និង​ទាត់​ក្រោម​ផង​ លើ​ផង​មិន​ញញើត​គ្នា​បន្តិច។​ កូន​សិស្ស​លោក​ ធី​ ណារិទ្ធ​ ខាង​លើ​នេះ​ ហាក់​ធន់​និង​ស្នៀត​របស់​ដៃគូ​ជាង​ ត្រូវ​ច្រើន​នៅ​តែ​ដើរ​បុក​ចូល​ ហើយ​ទាត់​កីឡាករ​មីយ៉ាន់ម៉ា​ឲ្យ​ឈឺ​ជើង​ អាជ្ញាកណ្ដាល​រាប់​នៅ​ចុង​ទឹក​ទី២​ម្ដង។​ ឈាន​ដល់​ទឹក​ទី៣​ ធារិទ្ធ​ បន្ត​ទាត់ជើង​អ្នក​ប្រដាល់​ Phadam​ រហូត​អាជ្ញាកណ្ដាល​រាប់​ពាក់​កណ្ដាល​ទឹក​ទី៣​ម្ដង​ទៀត​ ក្រោយមក​ទៀត​ក៏​សម្រេច​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹកនេះ​តែ​ម្ដង​ទៅ​ ព្រោះ​ឃើញ​កីឡាករ​មីយ៉ាន់ម៉ា​ ឈឺ​ខ្លាំង​មិន​អាច​ប្រកួត​បាន​ទៀត​ទេ។​

អ៊ូច ធារិទ្ធ ឈ្នះម្សិលមិញ

ចំណែក​លោក​ នាង​ ស៊ីវុត្ថា​ អ្នក​គ្រប់គ្រង​ប្រដាល់​នៅ​សង្វៀន​បាយ័ន​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​កម្មវិធី​នោះ​ថា​ លោក​អរគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​វើក​ ដែល​មក​ចូលរួម​ក៏​ដូច​ជា​សហការ​ជា​មួយ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ជា​ថ្មី​ ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​ប្រដាល់​ឲ្យ​កាន់​តែ​រីកចម្រើន។​ ការ​សហការ​បង្កើត​សង្វៀន​នេះ​ឡើយ​ វា​បាន​ជួយ​ដល់​ជីវភាព​កីឡាករ​ និង​ជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍន៍​ធនធាន​ដើម្បី​ត្រៀម​នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ផង​ដែរ។​

លោក នាង ស៊ីវុត្ថា

អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​របស់​បាយ័ន​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ខាង​ស្ថានីយ​ រួម​ទាំង​សហព័ន្ធ​ នឹង​ខំប្រឹង​ប្រែង​រៀបចំ​ការ​ប្រកួត​ឲ្យ​បាន​ល្អ​ និង​ជក់ចិត្ត​បំផុត។​ ឯកឧត្ដម​ តែម​ ម៉ឺន​ ក៏​បាន​បញ្ជាក់​ដល់​មន្រ្តី​សហព័ន្ធ​នានា​ផង​ដែរ​ថា​ ត្រូវ​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​ខ្លួន​ ហើយ​សហការ​ជា​មួយ​ខាង​ស្ថានីយ​រួម​ និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ឲ្យ​បាន​ល្អ​ផង​ដែរ។​

សន្និសីទសារព័ត៌មានម្សិលមិញ

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​វើក​សង្វៀន​គុន​ខ្មែរ​ របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នេះ​ បើក​ឆាក​សប្ដាហ៍​ទី១​របស់​ខ្លួន​ហើយ ​នា​ល្ងាច​ម៉ោង​៦​ម្សិលមិញ​នេះ​នៅ​ស្ទឹង​មាន​ជ័យ។​ សង្វៀន​ថ្មី​នេះ​ប្រកួត​រៀងរាល់​ល្ងាច​ថ្ងៃ​សៅរ៍​នៅ​ស្ទឹង​មាន​ជ័យ។​ អ៊ូច​ ធារិទ្ធ​ ឈ្នះ​មីយ៉ាន់ម៉ា​ ទឹក​ទី៣​ ឡុង​ សុភី ចាញ់​ពិន្ទុ​ថៃ​ ខណៈ​ ជ័រ​ ពៅ​ ឈ្នះ​ សូត្រ​ ខេវិន​ ទឹក​ទី៣៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​